អានតួអត្ថបទ

បក្ស​«ភ្លើងទៀន»​ប្រាប់​សមាជិក​ខ្លួន​មិនឲ្យ​ទៅ​ចូលរួម​សមាជ​បក្ស​«ភ្លើងអំពូល​»

គណបក្ស​ភ្លើងទៀន​មិន​អនុញ្ញាត​ឲ្យ​សមាជិក​របស់ខ្លួន​ ដែលមាន​សមាសភាព​នៅថ្នាក់​ក្រោមជាតិ​ ជាពិសេស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ​ទាំង​ជាង​២​ពាន់​នាក់ ​ទៅ​ចូលរួម​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ ​ដែលនឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​។ ការ​ហាមឃាត់​របស់​គណបក្ស​ភ្លើងទៀន​ដល់​សមាជិក​របស់​ខ្លួន​មិនឲ្យ​ទៅចូលរួម​សមាជ​ដំបូង​របស់​គណបក្ស​កម្លាំងជាតិ​ គឺ​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​កម្លាំងជាតិ​ បាន​ធ្វើ​លិខិត​អញ្ជើញ​មេឃុំ ​និង​ក្រុមប្រឹក្សា​ជាប់ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​ទៅ​ចូលរួម​សមាជ​របស់​ខ្លួន​ដោយ​ចំហ​។

ឡូហ្គោគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ខណៈគណបក្សភ្លើងទៀនហាមសមាជិករបស់ខ្លួនចូលរួមសមាជគណបក្សកម្លាំងជាតិ។
ឡូហ្គោគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ © FB
ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន ​លោក ​លី សុធារ៉ាយុត្តិ ​កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ ​បានណែនាំ ទៅកាន់​សមាជិកគណបក្សភ្លើងទៀន​ថ្នាក់ក្រោមជាតិ ​ដោយចាប់តាំង​ពីគណៈកម្មាធិការ​ប្រតិបត្តិគណបក្ស​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​និង​ជាពិសេស​ក្រុមប្រឹក្សាឃុំ ​សង្កាត់ទាំង ​២ ១៩៨រូប​ ដែលជាប់​ឆ្នោត​ពីគណបក្ស​ភ្លើងទៀន ត្រូវ​ប្រកាន់ជំហរ​របស់ខ្លួនឲ្យបាន​ខ្ជាប់ខ្ជួន ​និង​អនុវត្ត​តួនាទី ភារកិច្ច​ស្របតាម​លក្ខន្តិកៈ​ បទបញ្ជា​ផ្ទៃក្នុង និង​សេចក្តីណែនាំ​របស់​គណបក្ស​។

សេចក្តីណែនាំ​របស់​អគ្គលេខា​គណបក្ស​ភ្លើងទៀន ​បញ្ជាក់ថា​ប្រធានគណបក្ស​នឹងចាត់តំណាង​ទៅចូលរួម​សមាជគណបក្ស​កម្លាំងជាតិ​តាមការអញ្ជើញ ​ក៏ប៉ុន្តែមិនតម្រូវឲ្យ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​រាជធានី ​ខេត្ត ក្រុង ​ស្រុក ខណ្ឌ ​និង​សមាជិក​ក្រុមប្រឹក្សាឃុំ ​សង្កាត់ទាំងអស់​ទៅចូលរួមឡើយ​។ លើសពីនេះ ​គណបក្សភ្លើងទៀន​ក៏បានហាមប្រាមដែរ​ដល់សមាជិករបស់ខ្លួន​ថ្នាក់រាជធានី ​ខេត្ត​ ក្រុង ស្រុក ខណ្ឌ​ និងសមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ​ជាប់ឆ្នោត មិនឲ្យ​ចូលរួម​សកម្មភាព​នយោបាយណាមួយ ​ដែលផ្ទុយ​ពីគោលការណ៍​គណបក្សឡើយ​។

សូមរំលឹកថា​កាលពីថ្ងៃទី​០៨ ខែវិច្ឆិកា ​កន្លងទៅ ​គណបក្សកម្លាំងជាតិ​ ដែលទើបតែ​ទទួលស្គាល់​ដោយក្រសួង​មហាផ្ទៃ ​បានធ្វើ​លិខិតអញ្ជើញ​ដោយចំហមួយ​ទៅកាន់មេឃុំ ​ជំទប់ទី១ ជំទប់ទី២ និង​សមាជិកក្រុមប្រឹក្សាឃុំ​សង្កាត់ គណបក្សភ្លើងទៀន​ ចូលរួមជាកិត្តិយស​សមាជដំបូងគណបក្ស​កម្លាំងជាតិ ដែលនឹង​ត្រូវធ្វើនៅថ្ងៃអាទិត្យ​ទី១២ ខែ​វិច្ឆិកាខាងមុខ ​នៅក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

លោក ​ឯម សុវណ្ណារ៉ា ​អ្នកវិភាគនយោបាយ​នៅកម្ពុជា​បានមើលឃើញថា​វាជាទម្រង់​បែកបាក់មួយ​របស់គណបក្ស​ប្រឆាំង ខណៈគណបក្ស​កម្លាំងជាតិបានព្យាយាម​អូសទាញសមាជិក​របស់គណបក្ស​ភ្លើងទៀន ដែលជា​រូបភាពមិនល្អ​សម្រាប់បក្សប្រឆាំង​។ ដោយលើកជាយោបល់​ថាគណបក្ស​ភ្លើងទៀនគួររក​ដំណោះស្រាយឡើងវិញ​នូវប្រជាធិបតេយ្យ​ផ្ទៃក្នុងបក្ស ​លោក ឯម សុវណ្ណារ៉ា ​កត់សម្គាល់ថា​គណបក្ស​កម្លាំងជាតិយ៉ាងច្រើនបំផុត​បើអូសទាញ​សមាជិកភ្លើងទៀន​បាន ក៏បានមិនច្រើន​ដែរ នៅក្នុង​កាលៈទេសៈនេះ​ យ៉ាងច្រើន​អាចបាន១ភាគ៣​។ នេះបើយោងទៅលើ​ចរន្តឆក់ទាញ​របស់លោក រ៉ុង ឈុន ​និង​លោក​ជា មុនី ដែលជា​មេដឹកនាំ​សហជីព និងជា​អតីតមេដឹកនាំជាន់ខ្ពស់​គណបក្សភ្លើងទៀន​ ដែលបានប្រកាស​ចូលរួមជាមួយ​គណបក្សកម្លាំង​ជាតិជា​បន្តបន្ទាប់​។

សូមរំលឹកថា​គណបក្សភ្លើងទៀន​ត្រូវគេមើលឃើញថា ​នឹងមិនមាន​ឱកាសចូលរួម​បោះឆ្នោតបានទៀតទេ​ ដោយសារ​មិនមានឯកសារ​ចុះបញ្ជីគណបក្ស​ច្បាប់ដើម។ គណបក្សនេះ ​ក៏លើកយោបល់​ឲ្យគណបក្សឆន្ទៈខ្មែរ​ នៅក្នុងសម្ព័ន្ធភាព​បក្សប្រឆាំង ​ជាកង់សឺគួរ​សម្រាប់ការ​ចូលរួមបោះឆ្នោត​ជ្រើសតាំងព្រឹទ្ធសភា​នៅឆ្នាំ ​២០២៤ខាងមុខ​។ ក៏ប៉ុន្តែ​សមាជិកគណៈកម្មការ​នាយកនៅមិនទាន់​ឯកភាពនៅឡើយ​។

ស្របពេល​ជាមួយគ្នានេះ ​គណបក្សកម្លាំងជាតិ​ក៏បាន​រះឡើងយ៉ាងឆាប់រហ័ស ​ដែលមេដឹកនាំ​គណបក្សថ្មីនេះ ​បានចេញមកពី​សមាជិកជាន់ខ្ពស់​គណបក្សភ្លើងទៀន។​ តើនេះជាយុទ្ធសាស្ត្រនយោបាយ​របស់អ្នកប្រឆាំង ​ឬយ៉ាងណា? ​អ្នកតាមដាននយោបាយ​ និងសង្គម​ខ្មែរ មើលឃើញថា​វាជាស្រមោល​មិនសូវល្អ ​ខណៈបក្ស​ភ្លើងទៀន និងបក្ស​ភ្លើងអំពូល ​ព្យាយាមហែក​សកម្មជន និង​អ្នកគាំទ្រគ្នាជាពីរ។​ តាមអ្នកវិភាគ​ ការធ្វើបែបនេះ ​អ្នកដែលអង្គុយ​ទទួលផល គឺ​គណបក្សកាន់អំណាច​ឯណោះទេ​។

ទោះយ៉ាងណា ​គណបក្សប្រឆាំង​នៅកម្ពុជាសុទ្ធតែ​ទទួលបាន​បទពិសោធន៍ដ៏ជូរចត់​ជាច្រើន​មកហើយ ហើយ​បទពិសោធន៍​ទាំងនោះ គួរតែ​គ្រប់គ្រាន់​ផងដែរ​។ នេះបើតាម​អ្នកតាមដាន​នយោបាយ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ