អានតួអត្ថបទ
កម្ពុជា-សង្គម

៣​ថ្ងៃមុន​ការប្រឡង​បាក់ឌុប​ ក្រសួង​អប់រំ​បាន​ត្រៀម​ស្ទើររួចរាល់​ទាំងស្រុង​ហើយ

ក្រសួងអប់រំ​ យុវជន​ និង​កីឡា ​នៅថ្ងៃទី២ ​ខែធ្នូ ​ឆ្នាំ២០២២​នេះ ​បាន​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ហឹបវិញ្ញាសា ​ទៅកាន់​បណ្ដារាជធានី-​ខេត្ត ​ទាំង២៥​ទូទាំង​ប្រទេស​ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះទូទៅ ​និង​បំពេញវិជ្ជា​ ឬបាក់ឌុប​ ដែល​ប្រព្រឹត្តិទៅ​នៅថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០២២​ខាងមុខ។​ មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់​រំ​ បញ្ជាក់ថា ​ការប្រឡង​បាក់ឌុប​នៅឆ្នាំនេះ ​នឹង​ប្រព្រឹត្ត​ទៅតាម​គោលការណ៍​ច្បាប់​យ៉ាងម៉ឺងម៉ាត់។​

ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមដឹកជញ្ជូនហឹបវិញ្ញាសា ទៅកាន់បណ្ដារាជធានី-ខេត្ត ទាំង២៥ទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមដឹកជញ្ជូនហឹបវិញ្ញាសា ទៅកាន់បណ្ដារាជធានី-ខេត្ត ទាំង២៥ទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុប © FB
ផ្សាយពាណិជ្ជកម្ម

លោក រស់ សុវាចា អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី ២ ខែធ្នូនេះថា ក្រសួងអប់រំបានចាប់ផ្ដើមដឹកហឹបវិញ្ញាសារពីទីតាំងមានសុវត្ថិភាពនៅភ្នំពេញ ទៅកាន់គោលដៅដែលមានសុវត្ថិភាពដូចជាសាលាខេត្តទាំង២៥រាជធានី-ខេត្ត ហើយអាជ្ញាធរខេត្តជាអ្នកទទួលបន្ទុកក្នុងការរក្សាសុវត្ថិភាពវិញ្ញាសារទាំងនេះ។

ក្រសួងអប់រំនៅតែបន្តអនុវត្តគោលការណ៍ទាំង៤ យ៉ាងម៉ឺងម៉ាត់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលរួមមានគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដើម្បីឆ្លុះបញ្ចាំងពីលទ្ធផលដែលសមស្របតាមការប្រឹងប្រែងរបស់បេក្ខជនប្រឡង។ នេះបើតាមលោក រស់ សុវាចា។

អ្នកនាំពាក្យក្រសួងអប់រំរូបនេះឱ្យដឹងថា ក្រសួងនៅតែបន្តអនុវត្តវិធានការសុខាភិបាលក្នុងការទប់ស្កាត់កូវីដ-១៩ ដែលជាអាទិភាពក្នុងការធានាសុវត្ថិភាពដល់បេក្ខជនប្រឡង បុគ្គលិកអប់រំ និងភាគីពាក់ព័ន្ធទាំងអស់។ ចំពោះបេក្ខជនដែលវិជ្ជមានកូវីដ-១៩ នឹងត្រូវបានអនុញ្ញាតឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក​។

សូមរំលឹក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ដែលជាការប្រឡងសំណេរ នឹងប្រព្រឹត្តទៅចំនួន ២ថ្ងៃ គឺពីថ្ងៃទី៥ ដល់ទី៦ ខែធ្នូខាងមុខ។ ចំណែកដំណើរការកំណែនឹងចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤។ រីឯការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ធ្នូ។ ចំពោះការប្រកាសលទ្ធផល ក្រសួងអប់រំ បានកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ឌលប្រឡងនៅភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ប្រកាសលទ្ធផលបាក់ឌុបសម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ នេះបើតាមក្រសួងអប់រំ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៤នាក់។ បណ្ឌលប្រឡងសរុបមានចំនួន ២២១មណ្ឌល ដែលមាន ៥១៧៤បន្ទប់ ហើយក្នុងបន្ទប់នីមួយៗនឹងមានបេក្ខជនប្រឡង ២៥នាក់។

គួរជម្រាបជូនថា នេះគឺជាលើកទី២ ដែលក្រសួងអប់រំរៀបចំការប្រឡងបាក់ឌុបក្នុងបរិបទកូវីដ-១៩។ ដោយឡែកការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ កាលពី ២៧ ធ្នូ ២០២១ កន្លងទៅ មានបេក្ខជនប្រឡងសរុបចំនួន ១១៤ ១៨៧នាក់ ក្នុងនោះមានបេក្ខជនចំនួន ៧២ ០១៦នាក់ បានប្រឡងជាប់។ ក្នុងចំណោមបេក្ខជនប្រឡងជាប់ មានសិស្សទទួលបាននិទ្ទេស A សរុបចំនួន ១៧៥៣នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ