អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន អរគុណបក្សកុម្មុយនីស្តវៀតណាម ដែលគាំទ្រលោក ហ៊ុន ម៉ាណែត ដឹកនាំរដ្ឋាភិបាលថ្មី

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ពោល​ពាក្យ​អរគុណ​ចំពោះ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​ ដែល​បាន​ជឿ​ជាក់​ និង​គាំទ្រ ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ ហ៊ុន ម៉ាណែត ​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិទី៧​។ កា​រគូស​បញ្ជាក់​នេះ​ ធ្វើឡើង​តាមរយៈ​ជំនួប​តាម​ប្រព័ន្ធ​អនឡាញ ​រវាង ​លោក ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លោក​ ង្វៀន ហ្វ៊ូចុង ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​ នៅថ្ងៃសៅរ៍​។

ជំនួបតាមប្រព័ន្ធអនឡាញរវាង លោក ហ៊ុន សែណ និងលោក ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
ជំនួបតាមប្រព័ន្ធអនឡាញរវាង លោក ហ៊ុន សែណ និងលោក ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម © Hun Sen
ផ្សាយពាណិជ្ជកម្ម

គឺបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជាផ្លូវការ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាន បានជួបប្រជុំតាមប្រព័ន្ធអនឡាញភ្លាមៗ ជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដោយជជែកជ័យជំនះដែលគណបក្សកាន់អំណាចទទួលបាន។

តាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា គឺ លោក ង្វៀន ហ្វ៊ូចុង បានសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតជាបន្ត ខណៈដែលលោក ហ៊ុន សែន ក៏បានអរគុណលោក ង្វៀន ហ្វ៊ូចុង ដោយចាត់ទុកថា វាជាសក្ខីភាពនៃសាមគ្គីភាពក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាស គឺ លោក ហ៊ុន សែន បានអរគុណចំពោះអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជឿជាក់ និងគាំទ្រចំពោះគណបក្សប្រជាជកម្ពុជា និងជាពិសេសគឺលោក ហ៊ុន ម៉ាណែត ដែលត្រៀមចូលដឹកនាំរដ្ឋាភិបាលថ្មីក្នុងពេលខាងមុខ។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam វិញ គឺលោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីប្រាប់ដល់អគ្គលេខាធិការបសក្សកុម្មុយនីស្តវៀតណាម ថា ជួរបក្សប្រជាជនកម្ពុជា ទាំងក្នុងរដ្ឋាភិបាល និងរដ្ឋសភា ព្រមទាំងលោក ហ៊ុន ម៉ាណែត នឹងបន្តពង្រឹងទំនាក់ទំនងជាប្រពៃណី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ខណៈដែលលោក ង្វៀន ហ្វ៊ូចុង ក៏បានអះអាងថា វៀតណាមបន្តគាំទ្រការអភិវឌ្ឍទាំងអស់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលថ្មី។

គួរជម្រាបថា លោក ង្វៀន ហ្វ៊ូចុង កាលពីថ្ងៃទី២៥កក្កដា បានផ្ញើលិខិតអបអរសាទររួចជាស្រេច ជូនលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ដែលប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ។ ភាគីវៀតណាម បានវាយតម្លៃថា ការបោះឆ្នោតកាលពីថ្ងៃទី២៣កក្កដា ជាការបោះឆ្នោតដែលសុវត្ថិភាព សេរី និងយុត្តិធម៌ ចំពោះពលរដ្ឋខ្មែរក្នុងការជ្រើសរើសការអភិវឌ្ឍន៍ប្រទេសក្នុងពេលអនាគត។

ក៏ប៉ុន្តែ បណ្តាប្រទេសលោកខាងវិញ បានរិះគន់ចំពោះការបោះឆ្នោតកន្លងទៅនេះ ថាមិនបានប្រព្រឹត្តទៅដោយយុត្តិធម៌ ខណៈដែលអាមេរិកដែលនាំមុខគេចេញសេចក្តីថ្លែងការណ៍ រិះគន់ការបោះឆ្នោត បានបញ្ជាក់ពីការដកជំនួយប្រមាណ១៨លានដុល្លារចេញពីកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ