អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អាជ្ញាធរក្រុងព្រះសីហនុ កំណត់កន្លែងយកភាស៊ីចំណតរថយន្ត៣ទីតាំង

អាជ្ញាធរខេត្តព្រះសីហនុបានចេញមកបញ្ជាក់លើករណីយកភាស៊ីចំណតរថយន្តក្នុងខេត្តព្រះសីហនុ ក្រោយមានការប្រតិកម្មពីសំណាក់សាធារណជនជាភ្ញៀវទេសចរ។ តាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះសីហនុ ទីតាំងចំណតរថយន្ត៣កន្លែងស្ថិតក្នុងក្រុងព្រះសីហនុ គឺតម្រូវយកថ្លៃបង់ចំណត និងមានការកំណត់តម្លៃចំណតត្រឹមត្រូវ ខណៈចំណតផ្សេងៗទៀតអាជ្ញាធរខេត្តបញ្ជាក់ថា ជាចំណតសាធារណៈដោយពុំតម្រូវឱ្យបង់ប្រាក់ឡើយ។

ប៉ូលីសចរាចរណ៍កំពុងសម្រួលចរាចរណ៍( រូបតំណាង)
ប៉ូលីសចរាចរណ៍កំពុងសម្រួលចរាចរណ៍( រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសេដ្ឋកិច្ចខេត្តព្រះសីហនុ កាលពីថ្ងៃទី២១កុម្ភៈ ចំណតទាំង៣ដែលក្រុមហ៊ុនឯកជនដេញថ្លៃយកនោះ គឺទី១មានទីតាំងនៅទល់មុខផ្សារលើក្រុងព្រះសីហនុ ទីតាំងទី២ គឺចំណតរថយន្តមហោស្រពចាស់ ចាប់ពីមុខមន្ទីរទេសចរណ៍ខេត្ត ដល់អតីតធនាគារ FTB និងចំណតទី៣ គឺចំណតរថយន្តឆ្នេរអូរឈើទាល ចាប់ពីអាហារដ្ឋានស៊ីកាង ដល់បន្ទប់ទឹកសាធារណៈទី១។

តាមអាជ្ញាធរខេត្តទេសចរណ៍នេះ តម្លៃភាស៊ីដែលត្រូវប្រមូលតាមទីតាំងដែលបានកំណត់ គឺអាស្រ័យទៅតាមប្រភេទរថយន្ត  ចំនួនរថយន្ត និងចំនួនដងនៃការចូលចតរបស់រថយន្ត។ ក្នុងនោះ តម្លៃចំណតគឺត្រូវបានកំណត់ច្បាស់ៗ ដោយតម្លៃចាប់ពី៤០០០រៀល រហូតដល់១៥០០០រៀលទៅតាមប្រភេទនៃរថយន្ត។

រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា ការដែលឱ្យក្រុមហ៊ុនឯកជនដេញថ្លៃប្រគល់សិទ្ធិប្រមូលភាស៊ីចំណតរថយន្តក្នុងក្រុងព្រះសីហនុនេះ គឺជាផ្នែកមួយដើម្បីជំរុញការប្រមូលចំណូលចូលថវិកាខេត្ត និងសម្រាប់យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុ។

ការចេញមកបញ្ជាក់របស់អាជ្ញាធរខេត្តបែបនេះ ធ្វើឡើងបន្ទាប់ពីមានភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តមួយនេះ​មានការងឿងឆ្ងល់ចំពោះការយកភាស៊ីចំណតរថយន្ត។  ហើយរឿងនេះ កន្លងមកអាជីវករឆ្នេរអូរឈើទាលក៏បង្ហាញការមិនពេញចិត្ត និងតវ៉ាទៅសាលាខេត្ត ដោយពួកគេយល់ថា ការយកភាស៊ីចំណតរថយន្តពីភ្ញៀវទេសចរ អាចនាំឱ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឈប់មកកម្សាន្តនៅឆ្នេរនេះទៀត។  

ជាក់ស្តែង កាលពីថ្ងៃទី០២ កុម្ភៈ លោក សរ កក្តដា អភិបាលក្រុងព្រះសីហនុ បានកោះហៅក្រុមអាជីវករ ដែលមានតូបលក់ដូរនៅតាមឆ្នេរអូរឈើទាលមកប្រជុំ និងចេញសេចក្តីសម្រេចចំនួន១០ចំណុចឱ្យក្រុមអាជីករគោរពតាម និងគ្មានការតវ៉ា។ លក្ខខណ្ឌ១០ចំណុចនោះ រដ្ឋបាលខេត្ត តម្រូវឱ្យម្ចាស់ភោជនីយដ្ឋាននៅឆ្នេរអូរឈើទាលទាំងអស់ត្រូវប្រគល់ចំណតរថយន្តនៅមុខហាងទៅឱ្យក្រុមហ៊ុន ហោ យាន ដែលទទួលបានសិទ្ធិធ្វើអាជីវកម្ម។ លើសពីនេះ គ្រប់ម្ចាស់ហាង និងតូបទាំងអស់ មិនត្រូវបង្កើតឱ្យមានបុគ្គលិករង់ចាំហៅភ្ញៀវចូលចតនៅមុខហាងរបស់ខ្លួនទៀតទេ និងមិនឱ្យចាក់បេតុងនៅតាមបរិវេណចំណតសាធារណៈរបស់រដ្ឋឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ