អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

របាយការណ៍៖​ អតិផរណា​កម្ពុជា​នឹង​ថយចុះ​មក​ត្រឹម ​៣ភាគរយ​ក្នុង​ឆ្នាំ​២០២៣

ដោយសារ​តែ​ការ​ថមថយ​ចុះនៃ​តម្លៃ​ប្រេង​ឥន្ធនៈ​សកល​ អតិផរណា​នៅ​កម្ពុជា​នឹង​ធ្លាក់​ចុះពី​ ៥.៣ភាគរយ​ក្នុង​ឆ្នាំ២០២២​ មក​៣ភាគរយ​នាឆ្នាំ​២០២៣​ខាងមុខនេះ។​ នេះ​បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​មួយ​របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន+៣​ (AMRO)​ ចេញ​ផ្សាយ​ កាល​ពីថ្ងៃទី២១​ ខែធ្នូ។​ ស្ថាប័ន​មួយនេះ​ក៏បាន​ព្យាករ​ថា​កម្ពុជា​នឹង​មាន​កំណើន​ ៥.៤ភាគរយ​នៅក្នុង​ឆ្នាំ២០២៣។​

ខេត្តព្រះសីហនុ (រូបតំណាង)
ខេត្តព្រះសីហនុ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ការកើនឡើងនៃតម្លៃថាមពលពិភពលោកនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ដោយឥទ្ធិពលនៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានបណ្តាលឱ្យអតិផរណានៅកម្ពុជាកើនឡើងដល់កម្រិត ៧.៨ភាគរយនៅក្នុងខែមិថុនា។ អតិផរណាក៏បានធ្លាក់ចុះមកនៅត្រឹម ៤.៩ភាគរយនៅក្នុងខែសីហា ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងព្រោះតែភាពអាប់អួរនៃសេដ្ឋកិច្ចសាកល។ នេះបើតាមរបាយការណ៍ពិគ្រោះប្រចាំឆ្នាំស្តីពីកម្ពុជានៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍នេះព្យាករថាជាមួយតម្លៃប្រេងពិភពលោក ដែលរំពឹងថានឹងបន្តធ្លាក់ចុះ អតិផរណាកម្ពុជានឹងធ្លាក់ចុះពី ៥.៣ភាគរយនៅឆ្នាំ ២០២២ មក ៣ភាគរយនៅឆ្នាំ២០២៣។

សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញបន្តិចម្តងៗដោយកំណើន ៥ភាគរយនៅឆ្នាំ២០២២ និង ៥.៤ភាគរយនៅឆ្នាំ២០២៣។ នេះបើតាមAMRO ដោយបញ្ជាក់ទៀតថាសេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ គាំទ្រដោយវិស័យទេសចរណ៍ដែលទើបងើបឡើងវិញ និងប្រក្រតីភាពនៃសកម្មភាពក្នុងប្រទេសក្រោយកូវីដ១៩។ ខណៈដែលកម្ពុជាប្រឈមនឹងក្នុងវិស័យផលិតកម្ម ដោយ​ការ​ធ្លាក់​ចុះសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុប នៅ​ឆមាស​ទីពីរ​នៃ​ឆ្នាំ​២០២២។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៣ ខែធ្នូថា ចំពោះអត្រាអតិផរណា និងកំណើនសេដ្ឋកិច្ចកម្ពុជា គឺរដ្ឋាភិបាលបានព្យាយាមកាត់បន្ថយតម្លៃប្រេងឥន្ធនៈ បន្ថយតម្លៃអគ្គិសនី និងជួយដល់ជនក្រីក្រ តាមរយៈការឧបត្ថមជាសាច់ប្រាក់ជាដើម។

សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ លោក គី សេរីវឌ្ឍន៍ បានស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងបំផុតលើវិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យយុទ្ធសាស្ត្ររបស់ប្រទេស ឲ្យមានភាពរឹងមាំធន់នឹងវិបត្តិ។ បើតាមលោក គី សេរីវឌ្ឍន៍ កាលពីឆ្នាំ២០១៩កន្លងទៅ សេដ្ឋកិច្ចរបស់កម្ពុជាកើនឡើងខ្លាំងដោយសារតែវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យ​ ប៉ុន្តែវិស័យទាំងបីនេះ ក៏បានធ្វើឲ្យកម្ពុជារងគ្រោះវិញ នៅពេលមានកូវីដ១៩។ ដូច្នេះនៅពេលមានវិបត្តិ វិស័យដែលធ្វើឲ្យកម្ពុជារឹងមាំ គឺវិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យម ហើយវិស័យកាត់ដេរក៏រឹងមាំក្នុងរយៈពេលនេះដែរ ប៉ុន្តែអាចប្រឈមនឹងហានិភ័យនៅពេលប្រទេសផ្សេងទៀត បើកដំណើរការឡើងវិញ។

ក្នុងរបាយការណ៍នោះ AMROបញ្ជាក់ថា កម្ពុជា​បានគ្រប់គ្រងការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​បាន​យ៉ាង​ល្អ។ ក្រៅពីការចាក់វ៉ាក់សាំងបានរហ័ស វិធានការរបស់រដ្ឋាភិបាលបានកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច និងការពារគ្រួសារកម្ពុជាមិនឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមថ្មីៗកំពុងសាកល្បងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសលក្ខខណ្ឌហិរញ្ញវត្ថុសកលកាន់តែតឹងតែង សម្ពាធអតិផរណាខ្ពស់ និងកំណើនសេដ្ឋកិច្ចពិភពលោកយឺតជាដើម។

គួរជម្រាបថាការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) គឺជាស្ថាប័នអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃតំបន់អាស៊ាន+៣ ដែលមានសមាជិកចំនួន១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងប្រទេសចិន ជប៉ុន និងកូរ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ