អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ៊ីរ៉ង់ប្រកាសចាប់ផ្តើមចម្រើនធាតុអ៊ុយរ៉ាញ៉ូមដល់ ២០%

អ៊ីរ៉ង់​បាន​ប្រកាស​ឲ្យដឹង​​នៅថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ចាប់ផ្តើម​ឡើងវិញ​នូវ​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​កម្រិត ២០% ដែល​ហាម​ឃាត់​ដោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ២០១៥។ ក្នុងថ្ងៃ​ជាមួយគ្នា កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា ខ្លួន​បាន​ចាប់​នាវា​ដឹកជញ្ជូន​មួយគ្រឿង ដោតទង់ជាតិកូរ៉េ​ខាង​ត្បូង ហើយ​ដែល​បើក​ឆ្លងកាត់​តាម​ឈូងសមុទ្រ​ពែរ្ស៍។

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ២០១៥​​កំណត់​ឲ្យ​អ៊ីរ៉ង់​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុងកម្រិតខ្ពស់បំផុត​ត្រឹម ៣,៦៧%
កិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ២០១៥​​កំណត់​ឲ្យ​អ៊ីរ៉ង់​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុងកម្រិតខ្ពស់បំផុត​ត្រឹម ៣,៦៧% Iranian Presidency/AFP/File
ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្រ្តី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ ដកស្រង់​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​កម្រិត ២០% នឹង​ត្រូវ​ធ្វើឡើង នៅ​ឯមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​​ក្រោមដី នៅ Fordo ដែល​អ៊ីរ៉ង់​ត្រូវ​ផ្អាក​សកម្មភាព ស្រប​ទៅតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។

គួររំឭកឡើងវិញ​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​អ៊ីរ៉ង់​បាន​ចុះ​ជាមួយ​ប្រទេស​មហាអំណាច រួមមាន អាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិន និង​អាល្លឺម៉ង់ កាល​ពី​ឆ្នាំ២០១៥​កន្លងទៅ កំណត់​ឲ្យ​អ៊ីរ៉ង់​អាច​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​យ៉ាងខ្ពស់​បំផុត​ត្រឹម​កម្រិត ៣,៦៧%​ ប៉ុណ្ណោះ ហើយ​ក៏​បាន​តម្រូវ​ផងដែរ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​ទាំងស្រុង​​សកម្មភាព​នុយក្លេអ៊ែរ​ នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក្រោមដី នៅ Fordo។ ទាំងនេះ គឺ​ដើម្បី​ធានា​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​មិនមែន​ក្នុងគោលដៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​​ការកម្រិត​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នេះ ទទួល​បាន​​ជា​ថ្នូរ​មកវិញ គឺ​​ការ​ដក​ទណ្ឌកម្ម​របស់​អាមេរិក។

ក៏ប៉ុន្តែ នៅក្រោយ​ពេល​ដែល​អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ ​បាន​​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង ហើយ​បាន​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​វិញ កាល​ពី​ឆ្នាំ២០១៨ អ៊ីរ៉ង់​ក៏​បាន​ចាប់ផ្តើម​ងាកចេញ​​ពី​កាតព្វកិច្ច​​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វិញ​បន្តិចម្តងៗ ដោយ​ចាប់ផ្តើម​ពី​ការ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ហួស​បរិមាណ​កំណត់ ការចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ដល់កម្រិត ៤,៥% មុននឹង​ឈាន​ដល់​​ការ​ប្រកាស​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​កម្រិត ២០% នៅថ្ងៃ​ចន្ទ​នេះ។

អ៊ុយរ៉ាញ៉ូម​បន្សុទ្ធ​ដល់​កម្រិត ២០% នេះ គឺ​នៅ​ឆ្ងាយ​នៅឡើយ ​ពី​កម្រិត ៩០% ដែល​គេ​ប្រើ​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ក៏ប៉ុន្តែ វាជាកម្រិត​មួយ ​ដែល​​អ៊ីរ៉ង់​ធ្លាប់​ធ្វើ កាល​ពី​មុនពេល​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ហើយ​ការងាកចេញយ៉ាង​ឆ្ងាយ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដោយ​អ៊ីរ៉ង់​នៅពេល​នេះ ធ្វើឡើង​នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​យ៉ាង​ខ្លាំង​ជាមួយ​អាមេរិក ជាពិសេស នៅក្រោយ​ខួប១ឆ្នាំ នៃ​ការ​ធ្វើឃាត​ឧត្តមសេនីយ៍​ស៊ូឡីម៉ានី ដោយ​អាមេរិក កាល​ពីថ្ងៃទី៣មករាឆ្នាំ២០២០។

នៅថ្ងៃ​ចន្ទ​នេះដែរ បន្ថែម​ពីលើ​ការ​ប្រកាស​​ពី​ការ​ចាប់ផ្តើម​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​កម្រិត ២០% ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា ខ្លួន​បាន​ចាប់​នាវាដឹកជញ្ជូន​មួយគ្រឿង នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរ្ស ដោយ​ចោទ​​ថា​បាន​រំលោភ​លើ​ច្បាប់​ស្តីពី​បរិស្ថាន​សមុទ្រ។ នាវាដឹកជញ្ជូន​នេះ​ ជា​នាវា​ស៊ីវិល ដោត​ទង់ជាតិ​កូរ៉េ​ខាង​ត្បូង ហើយ​បុគ្គលិក​បម្រើការ​លើ​នាវា ដែល​ត្រូវ​បាន​អាជ្ញាធរ​អ៊ីរ៉ង់​ចាប់ខ្លួន ខ្លះ​​មាន​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង ចំណែក​ខ្លះទៀត ជាពលរដ្ឋ​​ឥណ្ឌូណេស៊ី វៀតណាម និង​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ