អានតួអត្ថបទ

សង្គម​ស៊ីវិល​ថា​ពលករ​ចំណាកស្រុក​បន្ត​ប្រឈម​បញ្ហាធំ​ៗ តែ​រដ្ឋ​ថា​បញ្ហា​ប្រឈម​​​ត្រូវបាន​ដោះស្រាយ

នៅ​ក្នុង​ឱកាស​នៃ​​ទិវាពលករ​ចំណាកស្រុក​អន្តរជាតិ​ថ្ងៃទី​១៨ ខែ​ធ្នូ ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​(សង់ត្រាល់)​ បានប្រារព្ធ​ទិវានេះ​ចំនួន​១៦​ទីតាំង ​នៅក្នុង​ខេត្ត​ចំនួន​៦ រួមមាន​ខេត្ត​កំពង់ធំ ​សៀមរាប ​ព្រះវិហារ ​បន្ទាយមានជ័យ ​បាត់ដំបង ​និង​ខេត្ត​ពោធិ៍សាត់​។ ​បញ្ហាប្រឈម​នានា ​រួមមាន​ការចំណាកស្រុក​ដោយ​ខុសច្បាប់ ​យន្តការ​នៃ​ការរាយការណ៍ ​និង​បណ្តឹង​តវ៉ា​របស់​ពលករ​នៅមាន​កំរិត ​និង​វិសាលភាព​នៃ​កិច្ចគាំពារ​សង្គម​មិនទាន់បាន​គ្របដណ្តប់​ដល់​អតីតពលករ​ចំណាកស្រុក​ត្រូវបាន​លើកមក​ជជែក ​និង​ស្នើទៅ​រដ្ឋាភិបាល ​ដើម្បី​ពិចារណា​ក្នុងការ​ធ្វើ​គោលនយោបាយ​។

ពលករចំណាកស្រុកខុសច្បាប់ខ្មែរ ចូលទៅក្នុងប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ
ពលករចំណាកស្រុកខុសច្បាប់ខ្មែរ ចូលទៅក្នុងប្រទេសថៃ © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍ដែលមាន​៧ទំព័រ ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​(សង់ត្រាល់)​ បានរកឃើញ​បញ្ហាប្រឈមជំនួន​៣ ដែល​ពលករចំណាកស្រុក​កម្ពុជា​កំពុងជួបប្រទះ ​នោះគឺ​ពលករ​ចំណាកស្រុក​ភាគច្រើន ​មិនអាច​ធ្វើចំណាកស្រុក​តាមប្រព័ន្ធ​នៃកិច្ចព្រមព្រៀង​យោគយល់គ្នា​(MOU)​បានឡើយ​ ដោយសារតែ​ត្រូវចំណាយពេល​វេលារង់ចាំយូរ ​នីតិវិធី​ស្មុគ្រស្មាញ និង​មានការចំណាយខ្ពស់​។

ពលករនៅតែ​ជ្រើសរើស​ការចំណាកស្រុក​តាមរយៈមេខ្យល់ ឬ​តាមគ្រួសារ ​សាច់ញាតិ ​ជាជាងទៅតាម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ ខណៈដែល ​៦៥% នៃ​ពលករដែល​បានសម្ភាសន៍​ជំពាក់បំណុល​ធនាគារ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​ឬចងការ​ឯកជន។ ​ការចំណាកស្រុក​តាមរយៈ​មេខ្យល់​គឺជា​ការងាយធ្លាក់​ទៅក្នុងកម្មវត្ថុ​នៃការ​ចាញ់បោក ​និង​ការជួញដូរ។​ នេះបើតាម​របាយការណ៍​របស់សង់ត្រាល់​។ បន្ថែមពីនេះ ​ក៏មានករណី​ថៅកែ​ចេញសោហ៊ុយ​ឲ្យថ្លៃ​ធ្វើដំណើរ និង​ចំណាយលើការ​ធ្វើឯកសារ​នានាជាមុន​ ដោយតម្រូវ​ឲ្យពលករ​ធ្វើការ​សង​វិញជាក្រោយ ​ដែល​សំណងនេះ​ត្រូវចំណាយ​ពេលពី​៦ ទៅ​៩ខែ​ទើបរួច​។

ពាក់ព័ន្ធនឹង​ការរំលោភ​សិទ្ធិ​ការងារ​ដូចជាការ​មិនបើកប្រាក់ឈ្នួល​ឲ្យពលករ ​ការបញ្ឈប់ពី​ការងារ ការ​ប្រើពាក្យសម្តី​មិនសមរម្យ ឬ​បង្ខំឲ្យធ្វើការ​ថែមម៉ោង​ សុទ្ធសឹងជា​ករណីដែល​បានកត់ត្រា​នៅក្នុង​ការរកឃើញ​របស់​អង្គការ​សង់ត្រាល់ ​ដោយពលករ​ចំណាកស្រុកពិបាក​នឹងស្វែងរក​កិច្ចអន្តរាគមន៍​ពីអ្នក​ពាក់ព័ន្ធ ដោយសារតែ​ស្ថានភាព​របស់​ពួកគេ​។

មួយវិញទៀត ​វិសាលភាព​នៃ​កិច្ចគាំពារ​សង្គម​ដល់ពលករ​ចំណាកស្រុក ​មិនទាន់បាន​គ្របដណ្តប់ដល់​អតីតពលករ​ចំណាកស្រុក​នៅឡើយ​ ក្រោយពេលដែល​ពួកគេ​ត្រលប់មក​ប្រទេសវិញ ​បាត់ឈ្មោះ​ពីកន្លែងស្នាក់នៅ ​មិនទទួល​បានប័ណ្ណក្រីក្រ ​មិនមាន​ការងារធ្វើ ​ជាហេតុនាំឲ្យ​អតីតពលករ​ចំណាកស្រុក​ទទួលរងនូវ​ផលប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​មានបញ្ហា​ផ្លូវចិត្ត​។

បញ្ហាប្រឈម​ដែលបាន​កើតឡើង​ខាងលើ ​ត្រូវអង្គការ​សង់ត្រាល់​ដាក់ជា​អនុសាសន៍​ទៅ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ជួយសម្រួលឲ្យ​ប្រសើរឡើង​ ដែលជាការ​ឆ្លើយតប​ដ៏វិជ្ជមាន​សម្រាប់ពលករ​ចំណាកស្រុក​កម្ពុជា​។

ជុំវិញបញ្ហា​ពលករ​ចំណាកស្រុក​នេះដែរ ​អ្នកនាំពាក្យ​ក្រសួងការងារ​លោក កត្តា អ៊ន ​អះអាងថា​ក្រសួងបានប្រឹងប្រែង​ធ្វើការងារនេះ​ចំនួន​៦ចំណុច ​ដែលក្នុងនោះ​មានការពង្រឹង​សេវាអនុព័ន្ធ​ការងារ​អមស្ថានទូត​កម្ពុជា និង​មជ្ឈមណ្ឌលគាំពារ​ពលករបរទេស​តាមបណ្ដាប្រទេស​គោលដៅ ដើម្បី​ជួយបង្ករ​ភាពងាយស្រួល​ដល់​ពលរដ្ឋខ្មែរ​អំឡុងពេល​បម្រើការងារ​។

ទន្ទឹមនឹងនេះ ​ការបន្តពង្រឹង​យន្តការចុះត្រួត​ពិនិត្យ និង​ធ្វើអធិការកិច្ច​ការងារលើ​ទីភ្នាក់ងារ​ជ្រើសរើសពលករ​ឯកជន ​ការផ្ដល់​ការគាំទ្រ និង​ភាពងាយស្រួល​ជូនពលករ​ពេលធ្វើការ​នៅក្រៅប្រទេស​តាមរយៈការ​សម្របសម្រួល​បែបបទ​ឯកសារ​គាំពារតាម​ផ្លូវច្បាប់​ ការ​សង្គ្រោះ​ពេលមាន​ហានិភ័យនិង​ ការជួបសួរសុខទុក្ខ​ជាប្រចាំ ​ក៏ក្រសួង​បានអនុវត្ត​យ៉ាងយកចិត្ត​ទុកដាក់​ដែរ​។

បន្ថែមពីនេះ ​ក្រសួងការងារ​បានជួយអន្តរាគមន៍​សម្របសម្រួល ​និងដោះស្រាយ​បញ្ហាជាទូទៅ​របស់ពលករ រួមនឹង​ការ​ផ្ដល់​ជំនួយជា​ថ្នាំព្យាបាល ​ស្បៀងអាហារ​ដល់ពលករ​ ដែលជួបការលំបាកនៅក្នុង​ប្រទេសថៃ​អំឡុងពេល​ជំងឺកូវីដ​ និង​ចំណុចចុងក្រោយ ​ការផ្តួចផ្តើម​ឱ្យមាន​ការធានា​ចល័តភាព​របបសន្តិសុខ​សង្គម​ក្នុងតំបន់​អាស៊ាន​។

សូមបញ្ជាក់ថា ​តាមតួលេខ​ផ្លូវការ​គិតត្រឹម​ឆ្នាំ​២០២៣ កម្ពុជាមាន​ពលករ​ទេសន្តប្រវេសន៍​ប្រមាណ ​១,៣លាននាក់ ​ដែលកំពុង​ធ្វើការនៅក្នុង​ប្រទេសមួយចំនួន​ដូចជាថៃ ​កូរ៉េខាងត្បូង​ ជប៉ុន​ ម៉ាឡេស៊ី ​​ហុងកុង​ សឹង្ហបុរី ​និង​ប្រទេស​មួយចំនួន​ទៀត​។ ក៏ប៉ុន្តែ​តួលេខ​ក្រៅផ្លូវការ​ត្រូវគេជឿ​ថាមានច្រើន​ជាង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ