អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក រ៉ុង ឈុន ប្រកាសដោះអាវបក្សភ្លើងទៀន ទៅពាក់អាវថ្មីគណបក្សកម្លាំងជាតិ

នៅទីបំផុត លោក រ៉ុង ឈុន ដែលជាអនុប្រធានគណបក្សភ្លើងទៀន បានប្រកាសជាផ្លូវការ ថា អ្នកនយោបាយប្រឆាំងរូបនេះ នឹងចាកចេញពីគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។ ជីវិតនយោបាយជាបន្តរបស់លោក គឺលោក រ៉ុង ឈុន នឹងទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបបង្កើតថ្មី នៅក្រោយពេលដែលគណបក្សភ្លើងទៀនបន្តជាប់គាំងបញ្ហា មិនអាចចូលរួមការបោះឆ្នោត។

លោក ស៊ុន ចន្ធី ស្ថាបនិកគណបក្សកម្លាំងជាតិ (ឆ្វេង) ចាប់ដៃជាមួយលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន (ស្តាំ)
លោក ស៊ុន ចន្ធី ស្ថាបនិកគណបក្សកម្លាំងជាតិ (ឆ្វេង) ចាប់ដៃជាមួយលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន (ស្តាំ) © FB/Sun Chanthy
ផ្សាយពាណិជ្ជកម្ម

ដោយឈរទៅលើមូលហេតុ ដែលគណបក្សភ្លើងទៀន បានបាត់បង់ឯកសារច្បាប់ដើម និងមិនត្រូវក្រសួងមហាផ្ទៃ ផ្តល់លិខិតទុតិយតា ដើម្បីចូលរួមការបោះឆ្នោត លោក រ៉ុង ឈុន ដែលជាអនុប្រធានគណបក្សភ្លើងទៀន នៅថ្ងៃព្រហស្បតិ៍ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ជំហរនយោបាយចុងក្រោយរបស់លោក ថា ចាកចេញពីគណបក្សភ្លើងទៀន និងបន្តជីវិតលើសង្វៀននយោបាយជាមួយនឹងគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបតែបែកមែកធាង មានស្ថាបនិកចេញពីគណបក្សភ្លើងទៀន។

លោក រ៉ុង ឈុន បានបញ្ជាក់ថា ការចូលរួមជាមួយគណបក្សកម្លាំងជាតិ ពេលនេះ គឺ ដើម្បីបន្តចរន្តនយោបាយ និងគោលជំហរដើម របស់គណបក្សភ្លើងទៀន ព្រមទាំងបង្កើនកម្លាំងនយោបាយប្រជាធិបតេយ្យឲ្យកាន់តែធំធាត់ ឈានទៅដឹកនាំប្រទេស តាមការប្រកួតប្រជែងការបោះឆ្នោតខាងមុខ។

តាមលោក រ៉ុង ឈុន មានតែគណបក្សកម្លាំងជាតិ មួយគត់ ដែលមានទស្សននយោបាយ ឆន្ទៈ ព្រមទាំងគោលដៅ មានភាពច្បាស់លាស់ ជាអ្នកបន្ត និងរក្សាសា្មរតីដើមរបស់គណបក្សភ្លើងទៀន ពិតប្រាកដ និងឥតងាករេ។

លោក ស៊ុន ចន្ធី ស្ថាបនិករបស់គណបក្សកម្លាំងជាតិ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះដែរថា គណបក្សរបស់លោក ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក រ៉ុង ឈុន និងបណ្តាអ្នកប្រជាធិបតេយ្យផ្សេងទៀត ដែលបានចូលរួមជាមួយគណបក្សកម្លាំងជាតិ។ តែយ៉ាងនេះក្តី សម្រាប់គណបក្សកម្លាំងជាតិ គឺបញ្ហាធនធានមនុស្សនៅតែជាកត្តាចាំបាច់ ដែលគណបក្សត្រូវការអ្នកប្រជាធិបតេយ្យបន្ថែមទៀត សម្រាប់ជាកម្លាំងទៅប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតពេលខាងមុខ។

ស្ថាបនិករបស់គណបក្សកម្លាំងជាតិ រូបនេះ បន្ថែមថា បើទោះជាលោក រ៉ុង ឈុន ចូលរួមជាមួយគណបក្សកម្លាំងជាតិ ពិតមែន តែមិនមែនជាការបំបែកសំឡេងអ្នកប្រជាធិបតេយ្យចេញពីគណបក្សភ្លើងទៀន ឬគណបក្សណាមួយឡើយ។ ផ្ទុយមកវិញ បើតាមលោក ស៊ុន ចន្ធី ការធ្វើបែបនេះ​ គឺដើម្បីបន្តដំណើរនយោបាយរបស់អ្នកស្រលាញ់ប្រជាធិបតេយ្យ ទៅប្រកួតជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

គួរជម្រាបថា គណបក្សកម្លាំងជាតិ នឹងត្រៀមធ្វើសមាជលើកដំបូងរបស់ខ្លួន នៅថ្ងៃទី១២វិច្ឆិកាខាងមុខ។ តាមរបៀបវារៈ គឺសមាជ នឹងមានការបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានរបស់គណបក្ស។ ជាការកត់សម្គាល់ថា ការចាកចេញរបស់លោក រ៉ុង ឈុន ពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ពេលនេះ ត្រូវគេមើលឃើញថា លោក រ៉ុង ឈុន ជាបេក្ខភាពមានសក្តានុពលមួយរូប ធ្វើជាប្រធានរបស់គណបក្សកម្លាំងជាតិ។

ក៏ប៉ុន្តែ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ស៊ុន ចន្ធី ស្ថាបនិករបស់គណបក្សកម្លាំងជាតិ ថា ករណីនេះ លោកគោរពការសម្រេចចិត្តរបស់អង្គសមាជ ថាត្រូវជ្រើសលោក រ៉ុង ឈុន ធ្វើជាប្រធាន ឬមួយយ៉ាងណា។

គួរបញ្ជាក់ផងដែរថា មុនពេលដែលលោក រ៉ុង ឈុន ប្រកាសចាកចេញពីគណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី ដែលជាស្ថាបនិកគណបក្សកម្លាំងជាតិ បានបង្ហោះរូបភាពមួយចំនួនជាមួយលោក រ៉ុង ឈុន តាមបណ្តាញសង្គម ដោយភ្ជាប់ខ្លឹមសារថា «យើងលើកពែងតែឡើងលើទង្គិចគ្នា ឬហៅថា "ជល់ពែងតែ" គឺមានន័យថា យើងឯកភាពគ្នាផឹកតែក្នុងពែងនេះជាមួយគ្នា»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ