អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភាព​ស្រដៀងគ្នា រវាង​ចលនា​បាតុកម្ម របស់​​យុវជន​ហុងកុង​ និង ​យុវជន​ថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនាបាតុកម្ម​បានផ្ទុះឡើង យ៉ាងភ្លូកទឹកភ្លូកដីនៅដែនដីហុងកុង ដើម្បីទាមទារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ដូចគ្នាដែរ ប្រមាណ​៤ខែមកហើយ ដែល​នៅប្រទេសថៃ ក៏មានចលនាបាតុកម្ម យ៉ាងគគ្រឹកគគ្រេង ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ។ អ្វីដែលជាការកត់សំគាល់ គឺចលនាបាតុកម្ម​​នៅហុងកុង និងនៅថៃ គឺវា​មាន​លក្ខណៈស្រដៀងគ្នាខ្លាំងណាស់។ ពោលគឺវា​ជាចលនាបាតុកម្មតវ៉ា ដែលផុសចេញពីក្រុមយុវជន សិស្សនិស្សិត ដែលពោរពេញទៅដោយ​សេចក្តីក្លាហានអង់អាច មាន​ទឹកចិត្តស្រលាញ់សិទ្ធិសេរីភាព ព្រមទាំងចង់បាន​ការផ្លាស់ប្តូរ ដើម្បីអនាគតរបស់ខ្លួន។

យុវជនសិស្សនិស្សិតថៃ ជាច្រើនម៉ឺននាក់ បានមកចូលរួមបាតុកម្ម ទាមទារលទ្ធិប្រជាធិបតេយ្យ ​នៅរាជធានីបាងកក ថ្ងៃទី​១៩ តុលា ២០២០
យុវជនសិស្សនិស្សិតថៃ ជាច្រើនម៉ឺននាក់ បានមកចូលរួមបាតុកម្ម ទាមទារលទ្ធិប្រជាធិបតេយ្យ ​នៅរាជធានីបាងកក ថ្ងៃទី​១៩ តុលា ២០២០ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

រើបំរាស់ប្រឆាំងនឹងអំណាចផ្តាច់ការ ដែល​ក្រាញ​ននៀលមិន​ចង់ផ្លាស់ប្តូរ

បើយើងតាមដានពិនិត្យឲ្យមែនទែន ចលនាបាតុកម្មនៅហុងកុងដ៏ពុះកញ្ជ្រោល កន្លងមកនេះ​ និងចលនាបាតុកម្មនៅថៃ នាពេលបច្ចុប្បន្ននេះ គឺមានចំណុចស្រដៀងគ្នា ខ្លាំង​ណាស់។ មិនថានៅហុងកុង ឬនៅថៃទេ ចលនាបាតុកម្មទាំងនេះ បានងើបឈរឡើង ដើម្បីរើបំរះ ទៅនឹង​អំណាចនយោបាយផ្តាច់ការ ហើយដែលអ្នកកាន់អំណាចនេះ មិនចង់ឲ្យ​មានការផ្លាស់ប្តូរថ្មី ណាមួយឡើយ។

នៅហុងកុង ចលនាបាតុកម្មតវ៉ា បានសំដៅវាយប្រហារទៅលើគណបក្សកុម្មុយនីស្តចិនប៉េកាំង ដែលប្រើកណ្តាប់ដៃដែក ក្តោបក្តាប់សិទ្ធិសេរីភាពតំបន់ហុងហុង យ៉ាងតឹងណែន។ ប៉េកាំងបាន​បដិសេធ រាល់ការធ្វើ សម្បទាន ក្នុងក្របខណ្ឌលទ្ធិប្រជាធិបតេយ្យ​ ហើយមិនត្រឹមតែប៉ុណ្ណោះ បានដាក់​បន្ថែម​ច្បាប់ថ្មីមួយ កាលពីខែ​មិថុនា ដើម្បីបិទខ្ទប់រាល់ការតវ៉ាទាំងអស់ ក្នុងនាម​ការពារសន្តិសុខជាតិ។ ចំណែកនៅប្រទេសថៃ ចលនាបាតុកម្ម​ បាន​សំដៅវាយប្រហារទៅលើ​អំណាចនៃស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល និងដែលមាន​ក្រុមយោធាមេទ័ពធំៗ ចាំការពារបម្រើដោយស្មោះស្ម័គ្រ​។

ដើម្បី​សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ​

ការទាមទារប្រជាធិបតេយ្យ សិទិ្ធអំណាច សម្លេងរបស់ពលរដ្ឋ គឺជាស្នូលនៃការចង់បានរបស់បាតុករ។ នៅហុងកុង​ ចលនាបាតុកម្មបានទាមទារ ឲ្យផ្លាស់ប្តូរ​នីតិវិធីបោះឆ្នោត ឈានទៅ​ជ្រើស​រើសសមាជិក​សភាហុងកុង និងឈានទៅតែងតាំងមេដឹកនាំរដ្ឋបាលហុងកុង ដែលឆ្លើយតប ទៅនឹងសម្លេងឆ្នោត ពិតប្រាកដ របស់​ប្រជាជន។ ចំណែកនៅថៃវិញ ក្រុមបាតុករ បានទាមទារ​ឲ្យ​ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលក្រុមយោធាបានសរសេរ ដើម្បីការពារអំណាចរបស់ខ្លួន កាលពីឆ្នាំ២០១៧។ ការផ្លាស់ប្តូរក៏ត្រូវធ្វើផងដែរ តាមរយៈការរៀបចំ ឲ្យ​មាន​តុល្យភាពអំណាច​ឡើងវិញ ព្រោះថាបច្ចុប្បន្ននេះ អំណាចសឹងតែទាំងស្រុង នៅសភា ព្រឹទ្ធិសភា និងរដ្ឋាភិបាល គឺក្រុមយោធាថៃ ជាអ្នកគ្រប់គ្រង។

បញ្ហាច្បាប់ គឺជា​ចំណុច​ដែល​ផ្តើមឲ្យ​ផ្ទុះការតវ៉ាផងដែរ។ នៅហុងកុង ច្បាប់ធ្វើបត្យាប័ន និងក្រោយមកច្បាប់សន្តិសុខជាតិ ដែលចិន​បាន​ដាក់មកលើដែនដីហុងកុង គឺជាចំណុចផ្តើម​ឲ្យ​​មាន​ការតវ៉ា។ ចំណែកនៅថៃ បាតុកម្ម​ប្រមាណ​៤ខែមកនេះ ក៏បានទាមទារ ឲ្យ​លប់ចោលនូវមាត្រាច្បាប់ ដែលដាក់ទោស​បទល្មើស​ ប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងក្រុមគ្រួសាររាជវង្ស។ ទោសនេះ អាចត្រូវជាប់ពន្ធនាគារ ពី​៣ឆ្នាំ ដល់១៥ឆ្នាំ។

មាត្រាច្បាប់នេះ គឺជានិម្មិតរូបនៃអំណាចផ្តាច់ការ​ គ្មាននរណាប៉ះពាល់បានរបស់ស្ថាប័នព្រះមហាក្សត្រ ហើយក៏ជាឧបករណ៍មួយ ដើម្បីបំបិតមាត់​មិនឲ្យរិះគន់ក្រុមគ្រួសាររាជវង្ស ដែលមានទ្រព្យសម្បត្តិមហាសាល ខណៈដែលប្រជានុរាស្ត្រ​ថៃ សឹងតែមួយចំហៀងនគរ រស់នៅក្នុងភាពក្រីក្រ។ យោងតាមអង្គការ Human Rights Watch នៅក្នុងរវាង២ឆ្នាំចុងក្រោយនេះ មានសកម្មជន​ប្រជាធិបតេយ្យថៃ ដែលបានរត់ភៀសខ្លួនមកបរទេស ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ចំនួនយ៉ាងហោច​​៩នាក់ បានបាត់ខ្លួន។

យុវជនស្ថិតនៅជួរមុខ ដឹកនាំ​ការតវ៉ា

ចំណុចស្រដៀងគ្នាខ្លាំងបំផុតមួយទៀត រវាង​ចលនាបាតុកម្មនៅហុងកុង និងនៅថៃ គឺ យុវជនវ័យក្មេងដែលជាអ្នកដឹកនាំ នឹងចូលរួមបាតុកម្ម។ សិស្សវិទ្យាល័យ និស្សិតមហាវិទ្យាល័យរាប់ម៉ឺននាក់ បានមកចូលរួមបាតុកម្ម ទាំងក្នុងឯកសណ្ឋានសាលា។ មេចលនាបាតុកម្មដែលលេចធ្លោខ្លាំង នៅហុងកុង ដូចជាលោក Joshua Wong និង កញ្ញា Agnes Chow ជាដើម បានចាប់ផ្តើមប្រឡូកក្នុងចលនាបាតុកម្មឆ័ត្រលឿង ទាំងដែលអ្នកទាំង២ មានអាយុមិនទាន់គ្រប់១៨ឆ្នាំផងទេ។ តែភាពក្លាហាន ចំណេះដឹង ការវិភាគវែកញែកហេតុផល របស់យុវជនហុងកុងវ័យក្មេងទាំងនេះ បានធ្វើឲ្យ​មនុស្សចាស់ឯទៀតស្ញើចសរសើរ ហើយ​គាំទ្រសកម្មភាពរបស់ពួកគេ។ នៅថៃ ក្នុងចំណោមមេចលនាបាតុកម្ម ដែលត្រូវបាន​សមត្ថកិច្ចថៃ ចាប់ខ្លួនកាលពី​សប្តាហ៍កន្លងទៅ ភាគច្រើន​បំផុត ពួកគេជានិស្សិត​ មានអាយុខ្ទង់២០ឆ្នាំប៉ុណ្ណោះ ជាក់ស្តែង ដូចជាលោក Pharit Chivarak និងកញ្ញា Panusaya Sithijirawattanakul។

របៀបរៀបចំនៃចលនាបាតុកម្ម របស់យុវជនថៃ និងហុងកុង ក៏មានលក្ខណៈដូចគ្នាដែរ ដោយប្រើប្រាស់​មធ្យោបាយ​​បច្ចេកវិទ្យា បណ្តាញសង្គម។ យុវជនបានទាក់ទង និយាយគ្នា តាមប្រព័ន្ធបច្ចេកវិទ្យាឆ្លើយ​ឆ្លងដែលបិទជិត ហើយឈានទៅ​រៀបចំការជួបជុំគ្នា ភ្លាម​ៗ ដោយមិនចាប់បាច់​គ្រោង​ទុកមុន។ មធ្យោបាយ​នេះ បាន​ញ៉ាំងឲ្យ​ការជួបជុំប្រមូលផ្តុំគ្នា មានភាពលឿនរហ័ស និងបានចូលសព្វទៅគ្រប់ស្រទាប់យុវជន ដែលស្រេកឃ្លានសិទ្ធិសេរីភាព និងការផ្លាស់ប្តូរ។

ពីមួយជំហាន ទៅមួយជំហាន យុវជនថៃ និង ហុងកុង បាន​រិះរកមធ្យោបាយ ដើម្បីការពារខ្លួន ប្រឈម​នឹងការបង្រ្កាប របស់សមត្ថកិច្ច។ ពួកគេបានប្រើសម្ភារៈមួយចំនួន ដូចជា​ពាក់មួកសុវត្ថិភាព ពាក់វែនតាការពារភ្នែក ពាក់ម៉ាស ពាក់អាវភ្លៀង និង​មានឆ័ត្រការពារ ក្នុងករណីដែល​មានការបាញ់ទឹក​បំបែក ពីសំណាក់​អាជ្ញាធរ។

សេចក្តីក្លាហានដែលមនុស្សចាស់ខ្លះមិនមាន

មិនត្រឹមតែប៉ុណ្ណោះ យុវជនថៃ និងហុងកុង បានបង្ហាញឲ្យ​ពិភពលោកបានឃើញថា ទោះបីជា​ពួក​គេនៅក្មេងខ្ចីសេចក្តីមែនពិត តែអ្វីដែលពួកគេបាននឹងកំពុងធ្វើ គឺវា​កើតចេញពីការពិចារណា ថ្លឹងថ្លែងដ៏ត្រឹមត្រូវ​ ហើយដែលមនុស្សចាស់ខ្លះក៏គិតដូចខ្លួន តែគ្មានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការធ្វើវា។ ភាពចាស់ទុំរបស់​យុវជនហុងកុង និងយុវជនថៃ ត្រូវបានស្តែងឡើង ក្រោមរូបភាពជាច្រើន ដូចជារបៀបរៀបចំសកម្មភាពតវ៉ា ការនិយាយស្តី និងគំនិតច្នៃប្រឌិតនានា។

ភាពអង់អាចក្លាហាន របស់យុវជនហុងកុង និងយុវជនថៃ នៅក្នុងចលនាបាតុកម្មកន្លងមកនេះ ក៏បានស្តែងចេញ​ តាមរយៈកាយ​វិការជានិម្មិតរូបផងដែរ។ នៅហុងកុង យុវជនបានលើកបាតដៃ លា​ម្រាម៥ ជាតំណាងឲ្យ​ការតវ៉ាទាំង៥ចំណុចធំៗ របស់ពួកគេ។ ចំណែកនៅថៃ យុវជនបាន​លើក​ដៃម្រាមបី យកគំរូតាមភាពយន្តហូលីវូដ រឿង​ Hunger Games ដែលសាច់រឿងបានឆ្លុះបញ្ចាំង​ពី​ការតស៊ូរើបំរាស់ របស់យុវជនវ័យក្មេង ដែល​ប្រឆាំងនឹងអំណាចជិះជាន់កៀបសង្កត់ ពី​ពពួក​មនុស្សមានអំណាចពេញដៃ។

ឆ្លងកាត់សកម្មភាពបាតុកម្មតវ៉ា កន្លងមកនេះ មិនថានៅហុងកុង ឬនៅ​ថៃ អ្វីដែលគេមិនដែល​ហ៊ាន​បង្ហើប​មក​និយាយ​សោះ​ពីមុនមក ពេលនេះ​វាបានក្លាយ​ជា​ទៅជាការតវ៉ាពិតប្រាកដ របស់​យុវជនខ្លះដែលក្លាហាន។ នៅហុងកុង សម្លេងទាមទារឯករាជ្យពេញបរិបូរ ផ្តាច់ខ្លួន​ចេញពីចិន ចាប់ផ្តើមចេញរូបរាង្គ។ នៅថៃវិញ ស្ថាប័នព្រះមហាក្សត្រដែលមិនដែលមាននរណាហ៊ាននិយាយប៉ះពាល់ តែពេលនេះ យុវជនថៃ ហ៊ានស្រែកតវ៉ា ឲ្យ​ធ្វើកំណែទម្រង់ស៊ីជំរៅ កាត់បន្ថយអំណាច និងគ្រប់គ្រងឲ្យ​មានតម្លាភាព ទៅលើទ្រព្យសម្បត្តិរបស់គ្រួសារព្រះញាតិវង្ស។

ទោះជាយើងមិនអាចដឹងថា ចលនាបាតុកម្មតវ៉ាទាំងអស់នេះ នឹងហុច​ផ្លែផ្កាយ៉ាងណាទៅថ្ងៃខាង​មុខក៏ដោយ ក៏ប៉ុន្តែសម្រាប់អ្នកដែលស្រលាញ់សិទ្ធិសេរីភាព ស្រលាញ់យុត្តិធម៌ និងសច្ចធម៌  នៅពេលដែលឃើញភាពអង់អាចក្លាហាន ការប្តេជ្ញា​របស់យុវជនថៃ និងយុវជនហុងកុងនេះ គឺមិនអាចអត់ទ្រាំ មិនសរសើរ និ​ង​មិនក្តុកក្តួលក្នុងចិត្តបានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ