អានតួអត្ថបទ
គម្រោងព្រែកជីកហ្ហណន

លោក ​សម រង្សី​៖​​គម្រោងព្រែកជីក​ហ្វូណននឹង​នាំ​គ្រោះថ្នាក់​ដល់​បរិស្ថាន ​និង​ជីវភាព​ពលរដ្ឋ

លោក ​សម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​មេសា ​ឆ្នាំ​២០២៤ ​បានបង្ហាញ​នូវការ​មិនគាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន ​ដែល​ភ្ជាប់​ពី​ទន្លេបាសាក់​ទៅកាន់​សមុទ្រ។ ​ការចេញសារ​ប្រឆាំងនឹង​គម្រោងព្រែកជីក​របស់​លោក ​សម រង្ស៊ី ដូច្នេះ ​ធ្វើឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជំហរមិនដកថយ​ចំពោះ​គម្រោងជីកព្រែក​នេះ បើទោះជា​មានការ​រិះគន់​ពី​សំណាក់អ្នក​នយោបាយ​ប្រឆាំង​ខ្មែរ ​និង​មាន​ប្រតិកម្ម​ដោយ​ប្រយោល​ពី​វៀតណាម​ក៏ដោយ​។

លោក ​សម រង្សី​៖​គម្រោងព្រែកជីក​នឹង​នាំ​គ្រោះថ្នាក់​ដល់​បរិស្ថាន ​និង​ជីវភាព​ពលរដ្ឋ
លោក ​សម រង្សី​៖​គម្រោងព្រែកជីក​នឹង​នាំ​គ្រោះថ្នាក់​ដល់​បរិស្ថាន ​និង​ជីវភាព​ពលរដ្ឋ © RFI
ផ្សាយពាណិជ្ជកម្ម

នៅលើ​ហ្វេសប៊ុក​របស់​លោក ​លោក ​សម រង្ស៊ី ប្រធានស្តីទី​អតីតគណបក្ស​សង្គ្រោះជាតិ​បានសរសេរថា​គម្រោងជីកព្រែក​ភ្ជាប់ពីភ្នំពេញ ​ទៅដល់​សមុទ្រអាចនាំមក​គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ​ខ្មែរ​។ លោកថា​របបគ្រប់គ្រង​របស់លោក ​ហ៊ុន សែន ​បានសម្រេច​ធ្វើតាម​សំណើចិនកុម្មុយនីស្ត​យ៉ាង​តក់ក្រហល់ និង​គ្មានស្មារតី​ទទួលខុសត្រូវ​ឲ្យជីកព្រែក​បែបនេះ ​ដោយមិនទាន់បាន​ធ្វើការសិក្សា​គ្រប់ជ្រុងជ្រោយ​នៅឡើយ​។

តាមលោក ​សម រង្ស៊ី ​បំណងធំ​នៃ​ព្រែកជីកនេះ ​មិនមែន​បម្រើ​ផលប្រយោជន៍​សេដ្ឋកិច្ច​ប្រទេសកម្ពុជា​ទេ តែបម្រើ​ផលប្រយោជន៍​យុទ្ធសាស្ត្ររបស់​ចិន​កុម្មុយនីស្ត ​ដែលត្រូវការ​ពង្រឹងឥទ្ធិពល​របស់ខ្លួន​ទៅដល់ឈូងសមុទ្រ​ថៃ ដោយ​ឆ្លងកាត់ប្រទេស​លាវ និង​កម្ពុជា ដែលស្ថិតក្រោម​ឥទ្ធិពលរបស់​ចិន​រួចទៅហើយ។ ​មេដឹកនាំ​ប្រឆាំងរូបនេះ​បន្ថែមថា​មូលដ្ឋានសឹក​របស់ចិន​នៅរាមក៏ជា​ឈ្នាន់ ដើម្បី​បម្រើ​នយោបាយ​វាតទី​និយមរបស់ចិន​ព្រមទាំង​បន្ទោសថា ​លោក ​ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ​អាចនាំមក​គ្រោះថ្នាក់​ឲ្យប្រទេស​កម្ពុជា​ដូចកាលពី​សម័យ ​ប៉ុល ពត ​ដែលបាន​ទៅអែបចិន ​ដើម្បីឲ្យ​ចិន​ជួយការពារ​អំណាចផ្តាច់ការ​របស់ខ្លួន​។

ជុំវិញ​ការលើកឡើង​របស់​លោក សម រង្ស៊ី ​ពេលនេះ ​ប្រធានក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ប៉ែន បូណា ​ក៏ដូចជាប្រមុខ​រដ្ឋាភិបាលកម្ពុជា​ ព្រមទាំងអតីត​នាយករដ្ឋមន្ត្រី ​សុទ្ធតែ​បាន​អះអាងថា​គម្រោងព្រែកជីក​ហ្វូណន​នេះ ពិតជា​មានប្រយោជន៍​ធំធេង​ដល់​សេដ្ឋកិច្ចកម្ពុជា ​ដោយគំរោងនេះ​មិនធ្វើឲ្យ​ប៉ះពាល់ដល់​បរិស្ថានឡើយ​។

ប្រធានក្រុម​អ្នកនាំពាក្យរូបនេះ​បញ្ជាក់ថា​ខ្មែរណាប្រឆាំង​នឹង​គម្រោងព្រែកជីក​នេះ គឺជាការ​ប្រឆាំងនឹង​ប្រយោជន៍ជាតិ​។ ដោយសំដៅទៅលើ​លោក សម រង្ស៊ី ​លោក ប៉ែន បូណា ថា​មេដឹកនាំប្រឆាំង​រូបនេះ ​បានក្លាយ​ជា​អ្នក​នយោបាយ​អស់តម្លៃ ​និង​បាត់បង់​ការគាំទ្រ​។

សូម​រំលឹកថា ​គម្រោងព្រែកជីក​ហ្វូណននេះ​ត្រូវបាន​កាសែត The Straitstimes ​ដែលមាន​ទីស្នាក់ការ​នៅសិង្ហបុរីចុះផ្សាយ​កាលពីដើមខែមេសា​ថា វៀតណាមបារម្ភ​ពីគម្រោងព្រែកជីក​នៅកម្ពុជា ​ដែលអាចជា​ច្រកដ៏មាន​សក្តានុពលសម្រាប់​កងទ័ពចិន។ ​កាសែតបានដកស្រង់​ពីអត្ថបទរបស់​អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថានមួយ​គាំទ្រដោយរដ្ឋវៀតណាម​ ដែលបានព្រមានថា ​ព្រែកជីកហ្វូណន​ជាគម្រោងមុខពីរ​ ទី១ លើក​កម្ពស់ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ​និងទី២ ​អាចសម្រួលដល់​វត្តមានយោធាចិន​ចូលជ្រៅទៅក្នុង​ទឹកដីកម្ពុជា​ក្បែរតំបន់ជិតព្រំដែន​ជាមួយ​វៀតណាម​។

ទោះយ៉ាងណា​ជំហរ​របស់រដ្ឋាភិបាល​កម្ពុជា​គឺមិនមាន​ការដកថយទេ​ចំពោះការ​អភិវឌ្ឍន៍​ព្រែកជីក​ដែលមានប្រវែង​១៨០​គីឡូម៉ែត្រ ​និងត្រូវ​ចំណាយលុយ​ជិត២ពាន់​លាន​ដុល្លារនេះ​។ ​មួយវិញទៀត​ គម្រោងព្រែកជីក​ហ្វូណននេះ ​ក៏ទទួលបាន​ការគាំទ្រពីប្រមុខ​រដ្ឋឡាវ​ផងដែរ ​អំឡុង​មេដឹកនាំ​កំពូលឡាវ​ធ្វើ​ទស្សនកិច្ចនៅ​កម្ពុជាកាលពី​ថ្ងៃទី​២៣ ​ខែ​មេសា ​កន្លងទៅ​ថ្មីៗ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ