អានតួអត្ថបទ

ក្រុមស្រ្តីថ្ងៃសុក្រប្ដេជ្ញាតវ៉ាទាមទារឲ្យដោះលែងស្វាមីមិនទម្លាក់ដៃចុះឡើយ

ក្រុមស្រ្តី​ថ្ងៃសុក្រ​នឹងធ្វើការតវ៉ាទាមទារឲ្យដោះលែងស្វាមីរបស់ពួកគេបន្តទៀត ក្រោយខកចិត្តដែលស្វា​មីរបស់ពួកគេមិនមានឈ្មោះក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសពីព្រះមហាក្សត្រនៅក្នុងព្រះរាជ​​ពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ។ ក្រៅពីតវ៉ា ក្រុមស្រ្តីថ្ងៃសុក្រ ក៏គ្រោងស្នើតាមបណ្ដាអង្គ​ទូតប្រទេសប្រជាធិបតេយ្យនានានៅកម្ពុជា ឲ្យមានកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាល ដើម្បីស្នើឲ្យមានការ​ដោះលែងស្វាមីរបស់ពួកគេផងដែរ។

ក្រុមស្រ្តីថ្ងៃសុក្រតវ៉ាទាមទារឲ្យដោះលែងស្វាមី
ក្រុមស្រ្តីថ្ងៃសុក្រតវ៉ាទាមទារឲ្យដោះលែងស្វាមី © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៨វិច្ឆិកានេះ អ្នកស្រី ព្រំ ចាន់ថា ដែលជាស្រ្តីថ្ងៃសុក្រមួយរូប មានការខកចិត្តយ៉ាងខ្លាំងដែលស្វាមីរបស់អ្នកស្រី និងអ្នកទោសនយោបាយដទៃទៀតពុំមានឈ្មោះក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោស ដូចអ្នកទោសដទៃទៀតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ។ អ្នកស្រី ព្រំ ចាន់ថា​ បានចាត់ទុកករណីនេះ ថាជារឿងអយុត្តិធម៌បំផុតសម្រាប់អ្នកទោសនយោបាយ ដែលគេចោទប្រកាន់ និងចាប់ដាក់គុកទាំងដែលគ្មានកំហុស។

ស្រ្តីថ្ងៃសុក្ររូបនេះបញ្ជាក់ថា នឹងធ្វើការតវ៉ាទាមទារឲ្យដោះលែងស្វាមីរបស់ពួកគេបន្តទៀត ដោយមិនទម្លាក់ដៃចុះឡើយ ក៏ប៉ុន្តែការតវ៉ានឹងចាប់ផ្ដើមនៅពេលណានោះអ្នកស្រីមិនបានកំណត់ឡើយ។ ក្រៅពីតវ៉ា អ្នកស្រី ព្រំ ចាន់ថា បានគូសបញ្ជាក់ថា ពួកគេក៏គ្រោងស្នើតាមបណ្ដាអង្គទូតប្រទេសប្រជាធិបតេយ្យ​នានានៅកម្ពុជា ឲ្យមានកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាល ដើម្បីស្នើឲ្យមានការ​ដោះលែងស្វាមី និងអ្នកទោសនយោបាយដែរ។ បើតាមអ្នកស្រី ព្រំ ចាន់ថា បើមានការដោះលែងអ្នក​ទោសនយោបាយ នោះរដ្ឋាភិបាលនឹងចំណេញ។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣ មានទណ្ឌិតចំនួន៥៣៨នាក់​ត្រូវបាន​លើកលែង និងបន្ថយទោសពីព្រះមហាក្សត្រ។ ប៉ុន្តែអ្នកនយោបាយប្រឆាំងដែល​កំពុង​ជាប់ទោស គឺមិនស្ថិតក្នុងចំណោមទណ្ឌិតដែលត្រូវបានលើកលែង និងបន្ថយទោសនៅពេលនេះឡើយ។

បើតាមអ្នកស្រី ព្រំ ចាន់ថា គិតមកទល់ពេលនេះស្វាមីអ្នកស្រី និងអ្នកទោសនយោបាយដទៃទៀត បានជាប់ទោសនៅក្នុងពន្ធនាគារប្រមាណជិត ៤ឆ្នាំមកហើយ គិតចាប់តាំងពីថ្ងៃចាប់ខ្លួន។ ស្វាមីអ្នកស្រី និងអ្នកទោសនយោបាយដទៃទៀត ត្រូវតុលាការកម្ពុជាកាត់ទោស និងឃុំខ្លួនក្នុងពន្ធនា​គារចន្លោះពី៣ទៅ៧ឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វិលចូលប្រទេសកម្ពុជារបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ