អានតួអត្ថបទ

ចិន​បន្ត​បញ្ជាក់​ពីការ​គាំទ្រ​លោក ​ហ៊ុន ម៉ាណែត ​ក្រោយ​ចេញ​ដំណើរ​បាន​៣​ខែ

៣ខែ​ក្រោយ​ការ​ចេញដំណើរ​របស់​រដ្ឋាភិបាល​ថ្មី​កម្ពុជា ​ចិន​បានបញ្ជាក់​ជាថ្មី​ពីការ​បន្ត​គាំទ្រ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ដើម្បី​ធានា​នូវ​កំណើន​សេដ្ឋកិច្ច ​និង​នាំមក​នូវ​ផ្លែផ្កា​សម្រាប់​ប្រទេស​ និង​ប្រជាជន​កម្ពុជា​។ ​ការ​បញ្ជាក់​បែបនេះ ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​មួយ​រវាង​លោក ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លោកស្រី ​ស៊ិន យៀកយៀក ​(Shen Yueyue) ​អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ​កាលពី​ថ្ងៃទី​២៣ ​ខែ​វិច្ឆិកា ​នៅ​ទីស្នាក់ការ​គណបក្ស​កាន់អំណាច​ ក្រុង​ភ្នំពេញ​។

ជំនួបលោក ហ៊ុន​ ម៉ាណែត និងលោក ស៊ី ជិនពីង
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ដៃជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន AP - Cambodia Prime Minister Telegram
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត​ប្រទេសចិន​តាមរយៈ​អនុប្រធាន​សភារបស់ខ្លួន​គឺ​លោកស្រី ស៊ិន យៀកយៀក ​(Shen Yueyue) ​ដែលបាន​មកទស្សនកិច្ចនៅ​កម្ពុជា បានសម្តែង​នូវការ​គាំទ្រ​ដល់ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ដោយចិន​លើកឡើងថា​ ដើម្បី​ធានានូវ​កំណើន​សេដ្ឋកិច្ច ​និង​នាំមក​នូវផលប្រយោជន៍​ជាផ្លែផ្កា​ដើម្បីប្រទេស ​និង​ប្រជាជនកម្ពុជា។ ​នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​គណបក្សប្រជាជន​កម្ពុជានៅថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ ​ការបញ្ជាក់របស់​មេដឹកនាំទី២ ​នៃអំណាច​នីតិបញ្ញត្តិចិន​ធ្វើឡើងក្រោយ​រដ្ឋាភិបាលថ្មី​ដឹកនាំដោយ​លោក ហ៊ុន ម៉ាណែត ​ចេញដំណើរ​បាន​រយៈពេល​៣​ខែ​។

នៅក្នុង​ជំនួបជាមួយ​លោក ហ៊ុន សែន ​ប្រធានគណបក្ស​ប្រជាជនកម្ពុជា​នេះដែរ​ អនុប្រធាន​សភាចិន​បានឲ្យដឹងថា​ទស្សនកិច្ច​របស់លោកស្រី​នៅកម្ពុជា ​ជាការជំរុញ​បន្ថែមទៀត​នូវការ​អនុវត្តន៍កិច្ច​សហប្រតិបត្តិការ​ជាកស្តែង​នៅក្នុង​ការកសាង​សហគមន៍​ជោគវាសនារួម ​កម្ពុជា-ចិន ​ដែលមាន​គុណភាពខ្ពស់ ​កម្រិតខ្ពស់ និង​ស្តង់ដារខ្ពស់​នៅក្នុង​យុគសម័យថ្មី​។

ជាមួយគ្នានេះ ​ជំនួបរវាងប្រធាន​គណបក្សកាន់អំណាច ​និងអនុប្រធាន​សភាចិន​ ភាគីទាំងពីរ​ក៏បានបង្ហាញពី​ការប្តេជ្ញាចិត្ត​បន្តគាំទ្រគ្នា​ទៅវិញទៅមក ​ដើម្បីរក្សា​សន្តិភាព ​ស្ថិរភាព ​ការអភិវឌ្ឍន៍ ​និង​ពង្រឹងនូវ​ទំនាក់ទំនង​រវាងប្រជាជន ​និង​ប្រជាជនឲ្យកាន់តែ​ស៊ីជម្រៅ​ថែមទៀត។​ ក្រៅពីនេះ​ជំនួបនៃ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នយោបាយប្រទេសទាំងពីរ​បានរំលឹក​ក្នុងនាមមិត្ត​ដែកថែបថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន​ នៅតែបន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការកសាង​សហគមន៍ជោគវាសនា​រួម ការប្តេជ្ញា​បន្តបង្កើន​នូវសមិទ្ធផល​ផ្លែផ្កាជាក់ស្តែង​លើ«ច្រករបៀង​ឧស្សាហកម្ម ​និងបច្ចេកវិទ្យា​» និង​«ច្រករបៀង​មច្ឆារ និង​អង្ករ» ​ក្រោមកិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​។

សូមរំលឹកថា​បន្ទាប់ពីឡើង​ធ្វើជានាយក​រដ្ឋមន្ត្រីកាលពី​ចុងខែសីហា ​លោក ហ៊ុន ម៉ាណែត​ ក៏ធ្លាប់​បានជួបលោក​ប្រធាននាធិបតី​ចិន ស៊ី ជិនពីង ​២លើក​បន្តបន្ទាប់​គ្នាផងដែរ​ត្រឹមតែរយៈពេល​មិនដល់​២ខែផង​។ នៅក្នុងជំនួប​ជាមួយនាយក​រដ្ឋមន្ត្រីថ្មី​របស់កម្ពុជា ​មេដឹកនាំ​កំពូលចិន​តែងពោលពាក្យ​រឹតចំណង ​បង្កើន ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ ​ដែលមាន​កំរិតខ្ពស់​រួចទៅហើយនោះ​ឲ្យកាន់តែ​ខ្ពស់​បន្ថែមទៀត។ ​មេដឹកនាំចិន ​ក៏បានបង្ហាញនូវ​ចំណុចជាវិជ្ជមាន​ ដែល​ប្រទេស និង​ប្រជាជនកម្ពុជា​ទទួលបាន​នូវអត្ថប្រយោជន៍​ពីការចូលរួម​ជាមួយ​យុទ្ធសាស្ត្រ«​ខ្សែក្រវាត់ និងផ្លូវ​»របស់ចិន​ ខណៈដែល​កម្ពុជាបន្ត​អះអាងតជំនាន់​ពីការ​គាំទ្រឥតងាករេ​នូវ​នយោបាយចិន​១ ​បើទោះណាជា​ប្រទេសនេះ​រងនូវការ​រិះគន់​ពីលោកខាងលិច​ថា​មានការលម្អៀង​ទៅរក​ចិន​ក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ