អានតួអត្ថបទ

របាយការណ៍៖វិស័យរ៉ែគួរផ្ដោតលើផលប្រយោជន៍របស់ពលរដ្ឋ ជាជាងប្រាក់ចំណេញ

លទ្ធផលនៃការសិក្សាមួយរបស់អង្គការសមធម៌កម្ពុជាក្នុងឆ្នាំ២០២៣នេះបានបង្ហាញថា សាជីវកម្មឧស្សាហកម្មរ៉ែមាសដែលប្រើគ្រឿងយន្តខ្នាតធំ ផ្ដល់ហានិភ័យជាច្រើនដល់ការទន្ទ្រានយកដីធ្លី ការបំផ្លាញបរិស្ថាន សុខភាព និងសុវត្ថិភាព ពិសេសក្នុងចំណោមជនជាតិដើមភាគតិច។ បញ្ហានេះត្រូវបាន ការសិក្សាលើកឡើងថា វាជារឿងសំខាន់ដែលវិស័យរ៉ែទាំងមូលត្រូវផ្ដោតលើប្រយោជន៍របស់ពលរដ្ឋខ្មែរជាជាងប្រាក់ចំណេញ និងសួយសារអាករ។

Cambodia-mining-gold
Cambodia-mining-gold AFP - TANG CHHIN SOTHY
ផ្សាយពាណិជ្ជកម្ម

ការសិក្សាស្ដីពីស្ថានភាពឧស្សាហកម្មរ៉ែមាសនៅកម្ពុជាដែលទើបចេញផ្សាយនៅថ្ងៃទី២៦ខែធ្នូថ្មីៗបានលើកឡើងថា ចាប់ពីសតវត្សរ៌ទី២១ ឧស្សាហកម្មរ៉ែមាសក្នុងប្រទេសកម្ពុជាបានផ្លាស់ប្ដូរបន្តិចម្ដងៗ ពីលក្ខណៈប្រពៃណី ទៅជាវិស័យសាជីវកម្ម ដែលផ្ដោតលើផលិតកម្មដោយប្រើគ្រឿងយន្តខ្នាតធំ។ ក្នុងពេលជាមួយគ្នានេះ ការសិក្សាដដែលបានកត់សម្គាល់ថា គណនេយ្យភាពនៃឧស្សាហកម្មនេះត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ខណៈសាជីវកម្មលើធនធានរ៉ែនេះត្រូវបានចូលកាន់កាប់ដោយក្រុមអភិជនស្និទ្ធនឹងអ្នកមានអំណាច។

តាមការសិក្សាដដែលនេះ ថ្វីត្បិតតែការពង្រីកឧស្សាហកម្មរ៉ែមាសអាចជួយកម្ពុជាឲ្យកាត់បន្ថយការពឹងផ្អែកលើម្ចាស់ជំនួយ និងប្រាក់កម្ចីក៏ដោយក៏វាផ្ដល់ផលប៉ះពាល់ជាច្រើនដល់ សិទ្ធិមនុស្ស បរិស្ថាន សុខភាព និងសុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា។

ជាក់ស្តែង អង្គការសមធម៌កម្ពុជាដែលបានប្រមូលព័ត៌មាន និងទិន្ន័យជាង២ខែក្នុងឆ្នាំ២០២៣ពីភាគីពាក់ព័ន្ធជិត៦០នាក់នៅតាមជុំវិញតំបន់ជីកយករ៉ែបានឲ្យដឹងថា ការធ្វើគ្រឿងយន្តកម្មគួបផ្សំនឹងសារធាតុគីមីក្នុងឧស្សាហកម្មនេះបានបង្កើនហានិភ័យជាច្រើនដល់ការទន្ទ្រានយកដី ព្រមទាំងបំផ្លាញសុខភាព សុវត្ថិភាព ជាពិសេសក្នុងចំណោមពលរដ្ឋដែលជាជនជាតិដើមភាគតិច។ ដោយឡែក ការគាស់កាយសាងសង់ផ្លូវទៅកាន់តំបន់ដាច់ស្រយាលដើម្បីទាញយករ៉ែក៏បង្កើនហានិភ័យខ្ពស់ដល់ការកាប់បំផ្លាញព្រៃឈើជាសកលផងដែរ។

តាមអង្គការសមធម៌កម្ពុជាដដែល ទាំងនេះជាហានិភ័យមួយចំនួនកើតចេញដំណើរការសាជីវកម្មដែលគ្មានគណនេយ្យភាព និងបង្កភាពកាន់តែធ្ងន់ធ្ងរដល់ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ អ្វីដែលអង្គការសមធម៌កម្ពុជា ចងនិយាយ គឺការរំលោភលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ និងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិរបស់ជនជាតិដើមភាគតិចជាដើម។

ដោយឡែក ការសិក្សារបស់អង្គការសមធម៌កម្ពុជាបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពលបានបង្កើតមូលនិធិគាំទ្រសង្គមដែលប្រមូលពីតួអង្គផ្សេងៗក្នុងវិស័យរ៉ែដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍មូលដ្ឋាន។ តែការសិក្សាដដែលបានលើកឡើងពីការលំបាករបស់សហគមន៍មូលដ្ឋានក្នុងការទទួលបានមូលនិធិគាំទ្រសង្គម និងថា នេះជាភាពមិនច្បាស់លាស់មួយស្ដីពីប្រសិទ្ធិភាពនៃការប្រើប្រាស់មូលនិធិមួយនេះរបស់ក្រសួង។

ខណៈនេះ ក្រសួងរ៉ែ និងថាមពលនៅមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណាទៅលើរបាយការណ៍របស់អង្គការសមធម៌កម្ពុជានេះទេ។ យ៉ាងណាក៏ដោយ អង្គការសមធម៌កម្ពុជាបានអំពាវនាវឲ្យមានចំណាត់ការឲ្យបានម៉ត់ចត់ និងជាបន្ទាន់ ពិសេសពិនិត្យមើលឡើងវិញនូវអាជ្ញាប័ណ្ឌរុករករ៉ែ និងប្រតិបត្តិការដំណាក់កាលចម្រាញ់ទាំងអស់។ អ្វីដែលអង្គការសមធម៌កម្ពុជាចង់ឲ្យគិតគូរជាអាទិភាព គឺការការពារបរិស្ថាន ការគោរពសិទ្ធិមនុស្ស និងកម្មសិទ្ធរបស់ពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ