អានតួអត្ថបទ

សម្ព័ន្ធអង្គការសង្គមស៊ីវិល៖តុលាការកំពូលគួរពិចារណាជាថ្មីចំពោះសាលក្រមរឿងម្សៅទឹកដោះគោនូទ្រីលេត

អង្គការចំនួន៥៣ស្ថាប័ន រួមគ្នាស្នើឱ្យតុលាការកំពូលពិចារណាជាថ្មី ចំពោះសាលក្រមជុំវិញសំណុំរឿងម្សៅទឹកដោះគោនូទ្រីលេត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដែលសម្រេចរុញទៅជំនុំជម្រះនៅសាលាឧទ្ធរណ៍ឡើងវិញ។ ចំពោះអង្គការទាំងជាង៥០ សាលក្រមរបស់តុលាការជាន់ខ្ពស់នេះគឺជាសារលាតត្រដាងពីការរួចទោសទណ្ឌពីការផ្សាយពាណិជ្ជកម្មក្លែងបន្លំនិងការបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នៅកម្ពុជា។

សម្ព័ន្ធអង្គការសង្គមស៊ីវិល៖តុលាការកំពូលគួរពិចារណាជាថ្មីចំពោះសាលក្រមរឿងម្សៅទឹកដោះគោនូទ្រីលេត
សម្ព័ន្ធអង្គការសង្គមស៊ីវិល៖តុលាការកំពូលគួរពិចារណាជាថ្មីចំពោះសាលក្រមរឿងម្សៅទឹកដោះគោនូទ្រីលេត © ប្រភព
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA Cambodia) ដែលមានតំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៥៣ស្ថាប័ន នៅថ្ងៃទី៨មករា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញការសោកស្តាយជាខ្លាំង ចំពោះសាលក្រមតុលាការកំពូលទាក់ទង សំណុំរឿងម្សៅទឹកដោះគោនូទ្រីលេត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

សាលក្រមតុលាការកំពូលបានសម្រេចរុញរឿងក្តីម្សៅទឹកដោះគោនូទ្រីលេ ត្រឡប់ទៅជំនុំជម្រះនៅសាលាឧទ្ធរណ៍វិញ ដោយលើកហេតុផល គ្មានភស្តុតាងគ្រប់គ្រាន់។ សាលក្រមនេះត្រូវបានសម្រេច​ បន្ទាប់ពីភាគីក្រុមហ៊ុននាំចូលម្សៅទឹកដោះនូទ្រីលេតបានប្តឹងសាទុក្ខទៅសាលាឧទ្ធរណ៍ និងប្តឹងជំទាស់នៅតុលាការកំពូល។

សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា បន្តថា សាលក្រមតុលាការកំពូលនេះគឺជាសារលាតត្រដាងអំពីការរួចទោសទណ្ឌពីការផ្សាយពាណិជ្ជកម្មក្លែងបន្លំ និងការបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ដដែល តំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិទាំង៥៣ស្ថាប័ន ចាត់ទុកថា សេចក្តីសម្រចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅតែជាវិធានការត្រឹមត្រូវនិងចាំបាច់ ដើម្បីដោះស្រាយការខូចខាតដែលបណ្តាលមកពីក្រុមហ៊ុន។

អ្នកស្រី ច័ន្ទ ផល្គុន ដែលជាមាតាទារករងគ្រោះបានសម្តែងការខកចិត្ត និងចាត់ទុកការសម្រេចរបស់តុលាការជាន់ខ្ពស់នេះ ថាជារឿងអយុត្តិធម៌ និងត្រូវអូសបន្លាយពេលជាបន្តទៀត។ តែយ៉ាងណា អ្នកស្រី ច័ន្ទ ផល្គុនរំពឹងថា តាមរយៈសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជានេះ ទារករងគ្រោះទាំងអស់នឹងអាចទទួលបានយុត្តិធម៌មួយស្អាតស្អំ និងការទទួលខុសត្រូវអាចទទួលយកបាននៅថ្ងៃណាមួយ។

គួររំព្ញកថា កាលពីថ្ងៃទី១មេសាឆ្នាំ២០២៣ នាយកប្រតិបត្តិក្រុមហ៊ុន Nutrilatt ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេច ដាក់ពន្ធនាការ១០ខែ ពិន័យជាប្រាក់៨លានរៀលចូលថវិការដ្ឋ និងផ្តល់សំណងទៅជនរងគ្រោះចន្លោះពី១ ទៅ៣ម៉ឺនដុល្លារ ដោយផ្អែកលើភាពខូចខាតជាក់ស្តែងរបស់គ្រួសារនីមួយៗ។ 

គួរជម្រាបជូនដែរថា ម្សៅទឹកដោះគោនូទ្រីលេតដែលមានលេខកូដ៦ប្រភេទ ត្រូវបានរកឃើញថា មានបញ្ហាបច្ចេកទេសលើធាតុផ្សំ ដែលបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពទារក។ មានកុមាររងគ្រោះនៅកម្ពុជាសរុបចំនួន ២២នាក់ ដោយស្ថានភាពរបស់កុមារទាំងនោះមានសភាព ស្លេកស្លាំង  ឈឺខ្វះគ្រាប់ឈាមក្រហម ខ្វះជាតិដែក និងស័ង្កសីធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ