អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

នុយក្លេអ៊ែរអ៊ីរ៉ង់៖ប្រទេសហត្ថលេខីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ រួមប្រជុំដើម្បីបញ្ចុះភាពតានតឹង

នៅ​ថ្ងៃ​ពុធ ទី១៦ ធ្នូ ក្រុម​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ បាន​រួមប្រជុំ​គ្នា​តាម​អនឡាញ។ តែ​ការ​ប្រជុំ​លើក​នេះ​គ្មាន​វត្តមាន​សហរដ្ឋអាមេរិក​ទេ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៨។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​មាន​ពីរ ទី១ ដើម្បី​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​ក្នុង​ពេល​រង់ចាំ​រដ្ឋបាល​អាមេរិក​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ចូ បៃដិន និង​ទី២ ដើម្បី​រម្លឹក​អ៊ីរ៉ង់​ឲ្យ​គោរព​ត្រឹមត្រូវ​នូវ​កាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។

ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានី
ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានី Iranian Presidency / AFP
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​ប្រឆាំង​អ៊ីរ៉ង់​មក កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ បូក​នឹង​ប្រទេស​អាល្លឺម៉ង់​កាល​ពី ៥ឆ្នាំ​មួយ​នេះ​កំពុង​ផុយស្រួយ​ខ្លាំង និង​ឈាន​ទៅ​រក​ការ​ស្លាប់​តែ​ម្តង។ មូលហេតុ គឺ​មក​ពី​អ៊ីរ៉ង់​បាន​សងសឹក​ដាក់​សហរដ្ឋអាមេរិក​វិញ​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៩​ដោយ​ផ្តើម​មិន​គោរព​ពាក្យ​សន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង ពិសេស​បង្កើន​ការ​ស្តុក និង​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​លើស​អត្រា​កំនត់។

លើស​ពី​នេះ និង​ក្រោយ​ពី​មាន​ឃាតកម្ម​សម្លាប់​អ្នកជំនាញ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​លោក Mohsen Fakhrizadeh នា​ដំណាច់​ខែ​វិច្ឆិកា អ៊ីរ៉ង់​បាន​បង្កើន​ការ​ផ្គើន​ដាក់​សហគមន៍​អន្តរជាតិ​មួយ​កម្រិត​ទៀត​ដោយ​ដំឡើង​ឧបករណ៍​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ចំនួន ៣បន្ថែម​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Natanz។ ដូច្នេះ​កម្មវត្ថុ​សំខាន់​នៃ​ជំនួប​រវាង​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ដែល​គ្មាន​វត្តមាន​ភាគី​អាមេរិក​ពេល​នេះ គឺ​ដើម្បី​ស្វែង​រក​មធ្យោបាយ​បន្ត​រក្សា​ទុក​កិច្ចព្រមព្រៀង និង​រម្លឹក​ភាគី​អ៊ីរ៉ង់​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ត្រឹមត្រូវ ពេញ​លេញ​ឡើង​វិញ។

ម្យ៉ាង​ទៀត ក្រុម​ប្រទេស​ហត្ថលេខី​ក៏​ចង់​ប្រាប់​អ៊ីរ៉ង់​ថា ការ​ចូល​កាន់​អំណាច​របស់​រដ្ឋបាល​ថ្មី​នៅ​សហរដ្ឋអាមេរិក​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ចូ បៃដិន​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​ស្តារ​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តេហេរ៉ង់​ឡើង​វិញ។ ទំនាក់ទំនង​ដែល​ត្រូវ​បាន​ជាន់​ពន្លិច​ដោយ​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ។ គួរ​រម្លឹក​ថា លោក​បៃដិន​ធ្លាប់​បាន​បញ្ជាក់​ពី​ឆន្ទៈ​ចង់​នាំ​សហរដ្ឋអាមេរិក​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​លោក​ត្រាំ​បាន​ដក​ចេញ។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី​បាន​ថ្លែង​ក្នុង​ថ្ងៃ​ពុធ ទី១៦ ធ្នូ​ថា លោក​សប្បាយចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការ​ចាកចេញ​ពី​សេតវិមាន​របស់​លោក​ត្រាំ ព្រម​ទាំង​បាន​ចាត់​ទុក​លោក​ត្រាំ​ជា​ភេវរជន និង​ជន​ផ្តាច់ការ។ តែ​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​បាន​បញ្ជាក់​ថា អរិភាព​របស់​សហរដ្ឋអាមេរិក​ចំពោះ​អ៊ីរ៉ង់​នឹង​មិន​បញ្ចប់​ដោយ​ការ​ចាក​ចេញ​របស់​ប្រធានាធិបតី​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ