អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋត្រៀមចាយលុយ៣១លានដុល្លារដើម្បីអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងវិបត្តិទំនិញឡើងថ្លៃ

ដ្ឋាភិបាល​ត្រៀម​ចាយ​លុយ​ជាង​៣០លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ទំនិញ​ឡើង​ថ្លៃ ​ឬ​អតិផរណា។ ​នេះ​បើ​តាម​លោក ​សំហេង បុរស ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ ដែល​បាន​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ «យន្តការ​ និង​នីតិវិធី​នៃ​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ»​ នៅ​ថ្ងៃ​សៅរ៍ទី១០​ធ្នូនេះ។​

ប្រជាពលរដ្ឋទៅទទួលសាច់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល
ប្រជាពលរដ្ឋទៅទទួលសាច់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល © Internet
ផ្សាយពាណិជ្ជកម្ម

ដោយសារសេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិ និងរងផលជះពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទើបរដ្ឋាភិបាលសម្រេចអន្តរាគមន៍គាំពារសង្គមដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណាពេលនេះ។ នៅក្នុងសន្និសីទសារព័តមាននៅថ្ងៃសៅរ៍នេះ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនិតីសម្បទា បញ្ជាក់ថា ទឹកប្រាក់ដែលរដ្ឋនឹងចាយចំនួន៣១លានដុល្លារអាមេរិក គឺសម្រាប់ជួយដល់ប្រជាពលរដ្ឋប្រមាណជាង៣៥ម៉ឺនគ្រួសារ ឬជាង១លាននាក់ ដែលរងផលប៉ះពាល់ផ្នែកជីវភាព ដោយសារតែទំនិញលើទីផ្សារឡើងថ្លៃ។

បើតាមសេចក្តីប្រកាស គឺក្នុងមួយគ្រួសារនឹងទទួលបានទឹកប្រាក់ចំនួន ៩៩ ៩០០រៀលសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ។ ដោយឡែកនៅទីប្រជុំជន គឺចំនួន ៨៧ ៣០០រៀល ខណៈដែលតាមទីជនបទ គឺប្រជាពលរដ្ឋអាចទទួលបានសាច់ប្រាក់ចំនួន ៨១៣០០រៀល។

ការអន្តរាគមន៍របស់រដ្ឋាភិបាលពេលនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទស្តីពី ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២ ថាដ្ឋ​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រដែល​រង​គ្រោះ​ដោយ​សារ​វិបត្តិ​កូវីដ​១៩ និង​ដាក់​ចេញ​នូវ​យន្ត​ការ​ថ្មី​ក្នុង​ការ​សម្រួល​សម្ពាធ​អតិផរណា ​ដែលប៉ះពាល់សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ និង​បញ្ហា​សង្គ្រាម​រុ​ស្សី និងអ៊ុយក្រែន ដែល​បណ្តាលឱ្យ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​កើន​ឡើង។

បើតាមលោក ហ៊ុន សែន ការអន្តរាគមន៍នេះមិន​មែន​ជា​ការ​ប៉ាវ​ចិញ្ចឹមប្រជា​ពល​រដ្ឋ​ឡើយ ប៉ុន្តែធ្វើ​ដើម្បីកុំ​ប្រជា​ពល​រដ្ឋធ្លាក់​ទៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។

នៅចំពោះមុខនៃការដាក់ឲ្យប្រជាពលរដ្ឋអាចទទួលបានសាច់ប្រាក់ពេលនេះ លោក សំហេង បុរស បានអះអាងថា យន្តការរបស់រដ្ឋាភិបាលបានធ្វើឡើងដោយតម្លាភាព មានភាពម៉ត់ចត់ និងមិនមានបក្សពួកណាមួយឡើយ។ ការអះអាងនេះ ក៏ជាការឆ្លើយតបទៅនឹងបញ្ហាមិនប្រក្រតីមួយចំនួន ដែលធ្លាប់កើតមានកន្លងមកទៅ ថាសកម្មភាពផ្តល់សាច់ប្រាក់ជូនពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ធ្វើឡើងតាមរយៈការគុបគិតរបស់មេឃុំ-ចៅសង្កាត់ និងការកិបកេងសាច់ប្រាក់មិនផ្តល់ឲ្យប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រៅពីការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលរងវិបត្តិអតិផរណា រដ្ឋាភិបាលក៏បានអន្តរាគមន៍ផ្តល់ជាជំនួយសាច់ប្រាក់ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ១៩ និងគ្រោះទឹកជំនន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ