អានតួអត្ថបទ

ជនជាតិចិននិងខ្មែរដែលសង្ស័យថតរឿងអាសអាភាសបានបញ្ជូនខ្លួនទៅតុលាការហើយ

ជនជាតិចិន និងខ្មែរប្រមាណ ១០នាក់ ក្នុងចំណោម៤៥នាក់ ដែលនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនបានកាលថ្ងៃទី២៤តុលា ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ហើយ​។ ពួកគេត្រូវបានចាប់និង​ឃាត់ខ្លួន ក្រោយសង្ស័យថា លួចថតរឿងវីដេអូអាស​អាភា​​សដែលបានបង្ហោះតាមបណ្តាញសង្គម។ 

ជនជាតិចិនជាប់សង្ស័យផលិតរឿងវីដេអូអាសអាភាស
ជនជាតិចិនជាប់សង្ស័យផលិតរឿងវីដេអូអាសអាភាស © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម ៤៥នាក់ដែលបានចាប់និងឃាត់ខ្លួនបាន ក្នុងនោះមេក្លោង និងបក្ខពួកសរុបចំនួន ១០នាក់ ភាគច្រើនជាជនជាតិចិន ព្រមទាំងវត្ថុតាងផ្សេងៗ ត្រូវបានបញ្ជូន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី២៧ ខែតុលានេះ។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ការចាប់និងឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៤៥នាក់នេះ បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី១០ ខែតុលា ពាក់ព័ន្ធករណីឆបោក សញ្ចារកម្ម ផលិតចែកចាយរូបភាពវីដេអូអាសអាភាសមកអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​។

បើតាមលោក ឆាយ គឹមខឿន ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបានបើកការស្រាវជ្រាវស៊ើបអង្កេត ដោយមានការសម្របសម្រួលនីតិវិធីពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបនៅថ្ងៃទី២៤តុលា សមត្ថកិច្ចបានឆែកឆេរ ពិនិត្យនៅចំណុចអគារ Wow Now នៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយឈានដល់នាំខ្លួនជនសង្ស័យ​ចំនួន៤៥នាក់ ដកហូតសម្ភារៈ និងឧបករណ៍អេឡិចត្រូនិចមួយចំនួន។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិរូបនេះ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់នេះ ក្នុងនោះមានជនជាតិចិន ៣៧នាក់ (ស្រី៣នាក់) និងខ្មែរចំនួន ៨នាក់ (ស្រី៣នាក់)។ ចំណែកគ្រឿងឧបករណ៍សម្ភារៈដែលចាប់បានមានកុំព្យូទ័រលើតុសម្រាប់កាត់តវិដេអូមួយចំនួន ឧបករណ៍ស៊ិច សម្ភារៈបម្រើថតស៊ិច និងស្រោមអនាម័យជាដើម។

ក្រោយពីធ្វើការសាកសួររួចមក ឃើញថាមានជនសង្ស័យពាក់ព័ន្ធចំនួន ១០នាក់ជាជនជាតិចិន ត្រូវបានឲ្យឃាត់ខ្លួនបណ្តោះអាសន្នពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​ហើយជនសង្ស័យទាំង ១០នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី២៧តុលានេះ​។ នេះបើតាមលោក ឆាយ គឹមខឿន។ ដោយឡែកអ្នកដទៃផ្សេងទៀតដែលមិនជាប់ពាក់ព័ន្ធចំនួន ៣៥នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ