អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

បណ្តាមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម អបអរបក្សប្រជាជនកម្ពុជាដែលបន្តឈ្នះឆ្នោតដឹកនាំប្រទេស

បណ្តាមេដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម បានប្រកាសអបអរសាទរដល់ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងនាំមុខ ឈ្នះឆ្នោតដឹកនាំប្រទេស៥ឆ្នាំខាងមុខជាបន្តទៀត។ តាមរយៈលទ្ធផលបឋមក្រៅផ្លូវការ គណបក្សកុម្មុយនីស្តវៀតណាម បានអះអាងថា​ ខ្លួនសង្ឃឹមយ៉ាងមុតមាំពីទំនាក់ទំនងជាមិត្តជិតខាង រវាងភាគីវៀតណាម និងរដ្ឋាភិបាលកម្ពុជាដែលត្រៀមនឹងបង្កើតថ្មី។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) ឱបលោកប្រធានាធិបតីវៀតណាម Nguyen Phu Trong នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ លោក ង្វៀន ហ៊្វូជុង មកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) ឱបលោកប្រធានាធិបតីវៀតណាម Nguyen Phu Trong នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ លោក ង្វៀន ហ៊្វូជុង មកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

បើទោះបីជាលិខិតផ្លូវការនៅមិនទាន់បង្ហាញជាសាធារណៈក្តី ក៏ប៉ុន្តែផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus គឺ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នៅថ្ងៃទី២៥កក្កដា បានផ្ញើលិខិតអបអរសាទររួចជាស្រេច ជូនលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ដែលប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ។

លិខិតរបស់លោក Nguyen Phu Trong និងមេដឹកនាំវៀតណាមផ្សេងទៀត បានអបអរដែលការបោះឆ្នោតបានប្រព្រឹត្តទៅ ក្រោមចំនួនអ្នកបោះឆ្នោតច្រើន ហើយចាត់ទុកថា ជាការបោះឆ្នោតដែលសុវត្ថិភាព សេរី និងយុត្តិធម៌ ចំពោះពលរដ្ឋខ្មែរក្នុងការជ្រើសរើសការអភិវឌ្ឍន៍ប្រទេសក្នុងពេលអនាគត។

អមជាមួយនឹងការសាទរចំពោះការបោះឆ្នោតជារួម បណ្តាមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម ក៏បានអបអរដាច់ដោយឡែកចំពោះគណបក្សប្រជាជនកម្ពុជា​ ដែលកំពុងទទួលបានសំឡេងនាំមុខគេភ្លូកទឹកភ្លូកដី និងត្រៀមទៅក្រាលព្រំក្រហមឲ្យរដ្ឋាភិបាលបង្កើតថ្មីដឹកនាំប្រទេស។ មេដឹកនាំវៀតណាម ជឿថា រដ្ឋាភិបាលដែលបង្កើតថ្មីនោះ នឹងធ្វើឲ្យកម្ពុជាបន្តអភិវឌ្ឍ ប្រកបដោយសន្តិភាព និងរីកចម្រើនទាំងក្នុងតំបន់និងពិភពលោក។ ដោយឡែកសម្រាប់ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាង ភាគីវៀតណាមជឿថា​ រដ្ឋាភិបាលថ្មីនឹងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍ប្រទេសទាំងពីរ។

គួរកត់សម្គាល់ថា ក្រៅពីបណ្តាមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម បណ្តាមេដឹកនាំបក្សកុម្មុយនីស្តរបស់ចិន ក៏រីករាយនឹងឃើញលទ្ធផលដែលគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងនាំមុខនិងត្រៀមប្រកាសពីជ័យជំនះចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះដែរ។ បន្ថែមពីលើ លិខិតរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលអបអរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ក៏ផ្ញើលិខិតមួយផ្សេងទៀតនៅថ្ងៃអង្គារ ក្នុងន័យអបអរលោក ហ៊ុន សែន ដូចគ្នា។ លិខិតរបស់លោក លី ឈាង ថា ចិននិងកម្ពុជា គឺជាមិត្តពិតប្រាកដ និងជាបងប្អូនល្អដែលទុកចិត្តគ្នាទៅវិញទៅមក ដើម្បីរួមគ្នាឆ្ពោះទៅ កសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ នៃសហគមន៍ចិន-កម្ពុជា។ នាយករដ្ឋមន្ត្រីចិន បានអះអាងដែរថា ខ្លួនបានត្រៀមរួចរាល់ សម្រាប់ការធ្វើការជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តទៀត។

យ៉ាណាមិញ ក្រៅពីការទទួលការសាទរពីបណ្តាមេដឹកនាំនៃបណ្តាប្រទេសកុម្មុយនីស្តបែបនេះ ការបោះឆ្នោតនៅកម្ពុជាក៏កំពុងរងស្រោចប្រតិកម្មដូចទឹកភ្លៀង ពីបណ្តាប្រទេសនិយមប្រជាធិបតេយ្យ។ អាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា បារាំង និងសហភាពអឺរ៉ុប បានចេញនូវសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយសម្តែងការខកចិត្ត និងចាត់ទុកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ