អានតួអត្ថបទ
ថៃ-បាតុកម្មប្រជាធិបតេយ្យ​

លោកប្រាយុទ្ធ ​ចាន់អូចា ​​ថានឹង​សុំសភា ឲ្យ​​បើក​សម័យ​ប្រជុំ​បន្ទាន់ ដើម្បី​ដោះស្រាយ​វិបត្តិ

ប្រឈមនឹងវិបត្តិនយោបាយ ចលនាបាតុកម្មប្រជាធិបតេយ្យ​យ៉ាងផុសផុល នៅទីក្រុងបាងកកប្រទេសថៃ ប៉ុន្មានខែមក​នេះ កាលពីថ្ងៃចន្ទ ទី ១៩តុលា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា លោកនឹង​បើក​ការប្រជុំគណរដ្ឋមន្ត្រី ដើម្បីស្នើសុំទៅកាន់សភាជាតិថៃ ឲ្យ​បើកសម័យប្រជុំពិសេសមួយ ដើម្បី​ស្វែងរកដំណោះស្រាយ​ទៅ​នឹងវិបត្តិនេះ។ គួរបញ្ជាក់ថា  ការប្រកាសរបស់​លោកប្រាយុទ្ធ ចាន់អូចានេះ គឺបានធ្វើ​ឡើង នៅក្រោយ​ពេល​ដែល​ ចលនាបាតុកម្ម បានរីកសាយភាពទៅតាមទីក្រុងនិង តាមបណ្តា​ខេត្ត​នានា សឹងតែទូទាំងប្រទេសថៃ កាលពី​ថ្ងៃអាទិត្យទី​១៨តុលា។

យុវជនបាតុករថៃ នៅក្រុងបាងកក ចំនួន​ប្រមាណ​២ម៉ឺននាក់ ធ្វើបាតុកម្មដោយមិនខ្លាច​ក្រិត្យច្បាប់ថ្មី ដែលហាមឃាត់ការជួបជុំ។ ថ្ងៃទី​១៨ តុលា ២០២០
យុវជនបាតុករថៃ នៅក្រុងបាងកក ចំនួន​ប្រមាណ​២ម៉ឺននាក់ ធ្វើបាតុកម្មដោយមិនខ្លាច​ក្រិត្យច្បាប់ថ្មី ដែលហាមឃាត់ការជួបជុំ។ ថ្ងៃទី​១៨ តុលា ២០២០ REUTERS - SOE ZEYA TUN
ផ្សាយពាណិជ្ជកម្ម

នៅរសៀលថ្ងៃ​ចន្ទ ទី​១៩តុលា លោកប្រាយុទ្ធ ចាន់អូចា បាន​ប្រកាសថា លោកនឹងស្នើសុំឲ្យ​រដ្ឋសភា បើកសម័យប្រជុំពិសេស ដើម្បីដោះស្រាយវិបត្តិ ចលនាបាតុកម្មរបស់យុវជនថៃ។ លោកបានឆ្លៀតបន្ថែមថា លោកសូមសំណូមពរ ឲ្យ​យុវជន ក៏ដូចជាបាតុករទាំងអស់​ ត្រូវគោរពឲ្យ​បានជាដាច់ខាត នូវច្បាប់ជាធរមាន ហើយ​ចៀសវាងការធ្វើសកម្មភាពបាតុកម្ម ដោយប្រើអំពើហិង្សា ព្រោះថាកន្លងមក រដ្ឋាភិបាល​បាន​បន្ធូរបន្ថយឲ្យច្រើនណាស់។

គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែល​លោក​ប្រាយុទ្ធ ចាន់អូចា ចេញមុខប្រកាសថានឹងស្នើការប្រជុំសភាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិបាតុកម្មសឹងតែមិនលោះថ្ងៃ ប្រមាណ​ជាង​៤ខែមកនេះ។ ចលនាបាតុកម្ម ដែលចេញតែកើនសន្ទុះ ខ្លាំងឡើងៗ ជាពិសេសនៅក្រោយពេល ដែល​រដ្ឋាភិបាល​លោក​ប្រាយុទ្ធ បានអនុម័តច្បាប់បន្ទាន់មួយ ហាមឃាត់ការជួបជុំចាប់ពី​៥នាក់ឡើងទៅ និងហាមឃាត់រាល់ការរិះគន់តាមបណ្តាញសង្គម។ ក្រិត្យច្បាប់បន្ទាន់នេះ បានបញ្ឆេះកំហឹងតវ៉ារបស់យុវជនថៃ ឲ្យ​កានតែក្រេវក្រោធឡើយ។ ជាងនេះទៀត មេចលនាយុវជនជាង២០នាក់ កំពុងស្ថិតនៅក្នុងការឃុំឃាំង ដោយយោងលើក្រិត្យច្បាប់ថ្មីនេះ។

កាលពីថ្ងៃអាទិត្យទី​១៨តុលា មានមនុស្សយ៉ាងហោច២ម៉ឺននាក់ ភាគច្រើនជាសិស្ស និស្សិត បានប្រមូលផ្តុំគ្នាជាច្រើនកន្លែង នៅក្នុងក្រុងបាងកក បើទោះបីជាដឹងថាប្រឈមនឹងការបង្រ្កាប ឬ ការចាប់ខ្លួនពីសំណាក់អាជ្ញាធរក៏ដោយ​។ ក្រៅពីនៅក្រុងបាងកក ចលនាបាតុកម្មសិស្សនិស្សិតថៃនេះ ក៏បានរីករាលដាល​ផងដែរ នៅតាមខេត្តក្រុងធំនានា មិនថាភាគខាងជើង ឬភាគខាងត្បូងប្រទេស ដូចជានៅខេត្តសុងក្លា ខេត្តណាខនប៉ាធំ ខេត្តឈៀងម៉ៃ និងខេត្តឧប៊ុនរ៉ាចាថានីជាដើម។

យុវជនថៃ បានទាមទារ ៤ចំណុចធំៗ ទីមួយ​គឺត្រូវដោះលែងមេចលនាបាតុកម្មប្រជាធិបតេយ្យទាំងអស់ ទីពីរគឺត្រូវធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ស្តារប្រជាធិបតេយ្យឡើងវិញ ទី៣គឺត្រូវធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រកុំឲ្យ​មានឥទ្ធិពលមកលើ​នយោបាយដឹកនាំប្រទេស ហើយចុងក្រោយ គឺលោកប្រាយុទ្ធ ចាន់អូចា ត្រូវតែចុះចេញពីតំណែង។

សូមបញ្ជាក់ថា គឺលោកឈួន លីកផៃ ដែលបច្ចុប្បន្ន​ជា​ប្រធានរដ្ឋសភា ដែលបាន​ប្រាប់ទៅ​លោក​ប្រាយុទ្ធ ចាន់អូចា ថា​ត្រូវ​តែ​ស្នើមកកាន់សភា ដើម្បីបើកសម័យប្រជុំពិសេស។ នៅថ្ងៃចន្ទទី​១៩តុលា លោកបានលើកឡើងថា គណបក្ស​នយោបាយ​​គ្រប់ភាគី នៅក្នុងសភាថៃ​ ត្រូវតែ​​រួមគ្នាឆ្លើយតប ទៅនឹងសេចក្តីចង់បានរបស់​យុវជន។ គួរកត់សំគាល់ថា​ ថ្វីបើលោក​ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា លោកសុខចិត្ត​ស្នើសភា ឲ្យ​បើកសម័យប្រជុំពិសេសនេះមែន តែមិនប្រាកដថា លោក​នឹងសុខចិត្តចុះចេញពីតំណែង ទៅតាមការទាមទាររបស់យុវជននោះ​ឡើយ​។ កាលពីសប្តាហ៍កន្លងទៅ លោកបានអះអាងដាច់ណាត់ ថាកុំសង្ឃឹមថាលោកលាចុះពីតំណែងឲ្យសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ