អានតួអត្ថបទ
កម្ពុជា-នយោបាយ

ថៃថាគ្មានបក្សនយោបាយណាមួយមានគោលនយោបាយបញ្ជូនពលករចំណាកស្រុកដែលអះអាងដោយនាយករដ្ឋមន្រ្តីកម្ពុជាឡើយ

គ្មានគណបក្សនយោបាយណាមួយនៅថៃ រៀបរាប់ពីគោលនយោបាយបញ្ជូនពលករចំណាកស្រុកត្រឡប់​ទៅវិញទេ ដូច្នេះការថ្លែងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ដែលថាបក្សឈ្នះឆ្នោតថ្មីរបស់ថៃ មានគម្រោងបណ្ដេញពលករកម្ពុជាចេញពីប្រទេសថៃនោះ គឺជាការអះអាងមួយដែលមិនត្រឹមត្រូវឡើយ។ នេះបើតាម​កាសែតបាងកកប៉ុស្តិ៍របស់ថៃបានចុះផ្សាយ។ ការចុះផ្សាយនេះ គឺបន្ទាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីៗនេះដែលថាគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោតនៅថៃ ចង់បណ្ដេញពលករខ្មែរ និងពលករឡាវចេញពីប្រទេសថៃ។ 

ពលករចំណាកស្រុក
ពលករចំណាកស្រុក © Internet
ផ្សាយពាណិជ្ជកម្ម

កាសែតបាងកកប៉ុស្តិ៍របស់ថៃបានផ្សាយថា ការថ្លែងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ដែលថាបក្សឈ្នះឆ្នោតថ្មីរបស់ថៃ មានគម្រោងបណ្ដេញពលករកម្ពុជាចេញពីប្រទេសថៃនោះ គឺជាការអះអាងមួយដែលមិនត្រឹមត្រូវឡើយ។ យោងតាមអត្ថបទព័ត៌មានមួយចុះកាលពីថ្ងៃទី៦មិថុនា គេមិនច្បាស់ថា ការសន្និដ្ឋានរបស់លោកហ៊ុន សែននេះ ធ្វើឡើងដោយរបៀបណាឡើយ ក៏ប៉ុន្តែកាលពីយុទ្ធនាការបោះឆ្នោត១៤ ឧសភា មិន​មានគណបក្យនយោបាយរបស់ថៃណាមួយ បានរៀបរាប់ពីគោលនយោបាយបញ្ជូនពលករចំណាកស្រុកត្រឡប់ទៅវិញទេ។

បើតាមកាសែតបាងកកប៉ុស្តិ៍ ផ្ទុយទៅវិញសេដ្ឋកិច្ចរបស់ថៃដែលកំពុងតែត្រូវបានស្ដារឡើងវិញ កំពុងបន្តជួបកង្វះខាតនៃកម្លាំងពលកម្មនេះ ក្នុងវិស័យទេសចរណ៍ និងសំណង់។ ក្រៅពីនេះរដ្ឋបាលខេត្តមួយធ្វើការងារពាក់ព័ន្ធនឹងពលករចំណាកស្រុករបស់ថៃថ្មីៗនេះ ក៏ទើបតែត្រូវបានពន្យារតទៅទៀត ដើម្បីធានាឲ្យបាននូវការបន្តគោលនយោបាយនេះអំឡុងពេលបោះឆ្នោតរហូតដល់ការរៀបចំរដ្ឋាភិបាលថ្មី នាពេល​ខាងមុខ។

សូមបញ្ជាក់ថា ការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃនេះ​ គឺបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី០៣មិថុនា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ លោកបានប្រតិកម្មទៅលើគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោតនៅប្រទេសថៃ ដែលចង់បណ្ដេញពលករខ្មែរ និងពលករឡាវចេញពីប្រទេសថៃ។ នៅពេលនោះដែរលោក ហ៊ុន សែន ក៏បានផ្តាំទៅអ្នកនយោបាយទាំងនោះសូមមើលឲ្យឆ្ងាយពីប្រទេសថៃ ព្រោះការបណ្តេញពលករបរទេសចេញ នឹងប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃខ្លួនឯងទៅវិញទេ។

លោក ហ៊ុន សែន បញ្ជាក់ថា នយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា ក៏ដូចជាកម្ពុជា។ អ្នកនយោបាយថៃគួរតែប្រុងប្រយ័ត្នចំពោះការដាក់ចេញ និងអនុវត្តនយោបាយរបស់ខ្លួននេះ។ បញ្ហានេះលោក ហ៊ុន សែន បានបញ្ជាទៅកាន់ក្រសួងការងារ និង​​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរនៅប្រទេសថៃផងដែរ។

សូមជម្រាបជូនថា បច្ចុប្បន្នពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃមានប្រមាណ ១.២លាន​នាក់ ក្នុងចំណោមពលករនៅក្រៅប្រទេស ១.៣លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ