អានតួអត្ថបទ

កម្ពុជានិងថៃផ្តើមកិច្ចចរចាបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រដែលជាប់គាំងជាង២០ឆ្នាំ

នាយករដ្ឋមន្ត្រីកម្ពុជានិងថៃនឹងផ្តើមបើកកិច្ចពិភាក្សាជាថ្មីរកដំណោះស្រាយបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រ ក្រោយជាប់គាំងតាំងពីឆ្នាំ២០០១។ បើតាមការចុះផ្សាយរបស់កាសែតថៃបាំងកកប៉ុស្តិ៍នៅថ្ងៃទី១០មករា កិច្ចពិភាក្សាបញ្ហាប្រេងក្នុងដែនសមុទ្រជាប្រធានបទសំខាន់នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងសមភាគីថៃលោក សេដ្ឋា ថៈវីស៊ីន នៅថ្ងៃទី៩កុម្ភៈឆ្នាំ២០២៤ខាងមុខ។

កម្ពុជានិងថៃផ្តើមកិច្ចចរចាបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រដែលជាប់គាំងជាង២០ឆ្នាំ
កម្ពុជានិងថៃផ្តើមកិច្ចចរចាបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រដែលជាប់គាំងជាង២០ឆ្នាំ AP - Na Son Nguyen
ផ្សាយពាណិជ្ជកម្ម

កិច្ចចរចាផ្លូវការដោះស្រាយបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រកម្ពុជាថៃដែលជាប់គាំងជាងពីរទសវត្សរ៍នឹងត្រូវចាប់ដំណើរការឡើងវិញ។ តាមការចុះផ្សាយរបស់កាសែតថៃបាំងកកប៉ុស្តិ៍នៅថ្ងៃទី១០មករា រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បញ្ជាក់ថា កិច្ចពិភាក្សាបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រនេះ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងអំឡុងដំណើរទស្សនៈកិច្ចលើកទី១ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែ​ត នៅប្រទេសថៃ។

តែរដ្ឋមន្ត្រីការបរទេសថៃបន្តថា ថៃកំពុងទន្ទឹងចាំមើលលទ្ធផលច្បាស់លាស់នៃជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃខាងមុខ និងថាបន្ទាប់មកទៀត ក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងមានចំណាត់ការទៅតាមនិតិវិធីតែម្តង។

ចំណែកទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ និងជាអតីតរដ្ឋមន្ត្រីថាមពល លោក Pichai Naripthaphan អះអាងថា ថៃបានរៀបចំគោលការណ៍ណែនាំរួចរាល់ ហើយថៃក៏មានរោងចក្របំបែកឧស្ម័នធម្មជាតិ និងបំពង់បង្ហូរឧស្ម័នដែរ។ ភាគីថៃរំពឹងថា ការចរចាកិច្ចសហការអភិវឌ្ឍន៍ធនធានប្រេងរួមគ្នាក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នឹងអាចសម្រេចបាននៅមុនបញ្ចប់អាណត្តិរដ្ឋាភិបាលថៃបច្ចុប្បន្ន ព្រោះថា គេត្រូវការពេលយ៉ាងហោចណាស់ពី ២ ទៅ ៧ឆ្នាំទើបអាចទាញយកធនធានថាមពលចេញពីឈូងសមុទ្រនោះបាន។

គួរជម្រាបថា ក្នុងសំណុំអភិវឌ្ឍន៍លើតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រជាមួយកម្ពុជា ថៃក្រោមការដឹកនាំរបស់ លោក សេដ្ឋា ថៈវីស៊ីន បានកែប្រែយុទ្ធសាស្ត្រចរចាតាមរយៈការប្តូរជំហរបោះបង្គោលព្រំដែនសមុទ្រជាមួយកម្ពុជា។

គួររំព្ញកថា សិទ្ធិអភិវឌ្ឍន៍លើតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃនេះ ជាចំណុចនៃជម្លោះទាមទាររវាងប្រទេសជិតខាងទាំងពីរតាំងពីដើមទសវត្សរ៍ ១៩៧០ មកម្ល៉េះ។ គឺទើបតែតាំងពីខែមិថុនា ឆ្នាំ ២០០១ ដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើអនុស្សាររណៈយោគយល់កិច្ចចរចាអភិវឌ្ឍប្រេងនិងឧស្ម័ននៅតំបន់នោះ។ តែអ្វីៗត្រូវបានផ្អាកនៅពេលថៃប្តូរនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០០៩។ កិច្ចពិភាក្សាស្តីពី​​អភិវឌ្ឍន៍ប្រេងនៅ​លើតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ក៏ធ្លាប់ត្រូវបានប្រទេសទាំងពីរចង់គូសវាសឡើងវិញដែរ តែត្រូវបង្អាក់ដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ