អានតួអត្ថបទ

បក្ស​ប្រឆាំង​ស្នើឲ្យ​ប្រទេស​ហត្ថលេខី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​ ២៣ ​តុលា ​ខណៈ​បារាំង​ស្នើឲ្យ​ពង្រីក​លំហ​នយោបាយ

សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត ​នៅថ្ងៃ​ទី​២៣ ​ខែ​តុលានេះ ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ​រំលឹក​ខួប​លើទី​៣២​ឆ្នាំ ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​ថ្ងៃ​ ២៣ ​តុលា។​ សេចក្តីថ្លែងការណ៍​ក៏បាន​បញ្ជាក់​ដែរ​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​មិនត្រូវបាន​គោរព​ពេញលេញ​ទេ ​និង​ស្នើឲ្យ​ប្រទេស​ហត្ថលេខី​ជួយជំរុញ​ឲ្យមាន​ការគោរព​នូវ​កិច្ចព្រមព្រៀង​នេះ ​ស្របពេល​ដែល​ប្រទេស​បារាំង​ជំរុញឲ្យ​កម្ពុជា​ពង្រីក​លំហសេរីភាព ​និង​ប្រជាធិបតេយ្យ​។

ភាគីខ្មែរទាំង៤ និងសហប្រធានកិច្ចព្រមព្រៀងប៉ារីស
ភាគីខ្មែរទាំង៤ និងសហប្រធានកិច្ចព្រមព្រៀងប៉ារីស © សហការី
ផ្សាយពាណិជ្ជកម្ម

ដោយចាត់ទុកថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​ថ្ងៃ ​២៣ ​តុលា ​១៩៩១​ ជាថ្ងៃ​ប្រវត្តិសាស្ត្រ ​គណបក្សសម្ព័នភាព​រួមមាន​គណបក្សភ្លើងទៀន ​គណបក្សឆន្ទៈខ្មែរ​ គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្សកែទម្រង់​កម្ពុជាបានសរសេរ​ថា​រយៈពេល៣២ឆ្នាំ ​កន្លងទៅ ​គោលការណ៍គ្រឹះនៃ​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស៍មិនត្រូវបាន​គោរព និង​អនុវត្តឲ្យបាន​ពេញលេញឡើយ ​ដូចជាការបង្រួបបង្រួម​ និងឯកភាពជាតិ ​ការគោរព​សិទ្ធិមនុស្ស ​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​។ ចំណុចទាំងអស់នេះ​ក៏ត្រូវសម្ព័ន្ធភាព​ឆ្នោះទៅអនាគត​ រំលឹកដល់​រដ្ឋាភិបាល​ផងដែរ​។

សេចក្តីថ្លែងការណ៍​របស់គណបក្ស​សម្ព័ន្ធ ក៏បានសម្តែងនូវ​ការគោរពដឹងគុណ ​និង​ចងចាំជានិច្ច​នូវវីរភាពរបស់វីរជន​ខ្មែរស្ថាបនិក​ទាំងអស់នៃ​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស៍ និង​បណ្តាប្រទេសហត្ថលេខី​ទាំងអស់ ដែល​បានខិតខំប្រឹងប្រែង​ស្វែងរកដំណោះស្រាយ ក្នុងការ​បញ្ចប់សង្គ្រាមស៊ីវិលជាង​២ទស្សវត្សរ៍​នៅកម្ពុជា ដោយសម្ព័ន្ធភាព​ក៏បានអំពាវនាវឲ្យ​ប្រទេសហត្ថលេខី​ទាំងអស់ បន្តជួយ​ជំរុញការអនុវត្តន៍​កិច្ចព្រមព្រៀងនេះ ​ឲ្យបានពេញលេញ ​ដើម្បីជួយស្តារ និង​កសាងប្រទេសកម្ពុជា​ឡើងវិញ។

រឿងខួប​៣២ឆ្នាំថ្ងៃ​២៣ តុលានេះ លោក ​ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី ក៏បាន​សរសេរនៅលើ​ហ្វេសប៊ុករបស់លោក​ដែរ ដោយលោក​រៀបរាប់ពីតំណាងរបស់ភាគី​ខ្មែរជម្លោះគ្នាទាំង៤​ រួមមាន​ភាគីរដ្ឋកម្ពុជា ​ចលនាហ្វុនស៊ិនប៉ិច ​រណសិរ្សជាតិរំដោះ​ប្រជាពលរដ្ឋខ្មែរ ​និងភាគីកម្ពុជា​ប្រជាធិបតេយ្យ ​រួមទាំងប្រទេសចំនួន​១៨ ដែលជា​សាក្សី និងអង្គការ​សហប្រជាជាតិផងដែរ​។

លោក ហ៊ុន សែន ​ក៏បានរំលេចខ្លាំងជាងគេ​ពីសកម្មភាព​ជំនួបចរចា ​សីហនុ-ហ៊ុន សែន ​ចាប់តាំងពីថ្ងៃ​ទី០២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ ​FERE-EN-TARDENOIS ​ប្រទេសបារាំង។ ​ក៏ប៉ុន្តែលោក​បញ្ជាក់ថា ​ទោះបីមានកិច្ចព្រមព្រៀង​សន្តិភាពប៉ារីស៍ ២៣ ​តុលា ១៩៩១ ក៏ពិតមែន ​ប៉ុន្តែ​សង្រ្គាមស៊ីវិលនៅកម្ពុជា​ នៅតែបន្តដែលបញ្ហានេះ​បង្កដោយភាគីកម្ពុជា​ប្រជាធិបតេយ្យ(ប៉ុលពត)​។ លោកថា ​ក្រោមនយោបាយ ឈ្នះ-​ឈ្នះ របស់លោក ​សង្រ្គាមស៊ីវិលត្រូវបាន​បញ្ចប់ទាំងស្រុងនៅឆ្នាំ​១៩៩៨ ដែលកម្ពុជា​ទូទាំងប្រទេស ​បានស្គាល់នូវសន្តិភាព​ពេញលេញ និង​សម្បូរសប្បាយ​រហូតមកដល់​សព្វថ្ងៃ​។

ជាមួយគ្នានេះ ​ស្ថានទូតបារាំង​ប្រចាំនៅកម្ពុជាក៏បាន​សរសេរនៅលើហ្វេប៊ុក​របស់ខ្លួនដែរថា ​កាលពី៣២ឆ្នាំ្មមុន ​ការចុះហត្ថលេខាលើ​កិច្ចលើព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស៍ គឺជា​ការចាប់ផ្តើម​នៃការវិលត្រលប់មកវិញ​នៃសនិ្តភាព និង​ការផ្សះផ្សារនៅ​ប្រទេសកម្ពុជា ដោយ​មានការគាំទ្រពី​អង្គការសហប្រជាជាតិ​។

ប្រទេសបារាំង​ ដែលមានកិត្តិយស​ធ្វើជាសហប្រធាន​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស៍ ជំរុញឲ្យ​កម្ពុជាពង្រីកលំហ​នយោបាយ និង​សេរីភាពពលរដ្ឋ ក៏ដូចជា​ពង្រឹងលទ្ធិប្រជាធិបតេយ្យ​ពហុបក្ស ដែលមាន​ការគោរពសិទ្ធិមនុស្ស ​និង​សេរីភាពជាមូលដ្ឋាន​ ស្របតាមប្បញ្ញត្តិនៃ​រដ្ឋធម្មនុញ្ញកម្ពុជា ​ដែលប្រសូតចេញ​ពី​កិច្ចព្រមព្រៀង​នេះ​។

គណបក្សហ្វុនស៊ិនប៉ិច​ ដែលជាតួអង្គសំខាន់នៃ​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស៍នេះដែរ ក៏បាន​ចេញសេចក្តីថ្លែងការណ៍​រៀបរាប់ពីវីរភាព​របស់ថ្នាក់ដឹកនាំ​ខ្លួនដែរ ដែលមាន​សម្តេចក្រុមព្រះ ​នរោត្តម រណឫទ្ធិ ​ជាតំណាង។​ គណបក្សរាជានិយម​មួយនេះ ក៏បានអំពាវនាវដែរ​ដល់ពលរដ្ឋខ្មែរ​គ្រប់និន្នាការនយោបាយ​ ឲ្យបន្តថែរក្សាស្មារតី​នៃកិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស៍​នេះ។

នៅក្នុង​ប្រទេសអូស្ត្រាលី​ឯណោះវិញ​ លោក សម រង្ស៊ី ​ដែលជា​ប្រធានស្តីទី​អតីតគណបក្ស​សង្គ្រោះជាតិ ក៏​បានលើកឡើងដែរថា​ កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស៍​ នៅតែមានសុពលភាព​រស់រវើក​មកដល់បច្ចុប្បន្ន​ ដោយលោកស្នើទៅ​ហត្ថលេខីទាំងអស់ ​ជំរុញឲ្យមានការ​គោរពកិច្ចព្រមព្រៀង​ សន្តិភាពទីក្រុង​ប៉ារីស៍ ថ្ងៃ ​២៣ តុលា ១៩៩១ ​នេះ ដែលជាសន្ធិសញ្ញា​អន្តរជាតិ ជាមូលដ្ឋាន​ច្បាប់ ដើម្បីធានាឲ្យ​ប្រទេសកម្ពុជាមាន​សុខសន្តិភាព​យ៉ាងពិតប្រាកដ។​ នេះបើតាមសំណេរ​នៅលើហ្វេសប៊ុក​ លោក សម រង្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ