អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ​អរគុណបក្សប្រឆាំងថៃ ចំពោះការសន្យារក្សាជំហរមិនបណ្តេញ​ពលករខ្មែរ​ចេញពីប្រទេស​ថៃ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអរគុណ​គណបក្ស កាវក្លៃ ឬ «Move Forward» ដែលបានបញ្ជាក់អំពីគោលជំហរមិនបណ្តេញ​ពលករខ្មែរចេញពីប្រទេសថៃ ប្រសិនបើគណបក្សប្រឆាំង​ថៃ​នេះ​​ឡើងទៅ​កាន់អំណាច។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨មិថុនានេះ លោក ហ៊ុន សែន នៅ​បន្ត​រក្សាភាពត្រឹមត្រូវ ដែលលោកបានបង្ហាញក្តីបារម្ភ​ជុំវិញបំណង​បណ្តេញពលករខ្មែរ​ចេញពីប្រទេសថៃរបស់គណបក្សកាវក្លៃនេះ​​។ 

ពលករ​ខ្មែរ​ចុះ​ពី​ឡាន​ថៃ ពេល​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កម្ពុជា-ថៃ នៅ​ថ្ងៃ​អង្គារ ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៤។
ពលករ​ខ្មែរ​ចុះ​ពី​ឡាន​ថៃ ពេល​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កម្ពុជា-ថៃ នៅ​ថ្ងៃ​អង្គារ ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៤។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខកម្មករ-កម្មការិនីក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី០​៨ ខែមិថុនា ឆ្នាំ​២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​​អបអរសាទរដំណឹង ស្តីពីការបន្តរក្សា​គោលនយោបាយគាំទ្រពលករ​អន្តោប្រវេសន៍នៅប្រទេសថៃរបស់គណបក្សប្រឆាំង​គឺ គណបក្ស​កាវក្លៃ ឬ «Move Forward» ដែលជាគណបក្សទទួលបានសំឡេង​បោះ​ឆ្នោតជាតិ​ច្រើន​ជាងគេ​។

លោក ហ៊ុន សែន បាន​ថ្លែងអរគុណគណបក្ស​កាវក្លៃ​ ដែលបានឆ្លើយតប​ក្តីបារម្ភរបស់លោកពាក់ព័ន្ធនឹង​ បំណងបណ្តេញចេញ​ពលករចំណាកស្រុក ​នៅពេលគណបក្សប្រឆាំងថៃនេះឡើង​កាន់អំណាច​​។ ជាក្តីបារម្ភ ដែលលោក ហ៊ុន សែន អះអាងថា លោក​ត្រូវតែ​ហ៊ាន​លើកឡើង ហ៊ានឈឺឆ្អើល​ ក្នុងនាម​ជានាយករដ្ឋមន្ត្រី ដែលនោះ ​គឺជារឿងដ៏​ត្រឹមត្រូវ។

គួររំព្ញកថា លោក ហ៊ុន សែន ក្នុងវេទិកាសាធារណៈមួយ​​កាលពីថ្ងៃទី០​៣ ខែ​មិថុនា​ ឆ្នាំ២០២៣​ ធ្លាប់បានប្រតិកម្មបង្ហាញ​ការ​មិនគាំទ្រ​ ​ចំពោះ​គោលនយោបាយរបស់គណបក្សប្រឆាំងថៃ គណ​បក្ស​កាវក្លៃ ឬ «Move Forward» ដែលចង់បណ្ដេញពលករខ្មែរ និងពលករ​ឡាវចេញពីប្រទេសថៃ។ ហើយលោក ហ៊ុន សែន ថែមទាំងបាន​​ព្រមាន​គណបក្សប្រឆាំងថៃ​ពីគោលនយោបាយនេះ​​​ និងដាក់​​បញ្ជាឱ្យ​ក្រសួងការងារ ក្រសួងស្ថាប័នរបស់កម្ពុជា​និងភាគីពាក់ព័ន្ធដទៃទៀត ត្រៀមជើងព្រួល​ដោះស្រាយបញ្ហាប្រឈម​របស់ពលករខ្មែរនៅប្រទេសថៃ​។ ​បច្ចុប្បន្ននេះ ​មាន​ពលករ​ខ្មែរ​ប្រមាណ​ ១.២លាននាក់កំពុងបម្រើការងារនៅប្រទេសថៃ ដែលជាចំនួនដ៏ច្រើនលើសលុប ក្នុងចំណោមពលករ​នៅក្រៅប្រទេសសរុបប្រមាណ​ ​១.៣លាននាក់។

ជាការឆ្លើយតប គណបក្សកាវក្លៃ ឬ « Move Forward » នៅថ្ងៃទី៧ ខែ​មិថុនា ឆ្នាំ២០២៣​ បានចេញមកបដិសេធ និងបញ្ជាក់ថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំដោយគណបក្សប្រឆាំង​ ជំនួសលោក ប្រាយុទ្ធ ចាន់អូចារ នឹងមិន​ផ្លាស់ប្តូរគោលនយោបាយបញ្ជូនពលករចំណាកស្រុកចេញពីប្រទេសថៃឡើយ​។ ផ្ទុយទៅវិញ គណបក្សកាវក្លៃ មានបំណង​បង្កើតគោលនយោបាយសម្រួល​ដល់បរិយាកាសការងារ​ពលករ​ចំណាកស្រុកឱ្យកាន់តែមានភាពងាយស្រួលជាងមុន ផ្តល់ការការពារសមរម្យ និងធានាថា​ ពលករចំណាកស្រុកគ្រប់ជាតិសាសន៍​នៅប្រទេសថៃ មិនទទួលរងការបង្ខិតបង្ខំ ឬកេងប្រវ័ញ្ចផ្សេងៗទៀត។

គួរជម្រាបបន្ថែមថា ថៃនឹងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្ត្រីថ្មីនៅខែកក្កដាខាងមុខនេះ ខណៈគណបក្ស ​កាវក្លៃ ឬ « Move Forward» ជាគណបក្ស​ប្រឆាំងទទួលសំឡេងគាំទ្រ​ច្រើនជាងគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ