អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងការបរទេស៖ កម្ពុជាបានស្នើឱ្យថៃឈប់ដាក់ខ្នោះច្រវ៉ាក់ពលករខ្មែរដែលឆ្លងដែនចូលប្រទេសថៃខុសច្បាប់តទៅទៀត

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ រូបភាព​ពលករ​ជាប់​ខ្នោះ​ច្រវ៉ាក់​ដែល​បង្ហោះ​នៅ​បណ្តាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ​ គឺ​ពិត​ជា​ពលករ​ខ្មែរ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​ បន្ទាប់​ពី​ពួក​គេ​​បាន​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រទេស​​ថៃ។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ​លោក​ អាន សុឃឿន​ យល់​ថា​ ការ​ដាក់​ខ្នោះ​ច្រវ៉ាក់ ​ពលករ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់​របស់​អាជ្ញាធរ​ថៃ​បែប​នេះ ​ជា​រូបភាព​មិន​សមរម្យ​ព្រោះ​ពលករ​ខ្មែរ​មិន​មែន​ជា​ឧក្រិដ្ឋជន​ឡើយ​។​

ពលករខ្មែរ
ពលករខ្មែរ © Internet
ផ្សាយពាណិជ្ជកម្ម

រូបភាពពលករខ្មែរ មានប្រុសមាន​ស្រី ដែលដៃទាំងសងខាង​កំពុងជាប់ខ្នោះច្រវ៉ាក់ចងផ្អឹប​ជុំ​គ្នានៅក្នុងឡាន លើបណ្តាញសង្គម នាប៉ុន្មានថ្ងៃ​ចុងក្រោយនេះ គឺជាពលករខ្មែរដែលត្រូវបាន​អាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីពួកគេ​​បានឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ នៅតំបន់ណាត្រាត ខេត្តសាមុតប្រាកាន។ តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៣ អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុឃឿន បញ្ជាក់ថា ​អាជ្ញាធរថៃបាន​ចាប់ដាក់ខ្នោះ​ច្រវ៉ាក់ពលករខ្មែរចំនួន១៤នាក់នោះ ដោយសារបារម្ភខ្លាចពួកគេរត់គេចខ្លួន។ ​

ដ្បិតថានៅពេលនេះ ពលករខ្មែរទាំងជាង១០នាក់​​នោះ ត្រូវបានអាជ្ញាធរថៃដោះខ្នោះច្រវ៉ាក់ចេញវិញ នៅ​ពេលដល់នៅមន្ទីរឃុំឃាំងបាងកែវ ក្រុងបាងកក រួច​ហើយក៏ពិតមែន ប៉ុន្តែក្រសួងការបរទេសកម្ពុជា យល់ថា ការដាក់ខ្នោះច្រវ៉ាក់បែបនេះ ចំពោះ​ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់របស់អាជ្ញាធរថៃ គឺ​ជារូបភាពមិនសមរម្យ ព្រោះពលករខ្មែរមិនមែនជាឧក្រិដ្ឋជនឡើយ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើឱ្យថៃ បញ្ឈប់ការ​ដាក់ខ្នោះច្រវ៉ាក់ពលករខ្មែរ ដែលឆ្លងដែនចូលប្រទេសថៃខុសច្បាប់បែបនេះ​​តទៅទៀត។

ទន្ទឹមគ្នានេះដែរ​ អ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ​បានលើកសំណើទៅកាន់ក្រសួងការបរទេសថៃ ដើម្បីស្នើសុំឱ្យជួយសម្របសម្រួលជាមួយតម្រួតអន្តោប្រវេសន៍ថៃបន្ថែមទៀត ដើម្បី​ជួយពន្លឿនការដោះលែងពលករទាំង១៤នាក់ខាងលើ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បើ​តាម លោក អាន សុឃឿន អ្នកនាំពាក្យក្រសួងការបរទេស អាជ្ញាធរថៃនឹងបញ្ជូនពលករខាងលើត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយការសួរនាំនិងបំពេញសំណុំឯកសារ ចប់សព្វគ្រប់។

គួរជម្រាបថា ​ ពលករ​អន្តោប្រវេសន៍ខ្មែរ​ ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ ឬពលករ​ខុសច្បាប់ ​នៅតែព្យាយាម​ចូលទៅក្នុង​ប្រទេសថៃ ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ជារៀងរាល់ថ្ងៃ​។​ របាយការណ៍​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា ត្រឹម​ដំណាច់ឆ្នាំ​២០២២ មាន​ពលករខ្មែរ​​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេសសរុប​ជាង ១​លាន​៣​សែន​នាក់ ក្នុង​នោះ​ប្រទេស​ថៃ មាន​ចំនួន​ជាង ១​លាន​២​សែន​នាក់​។ ចំណែក​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ (Central) រក​ឃើញ​ថា ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​មិន​ស្របច្បាប់​មាន​ជាង​ពីរ​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ