អានតួអត្ថបទ
កម្ពុជា-សង្គម

អន្ទិត​ សាន​ សុជា​ ស្នើ​សុំការ​គាំទ្រ​ពីលោក​ ហ៊ុន សែន​ ក្នុងសកម្មភាពផ្សព្វផ្សាយធម៌អប់រំចិត្ត

 អន្ទិត សាន សុជា ឬលោកគ្រូ សាន សុជា បានស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយគាំទ្រដល់សកម្មភាពរបស់លោកគ្រូ ក្នុងការផ្សព្វផ្សាយនូវព្រះធម៌អប់រំចិត្តដល់ប្រជាជនកម្ពុជា។ ជំនួបរវាងលោកគ្រូ សាន សុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញនៅគេហដ្ឋានលោកនាយករដ្ឋមន្ត្រី គឺប្រមាណជិត១ខែ បន្ទាប់ពីលោកលាចាកសិក្ខាបទពីភេទជាអ្នកបួស។ 

អន្ទិត សាន សុជា ឬលោកគ្រូ សាន សុជា បានស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយគាំទ្រដល់សកម្មភាពរបស់លោកគ្រូ ក្នុងការផ្សព្វផ្សាយនូវព្រះធម៌អប់រំចិត្តដល់ប្រជាជនកម្ពុជា។
អន្ទិត សាន សុជា ឬលោកគ្រូ សាន សុជា បានស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយគាំទ្រដល់សកម្មភាពរបស់លោកគ្រូ ក្នុងការផ្សព្វផ្សាយនូវព្រះធម៌អប់រំចិត្តដល់ប្រជាជនកម្ពុជា។ © FB/SPM
ផ្សាយពាណិជ្ជកម្ម

ជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញអន្ទិត សាន សុជា ឬលោកគ្រូ សាន សុជា ទទួលបាននូវការសាទរផង និងទទួលរងនូវការរិះគន់ផង ខណៈជំនួបនេះត្រូវគេកត់សម្គាល់ថាធ្លាប់ភាគច្រើន ធ្វើឡើងក្នុងរូបភាពនយោបាយ ជាពិសេសអំឡុងពេលដែលមានភាពតានតឹងនយោបាយមុនការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ ២០២៣នេះ។

តាមរយៈទំព័រហ្វេសប៊ុករបស់លោក លោកគ្រូ សាន សុជា បានសរសេររៀបរាប់ថាអ្នកដែលជ្រះថ្លានឹងព្រះធម៌ ដែលលោកបានបង្រៀន និងពន្យល់ពួគគាត់មិនអាចងាករេចិត្តពីព្រះធម៌ ព្រោះតែការងារផ្ទាល់ខ្លួនរបស់លោក និងមិនខឹងសម្បានឺងជីវិតឯកជនរបស់លោកឡើយ។ ក៏ប៉ុន្តែលោកគ្រូ សាន សុជា បានឆ្លើយតបថា អ្នកដែលដៀមដាម និងជេរប្រមាថលោក គឺច្បាស់ណាស់ពួកគេមិនជ្រះថ្លានឹងធម្មទានរបស់លោក តាំងពីលោកនៅជាបុព្វជិតម្ល៉េះ។

លោកគ្រូ សាន សុជា បន្តថារស់ក្នុងសង្គមត្រូវមានទំនាក់ទំនងល្អ​ ហើយការជួប គឺជាការគោរពឲ្យតម្លៃគ្នាទៅវិញទៅមក​ សូម្បីព្រះសម្មាសម្ពុទ្ធក៏ធ្លាប់យាងទៅជួបព្រះរាជា ឬសេនាបតីដែរ​ មិនមែនការជួបសុទ្ធតែកើតចេញពីចិត្តកខ្វក់ឡើយ។ អន្ទិត សាន សុជា លើកឡើងបន្តពីជំនួបរបស់លោកកាលពីដើមឆ្នាំ​ជាមួយសម្តេចប៉ាប មេដឹកនាំសាសនាគ្រិស្ត​ ជាដើម គឺគ្រាន់តែជាការបបង្កើនមិត្តភាពរវាងអ្នកគោរពសាសនាប៉ុណ្ណោះ។ លោកថា​ លោកនៅតែជាលោក ហើយដើរតាមមាគ៌ាព្រះសម្មាសម្ពុទ្ធដដែល។

ដំណាលគ្នានេះ នៅក្នុងជំនួបជាមួយកម្មករនៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីជំនួបជាមួយលោកគ្រូ សាន សុជា ដែរ ដោយលោកបញ្ជាក់ថាលោកគ្រូ សាន សុជា បានស្វែងរកការគាំទ្រ ហើយលោកក៏ត្រូវការ ដើម្បីឲ្យព្រះសង្ឃដែលលាចាកសិក្ខាបទ ដែលចេះធម៌ត្រឹមត្រូវ គឺបន្តទៅតាមព្រះពុទ្ធសាសនា ជួយដល់ការអប់រំសង្គម អប់រំផ្លូវចិត្ត ធ្វើយ៉ាងម៉េចប្រើប្រាស់ធម៌ សម្រាប់ការរក្សាសន្តិភាព រក្សាស្ថិរភាពនយោបាយ និងជាពិសេសការកសាងអំពើល្អក្នុងសង្គមសម្រាប់ប្រជាជន។

សូមរំលឹកថា លោកគ្រូ សាន សុជា បានលាចាកសិក្ខាបទកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីបានបួសជាព្រះសង្ឃអស់រយៈពេលជាង ៣០ព្រះវស្សា។ ក្រោយពីលាចាកសិក្ខាបទ លោកគ្រូ សាន សុជា បានបង្ហាញនូវជីវិតជាសាមញ្ញជន ដោយបានដើរកម្សាន្តតាមតំបន់នានាខុសពីជីវិតអ្នកបួស លោកបានតែងចម្រៀង និងច្រៀងចម្រៀង បង្ហោះតាមបណ្តាញសង្គម ហើយចុងក្រោយនេះបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាហេតុនាំឲ្យមានការបញ្ចេញមតិគាំទ្រផង និងរិះគន់ផង។

ទោះយ៉ាងណា លោកគ្រូ សាន សុជា ដែលល្បីល្បាញខាងទេសនាអប់រំចិត្ត និងដោះស្រាយនូវបញ្ហាគន្លឹះផ្លូវធម៌ជាពិសេសនៅបរទេសនោះ បានអះអាងថាលោកនៅតែបន្តផ្សព្វផ្សាយព្រះធម៌បន្ថែមទៀតទោះក្នុងជីវិតជាគ្រហស្ថក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ