អានតួអត្ថបទ
កម្ពុជា-ច្បាប់់

អ្នក​ឃ្លាំ​មើល​ចង់​ឃើញ​នីតិ​វិធី​នៃ​ការ​ធ្វើ​លទ្ធ​កម្ម​សា​ធា​រណៈ​ត្រូវ​បាន​អនុវត្ត​បាន​ពេញ​លេញ

អ្នក​ឃ្លាំ​មើល​បញ្ហា​តម្លា​ភាព​ចង់​ឃើញ ​មាន​ការ​អនុ​វត្តន៍​ពេញ​លេញ​នូវ​នីតិ​វិធី​នៃ​ការ​ធ្វើ​លទ្ធកម្ម​សា​ធារណៈ​លើ​គម្រោង​របស់​ជាតិ​សំខាន់ៗ​ដែល​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ម៉ៅការ​ជួស ជុល ឬ សាង​សង់​។​ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋសភា​គ្រោង​អនុម័ត​«​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធកម្ម​សា​ធារណៈ»​នៅ​ថ្ងៃ​ស្អែក​នេះ​។​ 

ការជួសជុលផ្លូវថ្នល់
ការជួសជុលផ្លូវថ្នល់ © Internet
ផ្សាយពាណិជ្ជកម្ម

​សេចក្តីព្រាងច្បាប់​ស្តីពី​លទ្ធកម្ម​សាធារណៈ​មាន​គោលបំណង​ធានាបាន​នូវ​ភាពជឿ​ទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និង​ការ​សន្សំសំចៃ ព្រមទាំង​ស្របតាម​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ ដោយ​ប្រែក្លាយ​តួនាទី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅជា​និយ័ត​ករ និង​ជា​អ្នកធ្វើ​សវនកម្ម​លើ​កិច្ចលទ្ធកម្ម​។​

​សេចក្តីព្រាងច្បាប់​នេះ បានកំណត់​គោលការណ៍​អំពី​មុខងារ​និង​ការទទួលខុសត្រូវ​ឱ្យដាច់​ពីគ្នា​រវាង​ស្ថាប័ន​គ្រប់គ្រង​លទ្ធកម្ម និង​ស្ថាប័ន​អនុវត្ត​លទ្ធកម្ម ការផ្ទេរសិទ្ធិ​អំណាច​និង​ការទទួលខុសត្រូវ​លើ​កិច្ចលទ្ធកម្ម​ជូន​ស្ថាប័ន​អនុវត្ត ការពង្រឹង និង​កែលម្អ​យន្តការ​នៃ​ការទទួល​និង​ដោះស្រាយ​ពាក្យ​បណ្ដឹងតវ៉ា​លទ្ធកម្ម​ឱ្យមាន​ឯករាជ្យ និង​ការបង្កើតឱ្យមាន​របប​ដាក់ទោស​ទណ្ឌ​។​

​លោក សន ជ័យ នាយកអង្គការ​សម្ព័ន្ធគណនេយ្យភាពសង្គម​កម្ពុជា ចង់​ឃើញ មាន​ការ​អនុវត្តន៍​ពេញ​លេញ​នូវ​នីតិវិធី​នៃការ​ធ្វើ​លទ្ធកម្ម​សាធារណៈ​លើ​គម្រោង​របស់​ជាតិ​សំខាន់ៗ​ ដូចជា ការ​ស្ថានាផ្លូវ​ថ្នល់ ដែល​ផ្តល់​សិទ្ធិ​ទៅឲ្យ​ក្រុម​ហ៊ុន​ឯកជន​ម៉ៅការជួសជុល ឬសាងសង់។

បើតាមអ្នក​ឃ្លាំមើល​សង្គម​រូបនេះ ការ​បើក​ចំហព័ត៌មាន​ទាក់ទង​នឹង​ការ​ធ្វើ​លទ្ធកម្ម​សាធារណៈ​គួរតែ​ត្រូវបាន​បើក​ទូលាយ​ដោយគ្មានការ​លាក់លៀម ពិសេស​ ការចំណាយ​ថវិកា និងការធានាគុណភាព។

សូមបញ្ជាក់ថា ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ​នេះមានតាំងពីឆ្នាំ២០១២រួចហើយ តែលោក មាស សុខសេនសាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច ពន្យល់ថា សេចក្តីព្រាងច្បាប់ថ្មី​គឺបំពេញបន្ថែមលើ​ច្បាប់​ចាស់ឲ្យ​ស្របតាម​ស្តង់ដាអន្តរជាតិ និង​បាន​ផ្តល់​សិទ្ធិអំណាចច្រើនជាងមុនដល់​ក្រសួង​សេដ្ឋកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ការ​ងារ​លទ្ធកម្មនេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ