អានតួអត្ថបទ

អង្គការ ​Amnesty៖ បារាំងនិងជប៉ុនត្រូវ​ថ្កោលទោសចំពោះការបណ្តេញពលរដ្ឋ​ដោយបង្ខំនៅតំបន់អង្គរខ្មែរ

អង្គការ Amnesty International នៅថ្ងៃទី១៤វិច្ឆិកាម្សិលមិញ បានចេញ​របាយការណ៍សិក្សាស្រាវជ្រាវមួយដែលបង្ហាញថា ការប្តូរលំនៅដ្ឋានពលរដ្ឋនៅតំបន់អង្គរទៅតំបន់រុនតា​ឯក បានរំលោភបំពានច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិធ្ងន់ធ្ងរ។ អង្គការអន្តរជាតិមួយនេះបានហៅការបម្លាស់ពលរដ្ឋចេញពីតំបន់អភិរក្ស​​នោះថា ជាការបង្ខំគំរាមកំហែងបង្កប់ក្រោមគោលការណ៍ស្មគ្រ័ចិត្ត។​ នៅក្នុងរបាយការណ៍នោះដែរ អង្គការ Amnesty បាន​ស្នើឱ្យ​បារាំងនិងជប៉ុនថ្កោលទោសចំពោះការបណ្តេញពលរដ្ឋដោយបង្ខំនៅតំបន់អង្គរខ្មែរនេះ​។

លំនៅដ្ឋានពលរដ្ឋ​តំបន់រុនតាឯក ដែលប្តូរពី​តំបន់អភិរក្ស​អង្គរ (ថតនៅខែកក្កដាឆ្នាំ២០២៣)
លំនៅដ្ឋានពលរដ្ឋ​តំបន់រុនតាឯក ដែលប្តូរពី​តំបន់អភិរក្ស​អង្គរ (ថតនៅខែកក្កដាឆ្នាំ២០២៣) © Amnasty International
ផ្សាយពាណិជ្ជកម្ម

អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ ឬ Amnesty International បានចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយនៅថ្ងៃទី១៤វិច្ឆិកាម្សិលមិញ ដែលបង្ហាញថា ការប្តូរទីលំនៅពលរដ្ឋប្រមាណ​១ម៉ឺនគ្រួសារ​នៅតំបន់អង្គរទៅតំបន់រុនតាឯក បានរំលោភបំពានធ្ងន់ធ្ងរលើ​ច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ ជាការរំលោភបំពាន ដែល​អាជ្ញាធរខ្មែរ​​យក​លេស​ថា ដើម្បី​ការការពារតំបន់បេតិកភណ្ឌ​ពិភពលោករបស់អង្គការ​យូណេស្កូ ដោយឈរលើគោលការណ៍ស្មគ្រ័ចិត្ត។

នៅក្នុងរបាយការណ៍​កម្រាស់ជាង៩០ទំព័រនោះដែរមាន​សរសេរទៀតថា អាជ្ញាធរខ្មែរ​បាន​ថែមទាំងគំរាមកំហែង ​និងបំភិតបំភ័យ​ពលរដ្ឋ ឱ្យធ្វើការសម្រេចចិត្ត​ដោយបង្ខំគ្មានការពិគ្រោះយោបល់ជាក់លាក់ ដូចជាការ​បំភ្លៃថាមាន​គ្រោះទឹកជំនន់​ ផ្តាច់អគ្គិសនី​ ​និងបំផុសព័ត៌មានក្លែងក្លាយថាពួកគេនឹងជាប់គុក មិនទទួលសំណងអ្វីទាំងអស់ បើនៅ​មិនព្រមចាកចេញ​។​​

ទន្ទឹមគ្នានេះ​ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាទូទៅនៅ​​​ទីតាំងថ្មីនៅតំបន់រុនតាឯកនោះមិនសមរម្យ ខ្វះមុខខ្វះក្រោយ ​គ្មានបន្ទប់ទឹកបង្គន់អានាម័យ​​ ​ខណៈ​គ្រួសារដែលត្រូវបណ្តេញចេញ​នោះ​តម្រូវ​ឱ្យសាងសង់ផ្ទះផ្ទាល់ខ្លួន។ ដែល​ទាំងអស់នោះមិនត្រូវនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ដែលចែងថា ទីតាំងថ្មីត្រូវ​តែរួមបញ្ចូលការផ្គត់ផ្គង់ទឹក​ស្អាត លំនៅដ្ឋាន និងអនាម័យ មុនផ្លាស់ទីលំនៅពលរដ្ឋ​​។ គ្រួសារក្រីក្រខ្លះទៀត បានថែមទាំងបាន​បញ្ចាំ​បណ្ណក្រីក្រ​និង​​ឯកសារដីធ្លីដើម្បីខ្ចីបុលគេដើម្បីរស់ថែមទៀតផង។

គួរជម្រាបជូនថា​ លទ្ធផលនៃរបាយការណ៍របស់អង្គការ​ Amnesty International នេះគឺយោងទៅលើ​ការចុះ​សិក្សាស្រាវជ្រាវដោយផ្ទាល់ទៅលើពលរដ្ឋ​ដែលត្រូវបណ្តេញចេញ​ជាង១០០នាក់នៅរវាងខែមិនាដល់ខែមិថុនាឆ្នាំ២០២៣។  

តាមរយៈលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវខាងលើ ​អង្គការ Amnesty International ​បានស្នើបារាំង​និងជប៉ុនដែលជាសហស្ថាបនិក​គណៈ​កម្មាធិការ​អាយ​ស៊ីស៊ី​អង្គរ (ICC-Angkor) ឱ្យ​​ថ្កោលទោសជាសាធារណៈ​ចំពោះការបណ្តេញពលរដ្ឋចេញ​ដោយបង្ខំនៅតំបន់អង្គរខ្មែរនោះ​។ ហើយ​បារាំងនិងជប៉ុន​ត្រូវគាំទ្រលើ​ការស៊ើបអង្កេត​ឯករាជ្យ ​របស់​ ​ICC-Angkor ចំពោះ​ការប៉ះពាល់ដល់​សិទ្ធិមនុស្ស ដោយត្រូវ​បើកបង្ហាញលទ្ធផល​ជាសាធារណៈ​ និងត្រូវ​ប្រាកដថា ការរំលោភសិទ្ធិមនុស្ស​នោះគឺជាអ្វីដែលរដ្ឋាភិបាលបារាំងនិងជប៉ុនបានជ្រាប និង​លើកយកទៅបង្ហាញ​​នៅក្នុងកិច្ចប្រជុំ​គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនានា​របស់អង្គការយូណេស្កូ។

យ៉ាងណាក៏ដោយ អាជ្ញាធរខ្មែរដែលមាន​អាជ្ញាធរជាតិ​អប្សារា បានអះអាងថាពលរដ្ឋនៅតំបន់អង្គរព្រមចាកចេញ​ដោយស្ម័គ្រចិត្ត គ្មានការបង្ខំ ហើយអះអាងទៀតថាទីតាំងថ្មី​ បាននិងកំពុង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានលក្ខ​ខណ្ឌសមស្របសម្រាប់ពលរដ្ឋ​រស់នៅ​។ តាម​អាជ្ញាធរជាតិអប្សារា ពលរដ្ឋដែលតាំងទីលំនៅជាប្រពៃណីនៅតំបន់អង្គរ​​​នឹងមិនត្រូវបានបណ្តេញ​ចេញឡើយ ខណៈពលរដ្ឋដែលចាកចេញពីតំបន់អង្គរនឹង​ទទួលបានប្រយោជន៍​ច្រើនជាងនៅទីតាំងចាស់។ ​

គួរជម្រាបជូនថា តាមសេចក្តីព្រៀងនៃសេចក្តីសម្រេច​សម្រាប់តំបន់អង្គរ មានដូចជាសំណើឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ព័ត៌មាន​បច្ចុប្បន្នភាពត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។ ឯកសារនេះក៏ស្នើសុំឱ្យរដ្ឋាភិបាលបន្តគ្រប់​គ្រង​តំបន់​​នោះ​ និង«បង្កើន​ការយល់ដឹងអំពីបទប្បញ្ញត្តិកំណត់តំបន់» ដល់ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងអស់ ដោយគិតគូរដល់​សិទ្ធិ​​របស់សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ដោយការផ្លាស់ទីលំនៅនេះ​។ របាយការណ៍​នោះដែរបញ្ជាក់​​ថា ប្រជាពលរដ្ឋ​ចំនួន៩០០០គ្រួសារ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​តំបន់​រុនតាឯក និង​ទីតាំង​ផ្លាស់​ទី​លំនៅ​ទីពីរគឺស្ថិត​​នៅឃុំ​ពាក់​ស្នែង​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ