អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

មគ្គុទេសក៍ទេសចរណ៍ក្រមា លោក ហៀក សេងហួតទទួលកំហុស និងសុំទោសពលរដ្ឋ

មគ្គុទេសក៍​ទេសចរណ៍លោក ហៀក សេងហួត បានចេញមុខសុំទោសក្រោយរងការរិះគន់ពីសាធារណជន និងបន្ទាប់ពីក្រសួងទេសចរណ៍ព្រមានលុបអាជ្ញាបណ្ណរបស់លោកចោល។ ក្នុងឃ្លីបវីដេអូខ្លីមានរយៈពេលជាង២នាទី លោក ហៀក សេងហួតទទួលស្គាល់កំហុស និងបានសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលភាគច្រើនសម្តែងការមិនពេញចិត្តចំពោះសកម្មភាពរបស់លោកកន្លងមក។

លោក ហៀក សេងហួត មគ្គុទេសក៍ទេសចរណ៍ភាសាអង់គ្លេស
លោក ហៀក សេងហួត មគ្គុទេសក៍ទេសចរណ៍ភាសាអង់គ្លេស © Hout Robin
ផ្សាយពាណិជ្ជកម្ម

នៅក្នុងវីដេអូបង្ហោះលើគណនីផ្ទាល់ខ្លួន លោក សេងហួតរៀបរាប់ថា ការគាំទ្ររបស់ពលរដ្ឋនឹងជួយលោកឱ្យមានលទ្ធភាពបន្តចិញ្ចឹមក្រុមគ្រួសារដែលមានម្តាយវ័យចំណាស់ម្នាក់ផង។ អង្គុយអមសងខាងដោយម្តាយ និងប្រពន្ធ លោក ហៀក សេងហួតបញ្ជាក់ថា ការដើរហួសពីតួនាទីជាមគ្គុទេសក៍ទេសចរណ៍ដោយភ្ជាប់ខ្លួនជាមួយក្រុមអ្នកមានបារមីគឺមកពីលោកខ្វះការពិចារណាដោយសារតែអាហារ​៣ពេល។ 

លោកបានឱ្យដឹងថែមទៀតថា សកម្មភាពរបស់លោកពីពេលមុនគ្មានទទួលបានលាភសក្ការៈអ្វីក្រៅពីជួយផ្សព្វផ្សាយនូវវប្បធម៌ខ្មែរឱ្យបរទេសបានស្គាល់ទេ ពោលផ្ទុយពីក្រុមបារមីដែលពួកគេសល់លុយរាប់លានឯណោះ។

ការចេញមុខសុំទោសរបស់លោក ហៀក សេងហួត ធ្វើឡើងបន្ទាប់ពីក្រសួងទេសចរណ៍នៅថ្ងៃទី១៩ មករាចេញលិខិតព្រមានជាលើកចុងក្រោយចំពោះមគ្គុទេសក៍ភាសាអង់គ្លេសរូបនេះជុំវិញករណីអនុវត្តមិនសមស្របតាមក្រមវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍។

តាមលិខិតរបស់ក្រសួងទេសចរណ៍ លោក សេងហួតអាចប្រឈមការព្យូរអាជ្ញាបណ្ណ ឬអាចឈានដល់ការលុបចោលអាជ្ញាបណ្ណជាមគ្គុទេសក៍ទេសចរណ៍ទាំងស្រុងតែម្តង ប្រសិនបើលោកបន្តអធិប្បាយអំពីប្រវត្តិសាស្ត្រ អំបិយជំនឿ និងរឿងរ៉ាវផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់បន្តទៀត។

សូមរំលឹកជូនបន្តិចថា កន្លងមកលោក ហៀក សេងហួតដែលមានរហ័សនាមជាមគ្គុទេសក៍ទេសចរណ៍ក្រមា តែងទទួលបានការសរសើរពីសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការអធិប្បាយពីប្រវត្តិសាស្ត្រនានារបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរមិនថាខ្មែរឬបរទេស។ ប៉ុន្តែក្រោយមកលោកទទួលរងការរិះគន់ពីសំណាក់មហាជន បន្ទាប់ពីដើរតាមអ្នកលក់អនឡាញម្នាក់ដែលតាំងខ្លួនជាព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកត្រូវខាតបង់ និងបាត់ប្រជាប្រិយភាព។ សកម្មភាពទាំងនោះក៏ត្រូវបានមហាជនចាត់ទុកជាទង្វើបំពុលសង្គម និងបំផ្លាញដល់សាសនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ