អានតួអត្ថបទ
កម្ពុជា-សង្គម

តុលាការខេត្តកំពត សម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុនជា សារ៉ន

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពត សម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញវត្ថុរបស់ក្រុមហ៊ុន ជា សារ៉ន​ចំនួន៩៥គណនី រួមនឹងបង្កកអចលនវត្ថុប្រភេទដីធ្លីចំនួន១ ៧៩១ក្បាលដី។ បន្ថែមពីនេះ តុលាការក៏បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យសមត្ថកិច្ចស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធផ្សេងទៀត និង​ទ្រព្យសម្បត្តិរបស់ជនត្រូវចោទដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 

លោក ជា សារ៉ន ប្រធានក្រុមហ៊ុន ជា សារ៉នគ្រុប
លោក ជា សារ៉ន ប្រធានក្រុមហ៊ុន ជា សារ៉នគ្រុប © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សាលាដំបូងខេត្តកំពតបានបញ្ជាក់ថា ក្រៅពីបង្កកគណនីធនាគារ និងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជា សារ៉ន តុលាការបានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន១០នាក់ និងបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន០៩នាក់ផ្សេងទៀត តែមកទល់ពេលនេះតុលាការថា សមត្ថកិច្ចមិនទាន់ចាប់ខ្លួនពួកគេបាននៅឡើយ។ ចំណែក ជនត្រូវចោទចំនួន៤០នាក់ផ្សេងទៀតក៏ត្រូវតុលាការចេញដីកាឱ្យនាំខ្លួន និងបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន១០នាក់ ដោយដាក់កំហិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

តាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងខេត្តកំពតបញ្ជាក់ជំហរថា តុលាការនឹងបន្តចាត់ការសំណុំរឿងក្រុមហ៊ុនជាសារ៉ននេះដោយយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយភាពច្បាស់លាស់ តម្លាភាព និងយុត្តិធម៌។ ត្បិតតុលាការទទួលស្គាល់ថា សំណុំរឿងរបស់ក្រុមហ៊ុន ជា សារ៉នមានភាពស្មុគស្មាញ និងមានបុគ្គលជាប់ពាក់ព័ន្ធច្រើនដែលជាហេតុនាំឱ្យដំណើរការនីតិវិធីច្បាប់មានភាពយឺតយ៉ាវ។

តែយ៉ាងណា បន្ទាប់ពីចៅក្រមស៊ើបសួរ និងក្រឡាបញ្ជីបានស្តាប់ចម្លើយរបស់ដើមបណ្តឹងរដ្ឋប្បវេណីដែលមានជនរងគ្រោះសរុប៥ ៦៨០នាក់ និងសាក្សីអាជ្ញាធរចំនួន២៤៩នាក់ តុលាការអះអាងថា ខ្លួននឹងពន្លឿនការដោះស្រាយសំណុំរឿងនេះជូនជនរងគ្រោះទាំងអស់ឱ្យបានឆាប់រហ័ស។

សូមរំលឹកបន្តិចថា លោក ជា សារ៉ន និងបក្សពួកចំនួន៨នាក់ ត្រូវបានស្នងការនគរបាលខេត្តកំពតចាប់ខ្លួននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្នុងវេទិកាសាធារណៈដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពតនាបរិវេណវត្តអង្គឈូក ស្រុកឈូក ខេត្តកំពត។ ការចាប់ខ្លួនលោក ជា សារ៉ន និងគ្នីគ្នាធ្វើឡើងបន្ទាប់ពីពលរដ្ឋជាង២ពាន់គ្រួសារតវ៉ាពីរឿងចាញ់បោកការវិនិយោគរបស់ក្រុមហ៊ុននេះសរុបជាទឹកប្រាក់ជិត៤០លានដុល្លារអាមេរិក។

បច្ចុប្បន្នគេពុំទាន់ដឹងព័ត៌មានលម្អិតថា លោក ជា សារ៉ន និងបក្សពួកកំពុងជាប់ឃុំ ឬស្ថិតនៅក្រៅឃុំនោះទេ ខណៈលោក ម៉ាន់ បូរេត ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្តកំពតបដិសេធសុំមិនធ្វើការបកស្រាយអ្វីទាំងអស់ រួមនឹងការបញ្ជាក់លម្អិតពីចំនួនទឹកប្រាក់ដែលតុលាការបានបង្កកក្នុងគណនីធនាគារបក្សពួកលោកជា សារ៉ន។

ជុំវិញករណីបង្កកទ្រព្យសម្បត្តិនេះ កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាបក៏បានបង្កកគណនីធនាគារ និងទ្រព្បសម្បតិ្តមួយចំនួនរបស់បក្សពួកអតីតឧកញ៉ា ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធីដែលបានឆបោកប្រាក់វិនិយោគរបស់ពលរដ្ឋជាង៥ពាន់គ្រួសារសរុបជិត៣០០លានដុល្លារដែរ។ បច្ចុប្បន្នអ្នកស្រី ឡេង ចាន់ណា និងគ្នីគ្នា០៥នាក់ត្រូវសាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ