អានតួអត្ថបទ

អ្នកនយោបាយមិនស្ថិតក្នុងចំណោមទណ្ឌិតដែលត្រូវបានលើកលែងនិងបន្ថយទោស

ទណ្ឌិតចំនួន៥៣៨នាក់​ត្រូវបាន​លើកលែង និងបន្ថយទោសនៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក ឆ្នាំ២០២៣។ ប៉ុន្តែអ្នកនយោបាយប្រឆាំងដែល​ត្រូវបាន​ជាប់ទោស គឺមិនស្ថិតក្នុងចំណោមទណ្ឌិតដែលត្រូវបានលើកលែងនិងបន្ថយទោសនៅពេលនេះឡើយ។

អ្នកជាប់ពន្ធនាគារកំពុងឈរយកអាហារ
អ្នកជាប់ពន្ធនាគារកំពុងឈរយកអាហារ © FB
ផ្សាយពាណិជ្ជកម្ម

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរលើ​ហ្វេសប៊ុកថានៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣ មហាក្សត្របានប្រទានការលើកលែងទោសដល់ទណ្ឌិតជាស្ត្រី០១ នាក់ គឺជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ។

ក្រៅពីនោះ ទណ្ឌិតចំនួន៥៣៧នាក់ដែលត្រូវបានបន្ធូរបន្ថយទោស ៣ ខែ ចំនួន ៣៩១ នាក់ ។ ការបន្ថយទោស ៦ ខែ ចំនួន ១៣២ នាក់ ។ ការបន្ថយទោស ៩ ខែ ចំនួន ១២ នាក់ ។ ការបន្ថយទោស ១២ ខែ ចំនួន០១នាក់ និងការបន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ  ចំនួន ០១ នាក់។

បើតាមអ្នកនាំពាក្យរូបនេះ គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចជា ឧក្រិដ្ឋជនគ្រឿងញៀន

 អំពើសាហាវយង់ឃ្នងករណីមិនរាងចាល ការប្រព្រឹត្តលើ​ជនរងគ្រោះដែលជាសាច់ញាតិឬសហព័ទ្ធ

ការប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការឬមន្ត្រីសាធារណៈ និងទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។

ដោយឡែកក៏គ្មានការលើកលែងដែរចំពោះបទល្មើសរំលោភផ្លូវភេទ ដែលជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំជនរងគ្រោះជាជនមានវិបល្លាសស្មារតីឬពិការ ជនរងគ្រោះជាសាច់សាលោហិត ករណីរំលោភបូក និងករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត។

ទោះជាយ៉ាងណា ក្រសួងយុត្តិធម៌មិនបានរំលេចពីករណីអ្នកនយោបាយជាប់ទោសនោះឡើយ។ ប៉ុន្តែបើតាម​លោក អំ សំអាត នាយកអង្គការលីកាដូ គឺគ្មានឡើយការលើកលែងទោស ឬបន្ថយទោស ទៅលើ​អ្នក​នយោបាយ ឬសកម្មជនប្រឆាំង។ ការនេះបានធ្វើឲ្យក្រុមគ្រួសារអ្នកនយោបាយ​ដែលជាប់ទោស​សំដែង​ការ​ខក​ចិត្ត។ មន្ត្រីសិទ្ធិមនុស្សក៏ចង់ឃើញមានការលើកលែងទោសដល់អ្នកនយោបាយដែល​កំពុងឃុំផងដែរ ដើម្បីអ្វីដែលគេហៅថាជាការផ្សះផ្សាជាតិឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ