អានតួអត្ថបទ

អាជ្ញាធរ​អគ្គិសនី​បញ្ចុះ​តម្លៃ​១៥​% ​រយៈពេល​៣​ខែ​ក្នុង​វិស័យ​ទេសចរណ៍​តែ​​ភ្ជាប់​​លក្ខខណ្ឌ

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​បាន​ប្រកាស​បញ្ចុះតម្លៃ​ប្រើប្រាស់​អគ្គិសនី ​១៥% ​ក្នុង​វិស័យ​ទេសចរណ៍​រយៈពេល​៣ខែ ​គឺ​ចាប់ពី​ខែ​ធ្នូ ​ឆ្នាំ​២០២៣ ​ដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៤​។ ​ក៏ប៉ុន្តែ​ការ​ចុះតម្លៃ​១៥​%​នេះ ​អាជ្ញាធរ​អគ្គិសនី​ក៏មាន​លក្ខខណ្ឌ​ដែរ​ គឺ​ចំពោះ​បរិមាណ​ថាមពល​ដែលប្រើ​លើសពី​ការប្រើ​មធ្យម​ក្នុងរយៈពេល ​៦​ខែ​កន្លងមក​របស់​អ្នកប្រើប្រាស់​អគ្គិសនី​ប្រភេទ​ពាណិជ្ជកម្ម ​អាជីវកម្ម ​និង​សេវាកម្ម​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍​។

ទេសចរណ៍បរទេសកំពុងទស្សនាប្រាសាទនានានៅតំបន់អង្គរ
ទេសចរណ៍បរទេសនៅតំបន់ប្រាសាទអង្គរវត្ត © សហការី
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​អគ្គិសនីកម្ពុជា​បញ្ជាក់ថា ​ការបញ្ចុះតម្លៃ​ប្រើប្រាស់​អគ្គិសនី ​១៥%​ សម្រាប់​វិស័យទេសចរណ៍​រយៈពេល​៣ខែ ​ចាប់ពី​ខែធ្នូ ​ឆ្នាំ​២០២៣ ​ដល់ខែកុម្ភៈ ​ឆ្នាំ​២០២៤ គឺដើម្បី​ជួយដល់​អ្នកធ្វើ​អាជីវកម្ម​ក្នុងវិស័យ​ទេសចរណ៍​នៅក្នុង​រដូវ​ចុងឆ្នាំ​២០២៣ ​និង​ដើមឆ្នាំ​២០២៤​។

អាជ្ញាធរ​អគ្គិសនីកម្ពុជា​ក៏បាន​លម្អិតចំណុច​មួយចំនួន ​ទាក់ទងទៅនឹង​អ្នកប្រើប្រាស់​អគ្គិសនី​ប្រភេទពាណិជ្ជកម្ម​ អាជីវកម្ម ​និង​សេវាកម្ម​បម្រើក្នុង​វិស័យទេសចរណ៍ ​លក្ខខណ្ឌ​បញ្ចុះតម្លៃ ​និង​រយៈពេល​នៃការបញ្ចុះតម្លៃ ​ដែលអាច​មាន​ការបញ្ចុះតម្លៃ​បន្ថែមទៀត​ អាស្រ័យលើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អគ្គិសនីកម្ពុជា​។

ជុំវិញ​បញ្ហានេះ ​លោក ​ម៉ម រិទ្ធី ​ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ ​និង​សេវាកម្ម​កម្ពុជា ​បានសម្តែង​នូវការ​ស្វាគមន៍ចំពោះ​យន្តការរបស់​រដ្ឋាភិបាល​ ដែលបាន​យកចិត្តទុកដាក់​ជួយដល់​វិស័យ​ទេសចរណ៍​ ដែលកំពុង​ធ្លាក់ដុនដាប​។ ក៏ប៉ុន្តែ​លោក រិទ្ធី សំណូមពរ​ឲ្យអាជ្ញាធរអគ្គិសនី​កម្ពុជា​បញ្ចុះតម្លៃ​១៥% ​ពីក្នុងតម្លៃ​នៃការ​ប្រើប្រាស់​សរុបទាំងអស់ ​ជាជាង​បញ្ចុះតម្លៃ ​១៥%​ពីលើ​ថាមពលអគ្គិសនី​ ដែល​ប្រើប្រាស់​លើសមធ្យមភាគ​រយៈពេល​៦ខែ​កន្លងមក​។ លោកថា​ បើគិតដូចការ​លើកឡើង​របស់អាជ្ញាធរ​អគ្គិសនីកម្ពុជា​មែន ​ការបញ្ចុះតម្លៃ​នេះតិចតួច​ណាស់​។

សូមបញ្ជាក់ថា​វិស័យទេសចរណ៍​កម្ពុជា​បានរងនូវ​ភាពដុនដាប​ស្ទើរដល់​កំរិតសូន្យ ​អំឡុងពេល​នៃការរាតត្បាត​ជំងឺកូវីដ-១៩​។ ក្រោយជំងឺ​កូវីដថមថយ​ទៅ ហើយ​រដ្ឋាភិបាលបាន​ប្រកាសបើក​ប្រទេស និង​សេដ្ឋកិច្ច​ឡើងវិញ​កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២១ អាជីវកម្ម​ទេសចរណ៍កម្ពុជា​ក៏បាន​រើបឡើងវិញ ​ក៏ប៉ុន្តែ​ស្ថិតក្នុង​ស្ថានភាព​យ៉ាប់យឺន​នៅឡើយ ​ដោយសារ​តែ​វិបត្តិថ្មីៗ​បានកើតឡើង​បន្តគ្នា​ដូចជា​វិបត្តិ​សេដ្ឋកិច្ច​សកល ​សង្គ្រាម​នៅតាម​តំបន់​មួយចំនួន​នៃ​ពិភពលោក​។ល​។

ទោះយ៉ាងណា ​រដ្ឋាភិបាលកម្ពុជា​ក៏បាន​ស្វះស្វែងដែរ ​ក្នុងការជួយ​ឲ្យទេសចរណ៍ខ្មែរ​ងើបឡើងវិញ​ ដូចជាការត្រៀម​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរបរទេស​មួយចំនួន ​តាមរយៈ​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ ការបង្កើត​ឲ្យមាន​អាកាសយានដ្ឋាន​ខ្នាតអន្តរជាតិ ​ដាក់យុទ្ធសាស្ត្រ​ស្រូបទាញ​ភ្ញៀវទេសចរ​ចិន​តាមរយៈ​វេទិកា ​ខ្សែក្រវ៉ាត់​និង​ផ្លូវ ​ការបញ្ចុះ​ពន្ធ និង​ភាពអនុគ្រោះ​ផ្សេង​ៗ​ទៅដល់​អាជីវកម្ម​វិស័យ​ទេសចរណ៍​ជាដើម​។

យោងតាម​តួលេខ​របស់ក្រសួង​ទេសចរណ៍​រយៈពេល​៩ខែ ​ឆ្នាំ​២០២៣ ​ភ្ញៀវទេសចរ​បរទេស​ជិត ​៤​លាននាក់​ បាន​ធ្វើដំណើរ​ចូលមក​កម្ពុជា ​ពោលគឺ​មានការ​កើនឡើង​ជាង ​២០០​% ធៀបទៅនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០២២ ​ដែលមាន​ជាង ​១,២​លាននាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ