អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត នៅបន្តឲ្យមានអ្នកវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ ម៉ាណែត ​បាន​ចុះ​ហត្ថ​លេខា​បន្ត​សុពល​ភាព​អាណត្តិ​របស់​អ្នក​វាយ​តម្លៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ដោយ​អះ​អាង​ថា​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សុច្ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​។ ​នេះ​យោង​តាម​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តីពី​ជំនួប​រវាង​ លោក ​ហ៊ុន ​ម៉ាណែត​ និង​លោក​ អង់តូនីញ៉ូ ​ហ្គូទែរ៉េស​ អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ថ្ងៃ​ទី​២២​កញ្ញា​ នៅ​ទី​ក្រុង​ញ៉ូវ​យ៉ក​។

លោក ហ៊ុន ម៉ាណែត និងលោក អង់តូនីញ៉ូ ហ្គូទែរ៉េស
លោក ហ៊ុន ម៉ាណែត និងលោក អង់តូនីញ៉ូ ហ្គូទែរ៉េស © Primister Hun Sen
ផ្សាយពាណិជ្ជកម្ម

សូម​បញ្ជាក់​ថា ​អាណត្តិ​របស់​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​គឺ​មាន​រយៈ​ពេល៣​ឆ្នាំ ​ដែល​ត្រូវ​ផ្លាស់​ចេញ​ម្តង​។​ តែ​រដ្ឋា​ភិបាល​កម្ពុជា​គូស​បញ្ជាក់​ថា​ មាន​តែ​ប្រទេស​កម្ពុជា​មួយ​ទេ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​អនុញ្ញាត​ឲ្យ​មាន​អ្នក​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​បែប​នេះ​។

នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​​១៩៩៣​មក​ គឺ​មាន​​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​ចំនួន​៧​រូប​ហើយ ​ដែល​ចុង​ក្រោយ​គេនេះ​គឺ​លោក​ Vitit​ MUNTARBHORN ​ជា​ជន​ជាតិ​ថៃ។​ លោក​បាន​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០២១ ​ដែល​ត្រូវ​ផុត​អាណត្តិ​នៅ​ឆ្នាំ​២០២៣​នេះ​។

ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដំបូង​ ជាគ្រា​ដែល​មាន​កូវីដ១៩​នោះ ​លោក​ពុំ​បាន​មក​ជាន់​ទឹក​ដី​កម្ពុជា​ដោយផ្ទាល់​ ឡើយ​តែ​ក្នុង​របាយ​ការណ៍​ចេញ​ផ្សាយ​ដំបូង​ កាលពី​ខែ​តុលា​ឆ្នាំ​២០២១​ លោក ​Vitit ​MUNTARBHORN បាន​លើក​ឡើង​ពីកង្វល់​របស់​ខ្លួន ​ទាក់​ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​អ្នក​ដែល​សម្តែង​មតិ​ប្រឆាំង​រដ្ឋាភិបាល ​ដែល​កាល​គ្រា​នោះ ​មាន​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​ចំនួន​២៥​នាក់​ស្ថិត​ក្នុង​ពន្ធនាគារ​ ខណៈ​មន្ត្រី​នៃ​អតីត​គណ​បក្ស​សង្រ្គោះជាតិ​ ចំនួន​៩នាក់​ ត្រូវ​បាន​កាត់​ឲ្យ​មាន​ទោស​លើស​ពី​២៥​ឆ្នាំ​។ ​សម្រាប់​លោក ​Vitit​ ការណ៍​នេះ​ធ្វើ​ឲ្យ​ដំណើរ​ប្រជា​ធិប​តេយ្យ​កម្ពុជា​ដើរថយ​ក្រោយ ​ហើយ​វា​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ នៅ​ក្នុង​កិច្ច​ការ​នយោបាយ​។

ក្នុង​នាម​ជា​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ពេល​លោកមក​ជាន់​ទឹកដី​កម្ពុជា​ដំបូង​ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​២៦​សីហា​ឆ្នាំ​២០២២ ​លោក​បាន​ចុះ​ទៅ​សង្កេត​ផ្ទាល់​ដល់​កន្លែង​តវ៉ា​របស់​អតីត​បុគ្គលិក​កាស៊ីណូ​ហ្គាវើលដ៍​។ ​លោក​បាន​ស្នើ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ ​ប៉ុន្តែ​មក​ដល់​ពេល​នេះ ​សកម្មភាព​តវ៉ា​នៅ​តែ​បន្ត​កើត​មាន​ដដែល​។

បើ​ត្រឡប់​ទៅ​មើល​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ហ៊ុន ​ម៉ាណែត ​នៅ​ចំពោះ​មុខ​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​វិញ​ គឺ​កម្ពុជា​បន្ត​កសាង​សង្គម​មួយ​ ដោយ​លើ​គោល​ការណ៍​នីតិ​រដ្ឋ​ និង​ការ​គោរព​ច្បាប់​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ស្តីពី​ជំនួប​រវាង ​លោក ​ហ៊ុន ​ម៉ាណែត ​និង​លោក​ អង់តូនីញ៉ូ ​ហ្គូទែរ៉េស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ