ក្រសួងមហាផ្ទៃទទួលស្គាល់សមាជបក្សកម្លាំងជាតិ ខណៈបក្សនេះនិងភ្លើងទៀនកំពុងដណ្តើមសកម្មជនគ្នា
ក្រសួងមហាផ្ទៃនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសម្រេចទទួលស្គាល់សមាជគណបក្សកម្លាំងជាតិ ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ វិច្ឆិកាកន្លងទៅ។ ការប្រកាសទទួលស្គាល់របស់ក្រសួងមហាផ្ទៃ ដែលមានចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងខណៈដែលគណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀន ត្រូវគេមើលឃើញថាកំពុងមានការប្រទាញប្រទង់គ្នាជុំវិញសកម្មជន និងអ្នកគាំទ្រនៃគណបក្សទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៧
ក្រសួងមហាផ្ទៃ ដែលមានសមត្ថកិច្ចលើការចុះបញ្ជីគណបក្សនយោបាយនៅកម្ពុជា បានសរសេរទៅកាន់លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិថា ក្រសួងបានពិនិត្យ និងសម្រេចទទួលស្គាល់នូវលទ្ធផលសមាជលើកដំបូងរបស់គណបក្សកម្លាំងជាតិ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សរួមមានលោក ស៊ុន ចន្ធី ជាប្រធាន លោក ជា មុនី ជាអនុប្រធាន ព្រមទាំងសមាជិកគណៈកម្មាធិការនាយកចំនួន ២៧រូប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩រូប និងសមាជិកគណៈកម្មការវិន័យចំនួន ៥រូប។
ជាមួយគ្នានេះ គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ត្រូវគេមើលឃើញថាកំពុងតែប្រទាញប្រទង់គ្នាជុំវិញសកម្មជន និងអ្នកគាំទ្រ ខណៈគណបក្សភ្លើងទៀនមិនអាចចូលរួមបោះឆ្នោតបាននាពេលខាងមុខ ទាំងការបោះឆ្នោតសកល និងអសកល។ ករណីនេះ ត្រូវគេប្រៀបប្រដូចទៅនឹងមេមាន់ ដែលកំពុងការកូន ឬរាំងរា មិនឲ្យគណបក្សកម្លាំងជាតិចូលមកអូសទាញ ឬឆក់យកកូន ដែលគេប្រដូចទៅនឹងខ្លែងស្រាក។
ជាការកត់សម្គាល់ មេដឹកនាំគណបក្សទាំងពីរ ដែលមានប្រភពពីបក្សប្រឆាំងតែមួយ បានព្យាយាមសម្រួលស្ថានការណ៍ថាករណីដណ្តើមសមាជិក និងអ្នកគាំទ្រគ្នានេះ មិនមានជម្លោះអ្វីនឹងគ្នាទេ។ អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី បានថ្លែងថា គណបក្សទាំងពីរមិនមានភាពប្រទាំងប្រទើសគ្នាទេ ដោយលោកអះអាងថាគណបក្សកម្លាំងជាតិបន្តយន្តការគណបក្សភ្លើងទៀនទៅថ្ងៃអនាគត ដោយសារតែគណបក្សភ្លើងទៀន មិនអាចចូលរួមបោះឆ្នោតបាន ធ្វើឲ្យប្រជាពលរដ្ឋមានការខកចិត្ត ហើយសមាជិករបស់គណបក្សភ្លើងទៀន ចង់បន្តចូលរួមការបោះឆ្នោតនាពេលខាងមុខតាមរយៈគណបក្សកម្លាំងជាតិ។ តែទ្វារប្រជាធិបតេយ្យនៃការជជែកគ្នានៅតែចំហ។
ទោះយ៉ាងណា សកម្មជនគណបក្សភ្លើងទៀនមួយចំនួន ត្រូវបានដកចេញ បន្ទាប់ពីពួកគេព្យាយាមបញ្ចុះបញ្ចូលសមាជិកនៅមូលដ្ឋានឯទៀតឲ្យទៅគាំទ្រគណបក្សកម្លាំងជាតិ។ នេះបើតាមលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។ លោក សុន ឆ័យ ក៏បានចេញសារក្រើនរំលឹកដែរដល់សមាជិកគណបក្សភ្លើងទៀននៅមូលដ្ឋានទាំងអស់ ឲ្យពួកគេស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាង២ពាន់នាក់ ថាជាសមាជិកជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ដែលមានសុពលភាពដល់ឆ្នាំ ២០២៧។
សូមបញ្ជាក់ថាគណបក្សភ្លើងទៀន នឹងមិនអាចចូលរួមការបោះឆ្នោតក្រោយៗបានទេ ទាំងការបោះឆ្នោតសកល និងអសកល ដោយសារតែមិនមានសំបុត្រកំណើតច្បាប់ដើម។ ទោះយ៉ាងណាក្រុមមេដឹកនាំគណបក្សនេះ ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្ស៣ផ្សេងទៀត យល់ថាពួកគេមិនទាល់ច្រកទេ ហើយក៏ត្រៀមគណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមការបោះឆ្នោតអសកលនានាខាងមុខដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ