អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន ម៉ាណែត បង្ហោះនិក្ខេបបទសិក្សាជាសាធារណៈ តាមការស្នើសុំរបស់អ្នកកាសែតបរទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅយប់ថ្ងៃពុធ ទី៨វិច្ឆិកា បានសម្រេចបង្ហោះនិក្ខេបបទសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ពីក្រៅប្រទេស ជាសាធារណៈ តាមការស្នើសុំរបស់អ្នកកាសែតបរទេស។ ការដាក់ផ្សព្វផ្សាយជាសាធារណៈនេះ ធ្វើឡើង ក្រោយពេលដែលលោក David Whitehouse អ្នកសារព័ត៌មានអន្តរជាតិមួយរូប បានសរសេរលិខិតចំហមួយច្បាប់ ដាក់ជូនលោក ហ៊ុន ម៉ាណែត ក្នុងការស្នើសុំចម្លងនិក្ខេបបទរបស់លោក។

លោក ហ៊ុន ម៉ាណែត ពេលទទួលសញ្ញាបត្រនៅBristol
លោក ហ៊ុន ម៉ាណែត ពេលទទួលសញ្ញាបត្រនៅBristol © Facebook
ផ្សាយពាណិជ្ជកម្ម

តាមរយៈបណ្តាញសង្គមតេលេក្រាម លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ ប្រាប់លោក David Whitehouse  ថា លោកសូមអរគុណចំពោះការព្យាយាមស្វែងរកនិក្ខេបបទបញ្ចាប់ការសិក្សារបស់លោក បើទោះជាលោក ហ៊ុន ម៉ាណែត មិនដឹងថា ការស្នើសុំនោះធ្វើឡើងដោយគោលបំណងអ្វីឲ្យច្បាស់លាស់។

ការសម្រេចបង្ហោះនិក្ខេបបទជាសាធារណៈ នេះ គឺក្រោយពេលលោក David Whitehouse អ្នកសារព័ត៌មានជនជាតិបារាំង បានអះអាងនៅក្នុងលិខិតចំហផ្ញើជូនអង្គភាពព័ត៌មាននាយករដ្ឋមន្ត្រីកម្ពុជា ថា លោកមានការពិបាកទទួលបានការចម្លងនិក្ខេបបទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ សកលវិទ្យាល័យ Bristol បាន​បដិសេធមិនបញ្ចេញនិក្ខេបបទនោះជាច្រើនដង។

នៅក្នុងសារឆ្លើយទៅកាន់លោក David Whitehouse លោក ហ៊ុន ម៉ាណែត ថា លោកពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោក David  Whitehouse មានការលំបាក ក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol ។ តាមលោកនាយករដ្ឋមន្ត្រី គឺលោកមិនដឹងអំពីគោលការណ៍ ឬបទប្បញ្ញត្តិរបស់សាកលវិទ្យាល័យ ពាក់ព័ន្ធនឹងការគ្រប់គ្រងឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត  ដូចជានិក្ខេបបទរបស់លោកនេះទេ។ លោក ហ៊ុន ម៉ាណែត​ បានបញ្ជាក់ទៀតថា លោកក៏មិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ។

បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់លោកជាការសម្ងាត់ដែរ ។ ដ្បិតនិក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំ ជាមួយលោកសាស្រ្តាចារ្យ Jonathan Temple។

ជាការកត់សម្គាល់ បញ្ហានិក្ខេបបទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានលើកមកពិភាក្សាវែកញែក ទាមទារការដាក់បង្ហាញជាសាធារណៈជាហូរហែ ពីសំណាក់បណ្តាអ្នកនយោបាយប្រឆាំង និងអ្នកសារព័ត៌មាន។ ក្នុងនោះលោក សម រង្ស៊ី គូប្រជែងនយោបាយរបស់លោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន រាប់ឆ្នាំមកនេះ ក៏បានវាយប្រហារទៅលើការសរសេរនិក្ខេបបទថ្នាក់បណ្ឌិតរបស់លោក ហ៊ុន ម៉ាណែត ផងដែរ។ កាលពី​ថ្ងៃ​ទី១៨ ខែកញ្ញាកន្លងទៅ លោក​ សម​ រង្ស៊ី​ បាន​ដាក់​ការ​មន្ទិល​សង្ស័យ​អំពី​សញ្ញា​បត្របណ្ឌិត ដែល​លោក​ ហ៊ុន ​ម៉ាណែត​ ទទួល​បានកាល​ពី​ឆ្នាំ​ ២០០៩ ​ពី​សាកល​វិទ្យា​ល័យ Bristol ចក្រភព​អង់គ្លេស ​​ថា ​ប្រហែល​ជា ​លោក​ ហ៊ុន​ ម៉ាណែត​ បាន​ជួល​ជន​បរទេស​ឲ្យ​សរ​សេរ​និក្ខេប​បទ​​ មួយ​ ដែលមិន​ពាក់​ព័ន្ធ​អ្វី​ នឹង​ប្រទេស​កម្ពុជា​។

ករណីនេះ លោក ហ៊ុន ម៉ាណែត ឆ្លើយតបថា ​និក្ខេបបទ​បណ្ឌិត​របស់​លោក ​មិនអាច​ជាការ​បន្លំ​បាន​ទេ និងថា លោក សម រង្ស៊ី ​ប្រហែលរៀន​មិនដល់​ថ្នាក់បណ្ឌិត ទើបមិនយល់​ពីការធ្វើ​និក្ខេបបទ​ថ្នាក់បណ្ឌិតដូច្នេះ។

គួរបញ្ជាក់ថា នៅក្នុងនិក្ខេបបទរបស់លោក ហ៊ុន ម៉ាណែត ដែលបង្ហោះជាសាធារណៈនោះ បានសរសេរសម្រាប់ថ្នាក់អនុបណ្ឌិត ថា «IS MARKET- ASSISTED LAND REFORM AN APPROPRIATE CHOICE FOR CAMBODIA AT THE PRESENT TIME?» ក្នុងន័យជាខេមរភាសាថា «តើការធ្វើកំណែទម្រង់ដីធ្លី គឺជាជម្រើសដ៏ល្អដែលជំរុញអោយមានទីផ្សារសមរម្យសម្រាប់កម្ពុជាបច្ចុប្បន្នដែរឬទេ?»។ ខណៈដែល និក្ខេបបទថ្នាក់បណ្ឌិតរបស់លោក ពីសាកលវិទ្យាល័យ Bristol បានសរសេរអំពី «What Determines the Firm Size Distribution and Structural Integration? A Cross-Country Study» ដែលប្រែជាខេមរភាសា ថា «ករណីសិក្សាឆ្លងប្រទេស៖ តើកត្តាអ្វីខ្លះដែលកំណត់សំគាល់ទំហំសហគ្រិន និងការរៀបចំរចនាសម្ព័ន្ធ?»។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ