អានតួអត្ថបទ

ទិវាសិទ្ធិនារី៖ អង្គការសិទ្ធិមនុស្សស្នើដោះលែងស្រ្តីជាសកម្មជន២រូប

ស្ត្រីជា​សកម្មជន​២​រូប​ត្រូវ​បាន​រំលេច​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​៨​មីនា​នៅ​ឆ្នាំ​២០២៤​នេះ​។​ នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ឆ្នាំ​២០២៤ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​បង្ហាញ​នូវ​រឿង​រ៉ាវ​របស់ ​កញ្ញា សេង ធារី ​មេធាវី​ខ្មែរ​សញ្ជាតិ​អាមេរិក​ ដែល​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស ​ចាត់​ទុក​ថា​ ជាប់​ពន្ធនាគារ​ ដោយសារ​តែ​សកម្មភាព​សិទ្ធិ​មនុស្ស​។ ​ចំណែក ​កញ្ញា ​ឈឹម ស៊ីថរ ​ប្រធាន​សហ​ជីព​ប្រចាំ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ ​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស ​ចាត់​ទុក​ថា ​ជាប់​ពន្ធនា​គារ​ដោយ​សារ​តែ​សកម្មភាព​ការ​ពារ​សហជីព​។

កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ
កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ © RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងការ​ប្រារព្ធ​ទិវា​នារី​អន្តរ​ជាតិ​ឆ្នាំ​២០២៤ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាអំពាវ​នាវ​ឱ្យ​ដោះលែង​ និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​ស្ត្រី​ជា​សកម្ម​ទាំង​នោះ ​ជាបន្ទាន់ ព្រមទាំង​បញ្ចប់​រាល់​ទម្រង់​នៃ​ការ​យា​យីទៅ​លើ​ពួកគេ និង​បញ្ឈប់​ការ​យាយី​ទៅ​លើ​អ្នក​មាន​សំឡេង​មិ​នស្រប​។

បើ​តាម​អង្គការ​ដដែល​នេះ​ កញ្ញា ​សេង ធារី ដែល​ត្រូវបាន​កាត់​ទោស​៦​ឆ្នាំ​ពីបទ​រួមគំនិត​ក្បត់ និង​ញុះញង់​នោះ គឺដោយសារតែ​គាត់​ប្រកាស​គាំទ្រ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។

មេធាវី​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​រូប​នេះ ​ត្រូវបាន​តុលាការ​កម្ពុជា​បើក​សវនាការ​ចំនួន​២១​ដង ​តាំង​ពី​ថ្ងៃ​ទី​៦​វិច្ឆិកា​ឆ្នាំ​២០២០ ​ដល់​ថ្ងៃទី​៣ ឧសភា ​ឆ្នាំ​២០២២ ​។ សវនាការ​ច្រើន​ដង​បែបនេះ ​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា​ ជា​សវនា​ការ​ទ្រង់​ទ្រាយ​ធំ​លើ​សមាជិក ​និង​អ្នកគាំទ្រ​អតីត​គណ​បក្ស​សង្គ្រោះជាតិ​៥០​នាក់​។

 

រីឯ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៃ​អតីត​បុគ្គលិក​ណាហ្កាវើលដ៍ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ​ដាក់ទោស​ឲ្យជាប់​ពន្ធនាគារ​២​ឆ្នាំ តាម​រយៈ​សាលក្រម​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣​។​ ក្រៅពី​កញ្ញា ឈឹម ស៊ីថរ ក៏​នៅ​មាន​កូដករ​ជា​ស្រ្តី៦​នាក់​ទៀត​ ដែល​ជា​អតីត​បុគ្គលិក​ណាហ្កាវើលដ៍​ ក៏ត្រូវ​ជាប់​ទោស​ម្នាក់​ៗ​១ឆ្នាំ​ ប៉ុន្តែ​ពួកគេ ត្រូវបាន​ដាក់​នៅ​ក្រៅឃុំ​។

សូមបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​លើកទី​១​ នៅ​ដើម​ឆ្នាំ​២០២២ ​ហើយ​ប្រមាណ២ខែ​ក្រោម​មក​ សកម្មជន​សហជីព​រូបនេះ ​ក៏ត្រូវ​ដោះលែង​វិញ​។ ​ប៉ុន្តែ កញ្ញា ​ឈឹម ​ស៊ីថរ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​លើក​ទី​២ ​នៅចុង​ឆ្នាំ​២០២២ ​បន្ទាប់ពី​វិល​មក​ពី​ប្រទេស​អូស្ត្រាលី។​ ការ​ចាប់​ខ្លួន​លើក​ទី​២ ​ត្រូវ​បានតុលាកាចោទ​ថា ដោយសារ​តែ ​មេដឹកនាំ​សហជីព​រូបនេះ ​ចេញ​ក្រៅប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត​ខណៈតុលា​ការ ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ