អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ខួប១០ឆ្នាំ៖ លោក ហ៊ុន សែន រម្លឹក៣ចំណុចដែលកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន

ដោយផ្តោតទៅលើខួប៦៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា និងខួប១០ឆ្នាំ នៃការអនុវត្តន៍កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទនេះ បានថ្លែងលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់លោកធ្វើការជាមួយចិនរហូតក្លាយជាមិត្តភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីហេតុផលចំនួន៣ចំណុច ដែលកម្ពុជាបានចុះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវរបស់ចិន(Belt and Road Initiative)ផងដែរ។ 

ខ្សែក្រវាត់ និងផ្លូវរបស់ចិន(Belt and Road Initiative)
ខ្សែក្រវាត់ និងផ្លូវរបស់ចិន(Belt and Road Initiative) © Internet
ផ្សាយពាណិជ្ជកម្ម

ចំណុចទាំង៣ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាន់យកធ្វើជាហេតុផលដែលត្រូវចូលរួមជាមួយកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិននោះគឺ ទី១ រាល់គំនិតផ្តួចផ្តើមទាំងអស់ត្រូវតែបំរើឲ្យសន្តិភាព និងការអភិវឌ្ឍន៍។ ទី២ គឺមិនត្រូវប្រឆាំងជាមួយនឹងប្រទេសណាផ្សេង និងទី៣ ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។​ លោកថាចំណុចទាំង៣នេះ គឺជាគោលការណ៍ធំៗនៃគោលនយោបាយការបរទេសរបស់កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ក៏បានបង្ហាញដែរថាការគាំទ្ររបស់កម្ពុជាដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលដឹកនាំដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានផ្តល់ផលប្រយោជន៍ដល់កម្ពុជាជាច្រើនដូចជាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាដែលត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែរ ពោលគឺចិនបានជួយសាងសង់ស្តាត ដែលបំរើដល់កម្មវិធីបើក និងបិទកីឡាស៊ីហ្គេមប្រកបដោយជោគជ័យ។

បន្ថែមពីនេះ លោក ហ៊ុន សែន ក៏បានរំលេចផងដែរនូវជំនួយរបស់ចិនដែលកើតចេញពីគំនិតផ្តួចផ្តើមនៃខ្សែក្រវាត់ និងផ្លូវ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះស៊ីហនុ ព្រលានយន្តហោះខេត្តសៀមរាប គំរោងតភា្ជប់ខ្សែកាបក្រោមទឹកកំពង់សោម-ហុងកុង។ ក្រៅពីនេះមានផ្លូវថ្នល់រាប់ពាន់គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេសេកុងជាដើម។

សូមបញ្ជាក់ថាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមានប្រទេសចំនួន១៥០ និងអង្គការអន្តរជាតិចំនួន៣២ ចូលរួមនេះ ប្រទេសចិនបានទំលាក់ថវិកាចំនួន៣០ពាន់លានដុល្លារ ហើយកម្ពុជាក៏ទទួលបានផលពីថវិការបស់ចិននេះផងដែរ។ នេះបើតាមលោក ហ៊ុន សែន។

ការគាំទ្រគំនិតផ្តួចផ្តើមផ្លូវ១ខ្សែក្រវាត់១របស់ចិនពីសំណាក់កម្ពុជាក៏រងនូវការរិះគន់ផងដែរ ពីសំណាក់អ្នកនយោបាយដែលមិនមាននិន្នាការចិន និងប្រទេសលោកខាងលិចថាកម្ពុជាលម្អៀងទៅរកចិន។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា តែងអះអាងជាញឹកញាប់ថា កម្ពុជាប្រកាន់ជំហរនយោបាយអព្យាក្រិត្យរវាងប្រទេសមហាអំណាចទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ