អានតួអត្ថបទ

ប្រធាន​សភា​អ៊ុយក្រែន​សាទរ​លោក​ ហ៊ុន សែន​ និង​អរគុណ​កម្ពុជា​ដែល​ថ្កោលទោស​រុស្ស៊ី

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៥ ​មេសា​នេះ ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក​ហ៊ុន សែន​ បាន​បញ្ចេញលិខិត​របស់ប្រធាន​សភា​អ៊ុយក្រែន​លោក​ Ruslan STEFANCHUK។ ​លិខិតចុះ​ថ្ងៃទី១០ ​ខែមេសា​ បានអបអរ​លោក ​ហ៊ុន សែន​ ក្រោយ​លោក​ត្រូវបាន​បោះឆ្នោត​ជ្រើសរើសជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​អាណត្តិទី​៥​។ តែ​នៅក្នុងលិខិត​ដដែល ​ប្រធាន​រដ្ឋសភា​អ៊ុយក្រែន​មិនភ្លេច​អរគុណ​កម្ពុជា​ ដែលបាន​គាំទ្រ​អ៊ុយក្រែន​នៅក្នុង​សង្គ្រាមឈ្លានពាន​របស់​រុស្ស៊ី​។

ប្រធានសភាអ៊ុយក្រែនអបអរលោក ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា
ប្រធានសភាអ៊ុយក្រែនអបអរលោក ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​លិខិតមួយច្បាប់​ផ្ញើជូនប្រធាន​ព្រឹទ្ធសភាកម្ពុជា​លោក ហ៊ុន សែន ​ប្រធានសភា​អ៊ុយក្រែន​លោក Ruslan STEFANCHUK​ បានរំលេច​ថា​ អ៊ុយក្រែន​ចងចាំដោយអំណរគុណ​ចំពោះគោលជំហរ​ដោយផ្អែកលើគោលការណ៍​របស់​លោក ហ៊ុន សែន ​ស្តីពី​ការថ្កោលទោស​ចំពោះការ​ឈា្លនពានរបស់​រុស្ស៊ី​ទៅលើ​​អ៊ុយក្រែន​។

តាម​លោក​ Ruslan STEFANCHUK ​អ៊ុយក្រែនពឹងលើ​ការគាំទ្របន្ថែមទៀត​នូវកិច្ចខិតខំ​ប្រឹងប្រែង​របស់អន្តរជាតិ ​ដើម្បីស្តារឡើងវិញ​នូវសន្តិភាព​ប្រកបដោយ​យុត្តិធម៌នៅអ៊ុយក្រែន ​និង​ធានាស្ថិរភាព​នៅលើពិភពលោក​។ បន្ថែមពីការអបអរ​សាទរដល់តួនាទី​របស់​លោក ​ហ៊ុន សែន ​ជាប្រធានព្រឹទ្ធសភា​កម្ពុជា​អាណត្តិថ្មីលោក Ruslan STEFANCHUK ​ក៏បាន​អញ្ជើញ​លោក ហ៊ុន សែន ឲ្យទៅធ្វើ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​ដែរ​។

សូមរំលឹកថា ​ក្រោយការផ្ទុះសង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​លើអ៊ុយក្រែន​កាលពីថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២២ ​ប្រទេសកម្ពុជា​បានបោះឆ្នោតថ្កោលទោស​រុស្ស៊ីចំនួន២ដង ​ក្នុងនោះ​ កម្ពុជាក៏បាន​ចូលរួមជាប្រទេស​គាំទ្រការផ្តួចផ្តើម​សេចក្តីសម្រេច​របស់អង្គការ​សហប្រជាជាតិ​(co-sponsors) ​ទៀតផង​។ ​ក្រៅពីនេះ ​កម្ពុជាក៏បាន​បោះឆ្នោតអនុបវាទ​ចំពោះសំណើ​របស់សហរដ្ឋអាមេរិក​សុំព្យួររុស្ស៊ី​ពីក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ​។

ទោះជាយ៉ាងណា​ ការជាប់ឆ្នោត​ជាប្រធានព្រឹទ្ធសភា​របស់លោក ​ហ៊ុន សែន ​ក៏ត្រូវបាន​អបអរ​ដោយ​លោកស្រី ​VALENTINA MATVIENKO ​ប្រធានក្រុម​ប្រឹក្សាសហព័ន្ធនៃ​សភាសហព័ន្ធរុស្ស៊ី​កាលពីដើម​ខែ​មេសានេះដែរ​។ នៅក្នុង​សារអបអរ​ ប្រធាន​ស្ថាប័ននីតិបញ្ញត្តិ​រុស្ស៊ីបាន​លើកឡើង​នូវខ្លឹមសារ​ការទូត​នៃ​ទំនាក់ទំនង​មិត្តភាព​រវាងប្រទេស​ទាំងពីរ ​កម្ពុជា-រុស្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ