អានតួអត្ថបទ

ខួប១២ឆ្នាំ៖សង្គមស៊ីវិល និងគណបក្សនយោបាយបន្តអំពាវនាវឲ្យរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី

២៦ មេសា ២០១២-២៦ មេសា ២០២៤ ថ្ងៃនេះជាខួប១២ឆ្នាំនៃការសម្លាប់សកម្មជនបរិស្ថានប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់លោក ឈុត វុទ្ធី។ ក្នុងឱកាសនេះ សង្គមស៊ីវិលចំនួន ៩ស្ថាប័ន និងគណបក្សនយោបាយបានស្នើឱ្យរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ផ្ដល់យុត្តិធម៌ដល់សកម្មជនបរិស្ថានរូបនេះ និងអ្នកកាសែត The Cambodia Daily ចំនួនពីររូបដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងភូមិសាស្ដ្រឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីនបានឆ្លើយថា បើចង់ឱ្យបើកការស៊ើបអង្កេតលើករណីដែលបានបិទបញ្ចប់ហើយមួយនេះ សង្គមស៊ីវិលដែលស្នើសុំត្រូវមានសក្ខីកម្ម ឬភស្ដុតាងថ្មីដែលមានមូលដ្ឋានរឹងមាំនៅក្នុងរឿងនេះ។

ខួប១២ឆ្នាំ៖សង្គមស៊ីវិល និងគណបក្សនយោបាយបន្តអំពាវនាវឲ្យរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី
ខួប១២ឆ្នាំ៖សង្គមស៊ីវិល និងគណបក្សនយោបាយបន្តអំពាវនាវឲ្យរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី © licadho
ផ្សាយពាណិជ្ជកម្ម

តាមលិខិតចំហរួមមួយស្នើទៅកាន់លោកកើត រិទ្ធិ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ សង្គមស៊ីវិលចំនួន៩ស្ថាប័នបានលើកឡើងថា ឃាតកម្មសម្លាប់លោកឈុត វុទ្ធីនៅមិនទាន់ទទួលបានយុត្តិមធម៌នៅឡើយ ហើយការមិនទាន់ផ្ដល់យុត្តិធម៌ឲ្យរូបសពលោក ឈុត វុទ្ធីនេះ គឺបានជះឥទ្ធិពលអវិជ្ជមានខ្លាំងទៅលើសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋសហគមន៍ព្រៃឈើ សកម្មជនព្រៃឈើ និងបរិស្ថាន រួមទាំងអ្នកស្រលាញ់ធនធានធម្មជាតិ។ ផ្អែកតាមលិខិតចំហដដែល សង្គមស៊ីវិលបានលើកយក ៥ចំណុចស្នើឲ្យលោកកើត រិទ្ធិអន្ដរាគមន៍ និងពិចារណា។

ចំណុចទាំង ៥ រួមមាន ទី១ ឲ្យបើកការស៊ើបអង្កេតឡើងវិញដោយគណៈកម្មការឯករាជ្យប្រកបដោយតម្លាភាព និងយុត្តិធម៌ ទី២ ជំរុញស្ថាប័នអយ្យការឲ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យដើម្បីឈានទៅកំណត់អ្នកបញ្ជា និងអ្នកពាក់ព័ន្ធ ទី៣ ឲ្យក្រសួងការពារជាតិបើកការស៊ើបអង្កេតលើករណីប្រើអាវុធដោយគ្មានការអនុញ្ញាតរបស់ទាហាន ឬកងរាជអាវុធហត្ថនៅក្នុងហេតុការណ៍ដែលឈានដល់ការបាញ់សម្លាប់លោកឈុត វុទ្ធី ទី៤ ឲ្យរដ្ឋាភិបាល និងក្រសួងបរិស្ថានបញ្ឈប់ការរឹតត្បិត និងធ្វើទុក្ខបុកម្នេញលើសិទិ្ធសេរីភាពរបស់សហគមន៍មូលដ្ឋាន យុវជន រួមទាំងអ្នកការពារធនធានធម្មជាតិដែលចូលល្បាត ការពារព្រៃឈើ និងធនធានធម្មជាតិក្នុងប្រទេស និងចំណុចក្រោយទី៥ អនុញ្ញាតឱ្យមានការសាងសង់ស្តូបរលឹកដល់វីរភាពលោកឈុត វុទ្ធី។

ក្រៅពីសង្គមស៊ីវិល គណបក្សកម្លាំងជាតិក៏បានស្នើឱ្យរដ្ឋាភិបាលស្វែងរកចាប់ខ្លួនឃាតករ និងអ្នកនៅពីក្រោយឃាតកម្មសម្លាប់លោកឈុត វុទ្ធីទៅផ្តន្ទាទោស។ ឆ្លើយតបនៅក្នុងរឿងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីនបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅរសៀលថ្ងៃសុក្រ ទី២៦ មេសានេះថា សំណុំរឿងលោកឈុត វុទ្ធីត្រូវបានបិទបញ្ចប់ហើយ និងថា បើសង្គមស៊ីវិលយល់ថាមិនទាន់មានយុត្តិធម៌ ឬជនដៃដល់ពិតប្រាកដមិនទាន់បានដាក់ទោស សង្គមស៊ីវិលត្រូវសហការផ្ដល់ភស្ដុតាង និងសក្ខីកម្មថ្មីដែលមានមូលដ្ឋានរឹងមាំដើម្បីឈានដល់ការស៊ើបអង្កេត។

តែអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះមិនភ្លេចបញ្ជាក់ថា បើត្រឹមចេញញត្តិស្នើសុំដោយគ្មានមូលដ្ឋានច្បាស់លាស់ សមត្ថកិច្ចមិនអាចបើកការស៊ើបអង្កេតបានទេ។ គួររម្លឹកថា កាលពី ១២ឆ្នាំមុន ពោលនៅថ្ងៃទី២៦ មេសា ឆ្នាំ២០១២ លោកឈុត វុទ្ធីត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះអ៊ិន រតនាបាញ់សម្លាប់ត្រង់ចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈលោក និងអ្នកសារព័ត៌មានពីររូបផ្សេងទៀតរបស់កាសែត The Cambodia Daily កំពុងចុះស៊ើបអង្កេតរឿងបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ