អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាការចម្រើនធាតុអ៊ុយរ៉ាញ៉ូមក្នុងអត្រា ២០% របស់អ៊ីរ៉ង់ជាក្តីបារម្ភខ្លាំងរបស់សហគមន៍អន្តរជាតិ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​អ៊ីរ៉ង់​បាន​រំលោភបំពាន​កាន់​តែ​ខ្លាំង និង​ជា​ចំហ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ។ ក្នុង​ថ្ងៃ​ចន្ទ ទី៤ មករា អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​ផ្តើម​នីតិវិធី​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អាត្រា​ដល់​ទៅ ២០%។ ការ​ដែល​អ៊ីរ៉ង់​បន្ត​មិន​គោរព​តាម​កិច្ចព្រមព្រៀង​កាល​ពី ៥ឆ្នាំ​មួយ​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ ចំណែក​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​បាន​ត្រឹម​បន្ត​ប្តេជ្ញា​ព្យាយាម​រក្សា​ទុក​កិច្ចព្រមព្រៀង។ តើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា ២០% មាន​ន័យ​យ៉ាង​ដូចម្តេច និង​ថា តើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ នេះ​បាន​ចូល​ទីអវសាន​ហើយ ឬ?

ហេតុអ្វីបានជាការចម្រើនធាតុអ៊ុយរ៉ាញ៉ូមក្នុងអត្រា ២០% របស់អ៊ីរ៉ង់ជាក្តីបារម្ភខ្លាំងរបស់សហគមន៍អន្តរជាតិ?
ហេតុអ្វីបានជាការចម្រើនធាតុអ៊ុយរ៉ាញ៉ូមក្នុងអត្រា ២០% របស់អ៊ីរ៉ង់ជាក្តីបារម្ភខ្លាំងរបស់សហគមន៍អន្តរជាតិ? AP
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ ដែល​អ៊ីរ៉ង់ និង​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ ប្រទេស​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បូក​នឹង​ប្រទេស​អាល្លឺម៉ង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃទី១៦ មករា ឆ្នាំ ២០១៦ មួយ​នេះ​បាន​ចែង​យ៉ាង​ច្បាស់​ពី​វិធានការ​ដែល​អ៊ីរ៉ង់​ត្រូវ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​រយៈពេល​ពី ៥ឆ្នាំ​ទៅ ២៥ឆ្នាំ។ ជា​ថ្នូរ​ត្រឡប់​វិញ សហគមន៍​អន្តរជាតិ​ផ្តើម​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្តិច​ម្តងៗ​ចេញ​ពី​អ៊ីរ៉ង់។ ក្នុង​ចំណោម​ករណីយកិច្ច​ដែល​អ៊ីរ៉ង់​ត្រូវ​គោរព​រួម​មាន មិន​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​ខ្ពស់​ជាង ៣,៦៧% ហើយ​ក្នុង​រយៈពេល ១០ឆ្នាំ អ៊ីរ៉ង់​មិន​អាច​ស្តុក​ទុក​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា​ទាប​ជាង ៣,៦៧% លើស​ពី ៣០០គីឡូក្រាម​ទេ។ បើ​លើស​ពី​ចំនួន​នេះ​នឹង​ត្រូវ​ដឹក​ចេញ​ទៅ​បរទេស គឺ​ប្រទេស​រុស្ស៊ី។

ក្នុង​រយៈពេល ១០ឆ្នាំ អ៊ីរ៉ង់​ត្រូវ​កាត់​បន្ថយ​ចំនួន​ឧបករណ៍​សម្រាប់​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ពី ១៩ ០០០ដើម​មក​នៅ​ត្រឹម ៥ ០៦០ដើម ហើយ​មាន​តែ​មូដែល​ចាស់ៗ​ទេ​ដែល​អនុញ្ញាត​ឲ្យ​បន្ត​ប្រើប្រាស់។ បន្ទាប់​មក មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fordo នៅ​ក្រោម​ដី​ត្រូវ​បាន​ប្តូរ​ទៅ​ជា​មជ្ឈមណ្ឌល​រូបវិទ្យា និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ទៀត​ឡើយ។ ចុង​ក្រោយ អ៊ីរ៉ង់​បាន​យល់ព្រម​កែប្រែ​ម៉ាស៊ីនប្រតិកម្ម​ដើរ​ដោយ​ទឹកធ្ងន់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អារ៉ាក់​ឲ្យ​ទៅ​ជា​ម៉ាស៊ីនប្រតិកម្ម​ដែល​មិន​អាច​ផលិត​សារធាតុ​ភ្លុយតូនីញ៉ូម​ដើម្បី​បម្រើ​ឲ្យ​វិស័យ​យោធា​បាន​ទៀត​ទេ។

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​មាន​តួនាទី​ជា​អ្នក​ត្រួតពិនិត និង​តាម​ឃ្លាំមើល​ការ​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​របស់​អ៊ីរ៉ង់​ដោយ​មាន​ការ​រួម​សហការ​យ៉ាង​ស្អិតរមួត​​​ពី​អ៊ីរ៉ង់។ នៅ​ក្នុង​ជំហាន​ដំបូង អ្វីៗ​មាន​ដំណើរការ​ដោយ​រលូន។ គឺ​ទើប​តែ​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ទេ​ដែល​រឿងរ៉ាវ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ផ្តើម​កក្រើក​ឡើង​វិញ ពោល​ក្រោយ​ពី​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​កិច្ចព្រមព្រៀង​ក្នុង​ថ្ងៃទី៨ ឧសភា ឆ្នាំ ២០១៨។ បន្ទាប់​មក លោក​ត្រាំ​ក៏​បាន​ផ្តើម​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​បន្តបន្ទាប់​លើ​អ៊ីរ៉ង់។ ជា​ការ​សងសឹក​នឹង​សហរដ្ឋអាមេរិក​វិញ អ៊ីរ៉ង់​ក៏​បាន​ចាប់​ផ្តើម​លែង​គោរព​តាម​កិច្ចសន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ ជាក់ស្តែង អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា​ទាប​ជាង ៣,៦៧% ត្រូវ​បាន​អ៊ីរ៉ង់​ស្តុក​លើស ១២ដង​ច្រើន​ជាង​បរិមាណ​ដែល​មាន​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង ហើយ​នៅ​ដើម​ឆ្នាំ ២០២0 អ៊ីរ៉ង់​បាន​បង្កើន​ចំនួន​ឧបករណ៍​សម្រាប់​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ពី ៥ ០៦០ដើម​នៅ​មុន​ឆ្នាំ ២០១៥ ទៅ​ដល់ ៦ ៤០០ដើម​នា​ពេល​បច្ចុប្បន្ន។

តែ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ព្រួយបារម្ភ​ខ្លាំង​ជាង​គេ​នៅ​ពេល​នេះ គឺ​ការ​ដែល​អ៊ីរ៉ង់​ទើប​សម្រេច​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​ដល់​ទៅ ២០% ដូច​ដែល​ខ្លួន​បាន​ធ្វើ​នៅ​មុន​មាន​កិច្ចព្រមព្រៀង។ ហេតុអ្វី​បាន​ជា​គេ​និយាយ​ពី​អត្រា ២០% ព្រោះ​ដើម្បី​អាច​ឈាន​ទៅ​ផលិត​គ្រាប់បែក​បរមាណូ​បាន គេ​ត្រូវ​ការ​អ៊ុយរ៉ាញ៉ូម​ចម្រើនរួច​ក្នុង​អត្រា​ដល់​ទៅ ៩០% ឯណោះ។ លោក​ហ្រ្វង់ស័រ នីគូឡូដ អតីត​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អ៊ីរ៉ង់ និង​ជា​អ្នកជំនាញ​ស្តីពី​អ៊ីរ៉ង់​បាន​ពន្យល់​ថា នីតិវិធី​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ពី​អត្រា ២០% ទៅ ៩០% គឺ​ងាយស្រួល និង​ឆាប់​រហ័ស​ជាង​នីតិវិធី​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ពី​អត្រា ៣% ទៅ ២០% ឆ្ងាយ​ណាស់។ ដូច្នេះ​អ្វី​ដែល​អ៊ីរ៉ង់​កំពុង​ធ្វើ​នេះ​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​កិច្ចព្រមព្រៀង។ តែ​វា​គ្រប់គ្រាន់​ដើម្បី​ដាក់​គំនាប​លើ​សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក​ឲ្យ​ពិចារណា​ឡើង​វិញ​ពី​ជំហរ​របស់​ខ្លួន។

ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក​ចូ បៃដិន​ដែល​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី២០ មករា​ខាង​មុខ​ធ្លាប់​បាន​សន្យា​ថា លោក​នឹង​នាំ​សហរដ្ឋអាមេរិក​ឲ្យ​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឡើង​វិញ។ តែ​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​បាន​ព្រមាន​ច្រើន​ដង​ថា ការ​ស្អប់ខ្ពើម និង​ការ​តាម​ចងពៀរ​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់​នឹង​គ្មាន​ថ្ងៃ​បញ្ចប់​ដោយ​ការ​ចាកចេញ​ពី​សេតវិមាន​របស់​លោក​ដូណាល់ ត្រាំ​ទេ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​នៃ​កិច្ចព្រមព្រៀង​ហាក់​បាន​ដឹង​ខ្លួន​បន្ថែម​ថា កិច្ចព្រមព្រៀង​កាល​ពី ៥ឆ្នាំ​មួយ​នេះ​កំពុង​ស្ថិត​មាត់ជ្រោះ​មរណៈ​ដែល​គេ​ត្រូវ​សង្រ្គោះ​ជា​បន្ទាន់។ ខណៈ​ដែល​អ៊ីរ៉ង់​នៅ​មិន​ទាន់​បិទទ្វារ​ចរចា​ទាំង​ស្រុង សហភាពអឺរ៉ុប​បាន​សន្យា​បង្កើន​ការ​ប្រឹងប្រែង​ទ្វេដង​ដើម្បី​ព្យាយាម​រក្សា​ទុក​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ជាជាង​ទុក​កិច្ចព្រមព្រៀង​នេះ​ឲ្យ​ស្លាប់ និង​ចាប់​ផ្តើម​ការ​ចរចា​ឡើង​វិញ​ដែល​ត្រូវ​ប្រើ​ពេល​យូរ និង​មិន​ច្បាស់​ទទួល​បាន​កិច្ចព្រមព្រៀង​ថ្មី​ដែល​គ្រាន់​បើ​ជាង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ