អានតួអត្ថបទ
កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់

ប្រទេសហត្ថលេខី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ពេញចិត្ត​​នឹង​ទទួល​​សហរដ្ឋ​អាមេរិក បើ​ចង់​ត្រលប់​ចូល​វិញ

រដ្ឋមន្ត្រីកាបរទេស នៃ​ប្រទេសហត្ថលេខី​កិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់ បាន​បើកការប្រជុំពីចំងាយ កាលពីថ្ងៃចន្ទ ទី​២១ធ្នូម្សិលមិញ ដើម្បី​បន្តពិគ្រោះគ្នា ស្វែងរកលទ្ធភាព​រក្សាការពារកិច្ចព្រមព្រៀងនេះ។ ក្រុមប្រទេសអឺរ៉ុប រុស្ស៊ី និងចិន បានសំដែង​សុទិដ្ឋិនិយម ចង់ឃើញរដ្ឋាភិបាលថ្មីរបស់​សហរដ្ឋអាេមរិក សម្រេចចិត្តវិលត្រលប់ ចូលមក​ក្នុងកិច្ចព្រមព្រៀងនេះវិញ។ ក្រុមប្រទេសហត្ថលេខី ក៏បានអំពាវនាវផងដែរ ឲ្យអ៊ីរ៉ង់ត្រូវ​ប្រឹងប្រែងអត់ធ្មត់ កុំធ្វើបំពាន​កិច្ចសន្យាខ្លួន​ឲ្យសោះ។

លោក Rafael Grossi អគ្គលេខាធិការ អង្គការថាមពល​នុយក្លេអ៊ែរអន្តរជាតិ (AIEA) ស្តាប់អំណះអំណាងរបស់​មន្ត្រីទទួលបន្ទុកថាមពល​នុយក្លេអ៊ែរអ៊ីរ៉ង់ Ali-Akbar Salehi នៅក្នុងកិច្ចប្រជុំ ថ្ងៃទី ២១ ធ្នូ ២០២០។ ស្នាក់ការកណ្តាល ទីក្រុង​វីយែន ថ្ងៃទី ២១ ធ្នូ ២០២០
លោក Rafael Grossi អគ្គលេខាធិការ អង្គការថាមពល​នុយក្លេអ៊ែរអន្តរជាតិ (AIEA) ស្តាប់អំណះអំណាងរបស់​មន្ត្រីទទួលបន្ទុកថាមពល​នុយក្លេអ៊ែរអ៊ីរ៉ង់ Ali-Akbar Salehi នៅក្នុងកិច្ចប្រជុំ ថ្ងៃទី ២១ ធ្នូ ២០២០។ ស្នាក់ការកណ្តាល ទីក្រុង​វីយែន ថ្ងៃទី ២១ ធ្នូ ២០២០ REUTERS - LEONHARD FOEGER
ផ្សាយពាណិជ្ជកម្ម

លោកចូ បៃដិន ដែលនឹងចូលកាន់តំណែង ចាប់ពីថ្ងៃទី ២០មករាទៅ ធ្លាប់​បានអះអាងថា លោកនឹងនាំសហរដ្ឋ​អាមេរិក ឲ្យ​ត្រលប់​មកក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់វិញ។ នៅក្នុងកិច្ចប្រជុំពីចំងាយ កាលពីថ្ងៃចន្ទទី ២១ធ្នូ រដ្ឋមន្ត្រីការបរទេស នៃ​ក្រុមប្រទេសហត្ថលេខី មានបារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងចិន បានសំដែងសមាន​ចិត្តត្រេកអរ  និងបាន​​លើកឡើងថា​គេត្រៀមឆ្លើយ​តប ទទួលយល់ព្រម​ដោយ​រីករាយ ប្រសិនបើ​រដ្ឋាភិបាលថ្មីរបស់អាមេរិក ចង់ត្រលប់មកចូលរួម ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់វិញ។

ទន្ទឹមនឹងនេះដែរ ក្រុមប្រទេសហត្ថលេខី បានអំពាវនាវ សុំឲ្យ​អ៊ីរ៉ង់ ត្រូវបន្តប្រឹងប្រែងអត់ធ្មត់ កុំធ្វើអ្វីបំពាន ឬជ្រុលជ្រួល ឃ្លាតឆ្ងាយកាន់តែខ្លាំងអំពីកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងក្នុងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា​នៅ​ខែ​កក្កដា ឆ្នាំ​២០១៥។

សូមរំលឹកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានជួប​ភាព​រង្គោះរង្គើរ ស្ទើរតែគ្មានប្រសិទ្ធិភាព បន្ទាប់​ពីលោក​ដូណាល់ ត្រាំ ចូលកាន់តំណែងនៅឆ្នាំ២០១៦ ហើយបានសម្រេចចិត្តដកខ្លួន​ចេញ។ រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសម្រេចជាឯកតោភាគី ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ​អ៊ីរ៉ង់ និង​បិទផ្លូវ​ មិន​​ឲ្យ​​ប្រទេស​ផ្សេងទៀត មាន​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់។

បើទោះបីប្រទេសហត្ថលេខីផ្សេងទៀត បានធានា​ថានឹង​បន្តគោរពកិច្ចព្រមព្រៀង ទោះគ្មានសហរដ្ឋអាមេរិកក្តី​​ តែអ៊ីរ៉ង់ហាក់​បាន​​អស់សង្ឃឹម និង​ឈប់​គោរព​បន្តិចម្តងៗ នូវ​កាតព្វកិច្ច​របស់ខ្លួន។​

កាលពីចុងខែវិច្ឆិកា​ ភាពតានតឹង កាន់តែមានខ្លាំង​ឡើង បន្ទាប់ពី​មានអំពើ​ឃាតកម្ម​សម្លាប់ លោក Mohsen Fakhrizadeh ដែល​ជាមន្ត្រីទទួល​បន្ទុក​​កម្មវិធី​នុយ​ក្លេអ៊ែរអ៊ីរ៉ង់ ដ៏​សំខាន់ម្នាក់។ អ៊ីរ៉ង់ បានចោទ ថាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានឃុបឃិតគ្នា ធ្វើអំពើ​នេះ។ ក្រោយ​​ហេតុការណ៍​នេះ នៅដើមខែធ្នូ អ៊ីរ៉ង់​បានសម្រេច​បើក​​ម៉ាស៊ីន​ចំរាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម ចំនួន​៣ ​នៅ​ស្ថានីយ៍ Natanz ភាគកណ្តាលប្រទេស។

ទោះជាយ៉ាងនេះក្តី កាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ លោក ហាសាន់​ រូហានី ប្រធានាធិបតីអ៊ីរ៉ង់  បានថ្លែងថា លោកមានសុទិដ្ឋិនិយម ជឿថា លោកចូ បៃដិន និងនាំសហរដ្ឋអាមេរិក ឲ្យ​មកគោរព​កិច្ចព្រមព្រៀងអន្តរជាតិ​ ដែល​លោកដូណាល់ ត្រាំ ធ្លាប់បានបំផ្លាញចោល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ