អានតួអត្ថបទ

លោកកត្តា អ៊ន៖ករណីបុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងកាំបូឌីយ៉ាណាមិនទាន់ជាវិវាទការងារ

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងសណ្ឋាគារកាំបូឌីយ៉ាណាបានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារដោយពួកគេបានស្នើឱ្យរដ្ឋមន្ដ្រីក្រសួងការងារដាក់បញ្ជូនវិវាទការងាររួមនៃអនុសញ្ញារួមទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តែអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊នបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍ ទី២៥ មេសានេះថា ករណីរបស់បុគ្គលិកសណ្ឋាគារទាំងពីរមិនទាន់ឈានដល់វិវាទការងារទេ។  

លោកកត្តា អ៊ន៖ករណីបុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងកាំបូឌីយ៉ាណាមិនទាន់ជាវិវាទការងារ
លោកកត្តា អ៊ន៖ករណីបុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងកាំបូឌីយ៉ាណាមិនទាន់ជាវិវាទការងារ © សង់ត្រាល់
ផ្សាយពាណិជ្ជកម្ម

សម្រាប់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកកត្តា អ៊ន ការស្នើសុំរបស់បុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងសណ្ឋាគារកាំបូឌីយ៉ាណាឲ្យរដ្ឋមន្ដ្រីលោកហេង សួរបញ្ជូនវិវាទការងាររួមស្តីពីអនុសញ្ញារួមទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនមែនជាវិវាទការងាររួមទេ។ មិនមែនជាវិវាទការងាររួម ព្រោះដំណាក់កាលនៃការស្នើសុំរបស់បុគ្គលិកសណ្ឋាគារទាំងពីរស្ថិតក្នុងដំណើរការចរចារនៃអនុញ្ញារួម។ តាមលោកកត្តា អ៊ន បុគ្គលិកនៃសណ្ឋាគារទាំងពីរមានសហជីពជាតំណាងបំផុតប្រចាំសណ្ឋាគារ ឬហៅសហជីពមូលដ្ឋាន។

តែសហជីពមិនបានប្រើសិទ្ធិរបស់ខ្លួនទៅចរចាជាមួយម្ចាស់សណ្ធាគារ និងបែរជាបានស្នើឱ្យថ្នាក់ដឹកនាំសហភាពសហជីពទៅចរចាជំនួសវិញ។ ត្រង់ចំណុចនេះត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរូបនេះដដែលយល់ថា ការដែលសហជីពមូលដ្ឋានមិនចូលទៅចរចាដោយផ្ទាល់ គឺខុសពីគោលការណ៍ច្បាប់។ តែលោកឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានប្រាប់វិទ្យុបារាំង RFI ថា កន្លងមក សហជីពមូលដ្ឋានបានចូលរួមធ្វើអនុសញ្ញារួមជាច្រើនអាណត្តិកន្លងមក និងថាមួយរយៈពេលចុងក្រោយនេះ ភាគីនិយោជកមិនព្រមចូលតុចរចាដែលជាហេតុធ្វើឱ្យដំណើរការមានភាពជាប់គាំង។

ទោះជាយ៉ាងណា លោកកត្តា អ៊នបានលើកទឹកចិត្តដល់ភាគីដែលជាសហជីពមានភាពជាតំណាងបំផុតប្រចាំសណ្ឋាគារទាំងពីរ និងនិយោជកបន្ដជជែកគ្នាដើម្បីស្វែងរកការព្រមព្រៀងឈានទៅការចុះអនុសញ្ញារួមរក្សាផលប្រយោជន៍ទាំងសងខាង។ គួរជម្រាបថា ដើម្បីទទួលបានអនុសញ្ញារួម ភាគីទាំង២ ត្រូវជជែកគ្នាដោយមានការយោគយល់។ តែច្បាប់ក៏មិនបានកំណត់ថា តើភាគីទាំងពីរត្រូវចរចាបៀបណាទេ ពោលទុកសិទ្ធិឱ្យភាគីទាំងពីរចរចា។ មួយវិញទៀត ភាគីម្ខាងមិនអាចបង្ខំភាគីម្ខាងទៀតឱ្យអនុវត្តតាមលក្ខខណ្ឌណាមមួយដែលមិនទាន់មានការព្រមព្រៀងគ្នាបានទេ។  

តាមលោកកត្តា អ៊ន នៅពេលមានការព្រមព្រៀងលើអនុសញ្ញារួមហើយ ភាគីទាំងពីរត្រូវចុះហត្ថលេខា និងត្រូវយកអនុញ្ញារួមនោះទៅចុះបញ្ជីនៅក្រសួងការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ