អានតួអត្ថបទ

រដ្ឋមន្រ្តីក្រសួងរ៉ែពន្យល់មូលហេតុនៃការបូមខ្សាច់ឡើងវិញនៅភូមិកោះស្រឡៅខេត្តកោះកុង

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា សាឡង់ចូលទៅបូមខ្សាច់នៅតំបន់ភូមិកោះស្រឡៅ ឃុំកោះកាពិ ខេត្តកោះកុងឡើងវិញ ដោយសារតែមានសំណើរបស់ពលរដ្ឋរស់នៅទីនោះ មិនមែនក្រសួងឬក៏រដ្ឋបាលខេត្តកោះកុងចេញអាជ្ញាប័ណ្ណឲ្យទេ។ លោកថែមទាំងបញ្ជាក់អះអាងថា មានឯកសារស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលបានស្នើដល់រដ្ឋបាលខេត្តកោះ​កុង ឲ្យចូលទៅបូមខ្សាច់ចេញពីតំបន់នោះ ដើម្បីងាយស្រួលឲ្យពួកគាត់ចេញចូលទូកនេសាទ ព្រោះនៅតំបន់នោះមានកន្លែងខ្លះខ្សាច់ដុះ ធ្វើឲ្យទូកពិបាកចេញចូល។

លោករដ្ឋមន្រ្តីក្រសួងរ៉ែនិយាយពីការបូមខ្សាច់នៅតំបន់កោះស្រឡៅខេត្តកោះកុង
លោករដ្ឋមន្រ្តីក្រសួងរ៉ែនិយាយពីការបូមខ្សាច់នៅតំបន់កោះស្រឡៅខេត្តកោះកុង © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

លោករដ្ឋមន្រ្តីក្រសួងរ៉ែបញ្ជាក់បែបនេះ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិ RFI ដែលបានសួរនៅក្នុងកិច្ចពិភាក្សាដែលរៀប​ចំដោយក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី២១ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ​។ បើតាមលោក កែវ រតនៈ ដោយផ្អែកតាមសំណើរបស់ប្រជាពលរដ្ឋនិងការស្នើ​សុំគោលការណ៍ពីរដ្ឋបាលខេត្តកោះកុង ទើបក្រ​សួង​រ៉ែ និង​ថាមពលក្នុងរដ្ឋាភិបាលអាណត្តិចាស់ (អាណ​ត្តិ​​ទី៦) បានសម្រេចអនុញ្ញាតឲ្យសាឡង់ចូលទៅបូមខ្សាច់នៅតំបន់ភូមិកោះស្រ​ឡៅ ខេត្តកោះ​កុង​ឡើងវិញ​។ ការស្នើសុំនេះ ការអនុញ្ញាតមានរយៈពេល៦ខែប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលជាបញ្ហានោះ លោក កែវ រតនៈ បានពន្យល់ថា សាឡង់ចូលទៅបូមខ្សាច់នៅតំបន់ភូមិកោះ​ស្រឡៅ មានមួយចេញគោលការណ៍អនុញ្ញាតពីក្រសួងរ៉ែ និងមួយទៀតចេញគោលការ​ណ៍អនុ​ញ្ញាតពីបរិស្ថាន។ សម្រាប់គោលការណ៍អនុញ្ញាតពីក្រសួងរ៉ែវិញ លោករដ្ឋមន្រ្តីបានអះអាងថា សា​ឡង់ចូលទៅបូមខ្សាច់ គឺត្រឹមត្រូវទៅតាមការកំណត់ ប៉ុន្តែសា​ឡង់ចូលទៅបូមខ្សាច់ដែលចេញលិខិតអនុញ្ញាតដោយបរិស្ថាន គឺទៅបូមខ្សាចខុសគោលដៅទៅវិញ។ ករណីនេះ លោក កែវ រតនៈ ចាត់ទុកថាជាករណីចេញគោលការណ៍អនុញ្ញាតស្ទួនគ្នារវាងក្រសួងរ៉ែ និងបរិស្ថាន។

សម្រាប់លោក កែវ រតនៈ ក្រោយពីមានបញ្ហានេះ ក្រសួងរ៉ែ និងថាមពល ក៏សម្រេចផ្អាកលែងឲ្យមាន សាឡង់​ចូលទៅបូមខ្សាច់នៅតំបន់ភូមិកោះស្រឡៅ ខេត្តកោះកុងទៀតហើយ។ លោកសង្កត់ធ្ងន់ថាបើមានករណីសាឡង់​ចូលទៅបូមខ្សាច់នៅតំបន់ភូមិកោះស្រឡៅ សូមរាយការណ៍ប្រាប់មកក្រសួងៗនឹងចាត់វិធានការច្បាប់។

ការឆ្លើយតបរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនៅពេលនេះ គឺបន្ទាប់ពីអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា កាលពីពេលថ្មីៗនេះ មានភ្ញាក់ផ្អើលពេលប្រទះឃើញសាឡង់បូមខ្សាច់បានចាប់ផ្ដើមចូលបូមខ្សាច់ឡើងវិញនៅភូមិកោះស្រឡៅ ខេត្តកោះកុង ក្រោយផ្អាកអស់រយៈពេល៨ឆ្នាំមកហើយ។ បញ្ហានេះធ្វើឲ្យអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានរូបនេះ សម្ដែងការសោកស្ដាយ និងស្នើឲ្យរដ្ឋាភិបាលពិចា​រណាឡើងវិញ ចំពោះការបើកឲ្យធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់នោះ។

បើតាមលោក សាន់ ម៉ាឡា តំបន់កោះស្រឡៅ ស្ថិតក្នុងឃុំកោះកាពិ ខេត្តកោះកុង ជាតំបន់មួយដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ ពីព្រោះតំបន់នោះមានជីវៈចម្រុះ និងធនធានធម្មជាតិ ព្រម​​ទាំងមានព្រៃកោងកាងជាដើម។ ដូច្នេះរដ្ឋាភិបាលគួរធ្វើការអភិវឌ្ឍតំបន់នោះ ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ជាជាងការផ្ដល់អាជ្ញាប័ណ្ណ​ឲ្យធ្វើអាជីវកម្មបូមខ្សាច់ នាំឲ្យប៉ះពាល់ដល់ជីវៈចម្រុះ ធនធានធម្មជាតិ និងប៉ះពាល់ដល់របរនេសាទរបស់ប្រជាពលរដ្ឋ។ នេះបើតាមលោក សាន់ ម៉ាឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ