អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកវិភាគ ថាជំនួបអតីតនាយករដ្ឋមន្ត្រីថៃ និងលោក ហ៊ុន សែន ជាជំនួបឯកជន មិនប៉ះពាល់នយោបាយ

លោក ថាក់ស៊ីន និងប្អូនស្រី ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ បានបង្ហាញមុខក្នុងកម្មវិធីខួបកំណើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍ ទី៥សីហា។ អ្នកវិភាគនយោបាយថា ជំនួបរវាងអតីតនាយករដ្ឋមន្ត្រីថៃ និងលោក ហ៊ុន សែន ពេលនេះ ជាជំនួបឯកជន ដោយមិនមានការប៉ះពាល់ដល់ស្ថានភាពនយោបាយរវាងកម្ពុជា-ថៃ ពេលបច្ចុប្បន្នឡើយ។

លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © Fresh News
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ថា វត្តមានរបស់លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងកម្មវិធីខួបកំណើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាជំនួបលក្ខណៈឯកជន ដ្បិតទាំងលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ មិនបានធ្វើសកម្មភាពបែបនយោបាយសំដៅទៅកាន់ប្រទេសថៃ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃឡើយ។

គួរកត់សម្គាល់ថា វត្តមានរបស់លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងកម្មវិធីខួបកំណើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ បានបង្ហាញជាសាធារណៈ​តាមរយៈវីដេអូដែលលោក ហ៊ុន សែន បានបង្ហោះលើបណ្តាញសង្គមតិកតុក។ ដោយអមជាមួយខ្លឹមសារមួយឃ្លា លោក ហ៊ុន សែន ថា ឆ្នាំនេះកូននិងចៅមកជួបជុំ និងមានបងធម៌ ប្អូនធម៌ មកចូលរួមខួបកំណើតនៅផ្ទះដែរ។

បន្ថែមពីនេះ លោក ហ៊ុន សែន បានអះអាងប្រាប់សារព័ត៌មានដែលស្និទ្ធជាមួយនឹងខ្លួនថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះលោកនាក្រុងតាខ្មៅមួយយប់។ ហើយក៏បានហោះចេញពីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យនេះ។ រូបភាពជាច្រើនដែលបង្ហោះដោយសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល បានបង្ហាញឲ្យឃើញពីភាពស្និទ្ធស្នាល រវាង លោក ហ៊ុន សែន និងលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ។ ក្រៅពីនេះ ក៏មានរូបភាពដែលលោក ថាក់ស៊ីន បានអង្គុយក្បែរនឹងលោក ហ៊ុន ម៉ាណែត ដែលត្រៀមនឹងធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលខាងមុខ។

លោកបណ្ឌិត គិន ភា បន្ថែមទៀតថា បើសម្លឹងទៅមើលពេលអនាគតបន្តិច ដែលរដ្ឋាភិបាលថ្មីរបស់កម្ពុជា នឹងមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយប្រសិនបើប្រទេសថៃនឹងត្រូវដឹកនាំដោយគណបក្សភឿថៃ ដែលជាគណបក្សរបស់លោក ថាក់ស៊ីន ផងនោះ នោះទំនាក់ទំនងរវាងកម្ពុជា-ថៃ នឹងអាចមានលក្ខណៈស៊ីជម្រៅ ដ្បិតដោយសារតែទំនាក់ទំនងឯកជនរវាង លោក ហ៊ុន សែន និងលោក ថាក់ស៊ីន មានភាពស្អិតរមួត។

គួរជម្រាបថា លោក ថាក់ស៊ីន គឺជាអតីតនាយករដ្ឋមន្ត្រីថៃ អំឡុងឆ្នាំ២០០១ដល់ឆ្នាំ២០០៥ ហើយពេលថ្មីៗនេះ លោកបានអះអាងពីការត្រៀមវិលចូលប្រទេសថៃវិញឆាប់ៗ ក្រោយរស់នៅក្រៅប្រទេសអស់ជាង១៧ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ