អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

វិបត្តិ​កូវីដ១៩៖​ រដ្ឋ​ផ្ដល់​ជំនួយ​ជាសាច់ប្រាក់​ជិត​ ៩០០លាន​ដុល្លារ​ជូន​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់

គិត​មក​ទល់​ពេលនេះ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា ​បាន​ផ្ដល់​ជំនួយ​ជាសាច់​ប្រាក់​ប្រមាណ​ជិត​ ៩០០លាន​ដុល្លារ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺកូវីដ១៩។​ សាច់​ប្រាក់​ខាងលើនេះ ​មិន​ទាន់​រាប់​បញ្ចូល​ទាំងការ​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ទឹកជំនន់​ និង​រងផល​ប៉ះពាល់​ដោយ​សារ​អតិផរណា​ឡើយ។​ 

គ្រួសារ​មួយ​ពាក់​ម៉ាស់​ការពារ​ជាន​ពី​ជំងឺ​កូវីដ១៩ ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
គ្រួសារ​មួយ​ពាក់​ម៉ាស់​ការពារ​ជាន​ពី​ជំងឺ​កូវីដ១៩ ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

 

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា សាច់ប្រាក់ជិត ៩០០លានដុល្លារនេះ រដ្ឋាភិបាលបានជួយទៅពលរដ្ឋដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ​១៩ ប្រមាណជា ៧០ម៉ឺននាក់។ ក្រៅពីជួយពលរដ្ឋដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ រដ្ឋាភិបាល ក៏បន្តជួយទៅលើប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងផលប៉ះពាល់ដោយ​សារបញ្ហាអតិផរណាឡើងថ្លៃផងដែរ ខណៈជំនួយទាំងនេះនៅតែបន្តធ្វើ មិនទាន់ចប់នៅឡើយទេ។ នេះបើតាមលោក វង សូត។

សម្រាប់ជំនួយឧបត្ថម្ភទៅលើគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងមួយគ្រួសារទទួលបាន ៨ម៉ឺនរៀល សមាជិកគ្រួសារក្នុងម្នាក់ទទួលបាន ១៦ ០០០រៀល កុមារអាយុ ០-៥ឆ្នាំក្នុងម្នាក់ទទួលបាន ១៦ ០០០រៀល ជនមានពិការភាពក្នុងម្នាក់ទទួលបាន ១៦ ០០០រៀល និងមនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅក្នុងម្នាក់ទទួលបាន ១៦ ០០០រៀល។ ជំនួយឧបត្ថម្ភនេះបើកផ្ដល់ជូនចំនួន ៣ដង ដោយលើកទី១ នៅខែធ្នូកន្លងទៅនេះ លើកទី២ នៅខែមករានេះ និងលើកទី៣ នៅខែកុម្ភៈ។ គ្រួសារដែលទទួលជំនួយនេះមានជិត ១០ម៉ឺនគ្រួសារ អស់ទឹកប្រាក់ជិត ៤លានដុល្លារ។

ចំណែកគ្រួសារដែលរងផលប៉ះពាល់ដោយសារអតិផរណាឡើងថ្លៃវិញ ក៏ទទួលបានជំនួយឧបត្ថម្ភពីរដ្ឋចំនួន៣លើកដូចគ្នា ដោយនៅរាជធានីភ្នំពេញក្នុងមួយគ្រួសារសមាជិកទី១ ទទួលបានជិត ១០ម៉ឺនរៀល សមាជិកបន្ទាប់ម្នាក់ទទួលបានជិត ៣ម៉ឺនរៀល។ សម្រាប់គ្រួសារនៅតាមទីប្រជុំជនវិញ សមាជិកទី១ទទួលបាន ៨៧ ៣០០រៀល សមាជិកបន្ទាប់ម្នាក់ទទួលបាន ២៤ ០០០រៀល និងសម្រាប់គ្រួសារនៅជនបទសមាជិកទី១ ទទួលបានជាង ៨ម៉ឺនរៀល និងសមាជិកបន្ទាប់ម្នាក់ទទួលបាន ២ម៉ឺនរៀល ដោយការបើកប្រាក់លើកទី១ នៅថ្ងៃទី១០ខែធ្នូកន្លងទៅនេះ លើកទី២ នៅថ្ងៃ១០ខែមេសា និងលើកទី៣ នៅថ្ងៃទី១០ខែកក្កដា។

គ្រួសារដែលរងផលប៉ះពាល់ដោយសារអតិផរណានេះ មានប្រមាណជាង ២៦ម៉ឺនគ្រួ​សារ ដែលជំនួយទឹកប្រាក់សរុបប្រហែលជាង ៩លានដុល្លារ។ ជំនួយទាំងនេះសាច់ប្រាក់ គឺទម្លាក់តាមធនាគារវីង ដើម្បីឲ្យ​ពលរដ្ឋដែលទទួលបានជំនួយនេះ ទៅបើកប្រាក់ដោយខ្លួនឯង។

បើតាមលោក វង សូត នេះជាជោគជ័យមួយសម្រាប់រាជរដ្ឋាភិបាលក្នុងការផ្ដល់សាច់ប្រាក់ឧបត្ថម្ភទៅដល់គ្រួសាររងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ គ្រោះទឹកជំនន់ និងអតិផរណា។ លោក វង សូត បានបញ្ជាក់ថា នៅមាន១០ម៉ឺនគ្រួសារទៀត បាននិងកំពុងសម្ភាសដើម្បីទទួលបានជំនួយពីផលប៉ះពាល់ដោយ​សារតែអតិផរណាឡើងថ្លៃនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ