អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាក្រុងហ្សេរុយសាឡឹមខាងកើតបន្តចិញ្ចឹមភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានការណ៍​កំពុង​បន្ត​តានតឹង និង​ពុះកញ្ជ្រោល​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ហ្សេរុយសាឡឹមខាងកើត។ អស់​ជា​ច្រើន​ថ្ងៃ​កន្លង​មក ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​បាន​ផ្ទុះ​ឡើង​រវាង​ប្រជាជន​ប៉ាឡេស្ទីន និង​កម្លាំង​ទាហាន​អ៊ីស្រាអែល​នៅ​ទីលាន​វិហារ​អ៊ីស្លាម​ដែល​ប៉ាឡេស្ទីន​ហៅ​អាល់ អាសា និង​អ៊ីស្រាអែល​ហៅ​ប្រាសាទភ្នំ។ គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី១០ ឧសភា អំពើ​ហិង្សា​បាន​បណ្តាល​ឲ្យ​របួស​ជាង ៣០០នាក់​ដែល​ភាគ​ច្រើន​ជា​ប្រជាជន​ប៉ាឡេស្ទីន។ ប្រឈម​នឹង​ការ​ផ្ទុះ​ហិង្សា​ថ្មី​នេះ មាន​ប្រទេស​ជា​ច្រើន​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់។ ចំណែក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះ​ប្រជុំ​ក្នុង​ថ្ងៃ​ចន្ទ ទី១០ ឧសភា​តាម​សំណើ​របស់​ប្រទេស​ទុយនីស៊ី។ អ្វី​ទៅ​ជា​ដើមចម​ពិត​ប្រាកដ​នៃ​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ពេល​នេះ និង​ថា តើ​ព្រឹត្តិការណ៍​មួយ​នេះ​មិនមែន​កំពុង​ឈាម​ទៅ​ផ្ទុះ​សង្រ្គាម​អ៊ីនទីហ្វាដា​ជា​លើកទី៣ ទេ ឬ​យ៉ាង​ណា?។

ការ​ប៉ះទង្គិច​គ្នា​​រវាង​ប្រជាជនប៉ាឡេស្ទីន និង​កម្លាំង​ប៉ូលិសអ៊ីស្រាអែល​នៅ​ទីលានវិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​ហ្សេរុយសាឡឹមខាង​កើត
ការ​ប៉ះទង្គិច​គ្នា​​រវាង​ប្រជាជនប៉ាឡេស្ទីន និង​កម្លាំង​ប៉ូលិសអ៊ីស្រាអែល​នៅ​ទីលានវិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​ហ្សេរុយសាឡឹមខាង​កើត AFP - AHMAD GHARABLI
ផ្សាយពាណិជ្ជកម្ម

អំពើហិង្សា​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​ហ្សេរុយសាឡឹមខាងកើត​ពេល​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ តែ​ជា​ភាព​ច្រំដែល​នៃ​ដំណើរ​វិលចុះ​វិល​ឡើង​របស់​កង់ប្រវត្តិសាស្រ្ត​នៅ​ក្នុង​តំបន់​ដើមបូព៌ា។ បើ​គេ​មើល​មួយ​ភ្លែត​ទៅ អំពើហិង្សា​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​តុលាការកំពូល​អ៊ីស្រាអែល​ត្រូវ​បើក​សវនាការ​ជំនុំជម្រះ​នា​ថ្ងៃ​ចន្ទ ទី១០ ឧសភា​លើ​សំណុំរឿង​គ្រួសារ​ប៉ាឡេស្ទីន​មួយ​ចំនួន​ដែល​រស់ក្នុង​សង្កាត់ Cheikh Jarrah នៃ​ទីក្រុង​ហ្សេរុយសាឡឹមខាងកើត និង​ដែល​គ្រួសារ​ប៉ាឡេស្ទីន​ទាំង​នេះ​រង​ការ​គំរាម​បណ្តេញ​ចេញ​ដើម្បី​ផ្តល់​ទីតាំង​នោះ​ទៅ​ឲ្យ​ក្រុម​អាណានិគមជន​អ៊ីស្រាអែល។

ក្រោម​ភ្នែក ច្រមុះ​ប៉ាឡេស្ទីន នេះ​ជា​ទង្វើ​មួយ​ដែល​ខ្លួន​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ទីកន្លែង​ដែល​គ្រួសារ​ប៉ាឡេស្ទីន​កំពុង​រស់នៅ​ជា​ដែនដី​របស់​ប៉ាឡេស្ទីន។ នៅ​ទីបំផុត តុលាការកំពូល​អ៊ីស្រាអែល​បាន​សម្រេច​លើក​យក​សំណុំរឿង​នេះ​ទៅ​ចាត់​ការ​នៅ​ពេល​ក្រោយ​វិញ។ តែ​អំពើហិង្សា​ហាក់​មិន​បាន​ស្ងប់ស្ងាត់​ទេ​នា​ថ្ងៃ​ចន្ទ ទី១០ ឧសភា​ដែល​ជា​ទិវា​ហ្សេរុយសាឡឹម​សម្រាប់​អ៊ីស្រាអែល។ ទិវា​ហ្សេរុយសាឡឹម​ជា​ថ្ងៃ​ដែល​អ៊ីស្រាអែល​បាន​ក្រសោប​យក​ហ្សេរុយសាឡឹមខាងកើត​ក្នុង​សម័យ​សង្រ្គាម ៦ថ្ងៃ​កាល​ពី​ឆ្នាំ ១៩៦៧។ នេះ​ហើយ​ជា​ដើមចម​មួយ​ក្នុង​ចំណោម​ដើមចម​ពិត​ផ្សេង​ទៀត​ដែល​បញ្ជាក់​ពី​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នា​ពេល​កន្លង​មក​ក៏​ដូច​ជា​នៅ​ពេល​នេះ។

ចូរ​កុំ​ភ្លេច​ថា​សព្វថ្ងៃ​នេះ ហ្សេរុយសាឡឹម​ទាំង​មូល​និយាយ​ជា​រួម និង​ហ្សេរុយសាឡឹម​ខាងកើត និង​ខាងលិច និយាយ​ដោយឡែក​នៅ​មិន​ទាន់​ជា​ទីក្រុង​ផ្លូវការ​របស់​អ៊ីស្រាអែល ឬ​ប៉ាឡេស្ទីន​ទេ។ បើ​និយាយ​ក្រៅ​ផ្លូវការ​វិញ ហ្សេរុយសាឡឹមខាងលិច​កំពុង​ស្ថិត​ក្នុង​ដៃ​អ៊ីស្រាអែល ហើយ​ហ្សេរុយសាឡឹមខាងកើត​កំពុង​ត្រូវ​បាន​ប៉ាឡេស្ទីន​បន្ត​ទាមទារ​យក​ធ្វើ​ជា​អនាគត​ទីក្រុង​សម្រាប់​អនាគត​រដ្ឋ​របស់​ខ្លួន។ តែ​បញ្ហា​នៅ​ត្រង់​ថា រដ្ឋប៉ាឡេស្ទីន​ស្របច្បាប់​មួយ​ដែល​ប្រជាជន​ប៉ាឡេស្ទីន​សង្ឃឹម​មាន​អស់​ជា​ច្រើន​ទសវត្ស​មិន​ដឹង​អាច​ប្រសូត្រ​បាន​នៅ​ពេល​ណា​ទេ។ ចំណែក​ទីក្រុង​ហ្សេរុយសាឡឹម​ទៀត​សោត​ត្រូវ​បាន​អ៊ីស្រាអែល​ប្រកាស​ជា​ឱឡារិក និង​ក្តែងៗ​ថា ជា​ទីក្រុង​ផ្តាច់​មុខ​អមតៈ​របស់​ខ្លួន​ដែល​មិន​អាច​ពុះចែក​បាន​ជា​ដាច់​ខាត មិន​ថា​ជា​បួន​ចំណែក ឬ​ជា​ពីរ​ចំណែក​ទេ។

ក្រៅ​ពី​ការ​ប្រទាញប្រទង់ ដណ្តើម​ទីក្រុង​ហ្សេរុយសាឡឹម បញ្ហា​ក៏​កំពុង​បន្ត​ចោទ​ឡើង​ជុំវិញ​ខ្សែបន្ទាត់​ព្រំដែន​សម្រាប់​អានាគត​រដ្ឋ​ប៉ាឡេស្ទីន ប្រសិន​បើ​អាច​បង្កើត​បាន​នៅ​ថ្ងៃ​ណា​មួយ​នោះ។ សម្រាប់​ប៉ាឡេស្ទីន និង​ក្រុម​ប្រទេស​អារ៉ាប់ អនាគត​រដ្ឋ​ប៉ាឡេស្ទីន​នឹង​ត្រូវ​កំណត់​យក​ព្រំដែន​ឆ្នាំ ១៩៦៧ និង​យក​ហ្សេរ៉ុយសាឡិមខាងកើត​ធ្វើ​ជា​ទីក្រុង។ តែ​សំណើ​នេះ​ត្រូវ​បាន​អ៊ីស្រាអែល​បន្ត​បដិសេធ​យ៉ាង​ដាច់​អហង្ការ។ អ្វី​ដែល​បាន និង​កំពុង​បន្ត​កើត​មាន​ជាក់ស្តែង​នៅ​ពេល​នេះ ប៉ាឡេស្ទីន​មិន​ត្រឹម​តែ​នៅ​មិន​ទាន់​មាន​រដ្ឋ​ឯករាជ្យ​មួយ​ប៉ុណ្ណោះ​ទេ តែ​ដែនដី​ដែល​នៅ​សេសសល់​សព្វថ្ងៃ​ក៏​ត្រូវ​បាន​អ៊ីស្រាអែល​ច្រឹប​យក​មួយ​ចង្ងាម​ម្តងៗ​តាម​រយៈ​គោលនយោបាយ​អាណានិគមនិយម។

គួរ​រម្លឹក​ថា ក្រុង​ហ្សេរុយសាឡឹម​ជា​ទីកន្លែង​ប្រមូលផ្តុំ​ទៅ​ដោយ​ទីសក្ការៈ​បូជា​របស់​សាសនា​ទាំង​៣ គឺ​សាសនា​គ្រឹស្ត សាសនា​អ៊ីស្លាម និង​សាសនា​របស់​ជនជាតិ​ជ្វីហ្វ។ នៅ​ពេល​គេ​និយាយ​ពី​ហ្សេរុយសាឡឹមខាង​កើត គេ​មិន​អាច​មិន​និយាយ​ពី​ទីលាន​វិហារ​អ៊ីស្លាម​ដែល​កំពុង​ផ្ទុះ​ហិង្សា​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ពេល​នេះ​ទេ។ ទីលាន​វិហារ​អ៊ីស្លាម​នៅ​ហ្សេរុយសាឡឹមខាងកើត​ដែល​ប៉ាឡេស្ទីន​ហៅ​អាល់ អាសា និង​អ៊ីស្រាអែល​ហៅ​ប្រាសាទភ្នំ​ជា​ទីកន្លែង​សក្ការៈ​ទី៣ របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ទូទំាង​ពិភពលោក បន្ទាប់​ពី​ទីសក្ការៈ​ក្នុង​ទីក្រុង​ឡាម៉េក និង​មេឌីន​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ មាន​តែ​ប្រជាជន​អ៊ីស្លាម​ទេ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ទីលាន​វិហារ​អ៊ីស្លាម​នោះ​ដើម្បី​ក្រាបបន់ស្រន់។

ចំណែក​អ្នក​កាន់​សាសនា​ជ្វីហ្វ​ក៏​ត្រូវ​គេ​អនុញ្ញាត​ដែរ តែ​មាន​ម៉ោង​កំណត់​ច្បាស់លាស់ និង​ស្ថិត​ក្រោម​ការ​យាមកាម​ក្នុង​កម្រិត​ខ្ពស់​បំផុត។ សរុប​មក​វិញ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ពី​រូបភាព​នៃ​អំពើហិង្សា​នៅ​ហេ្សរុយសាឡឹមខាងកើត​ពេល​នេះ គឺ​សង្រ្គាម​ចោលដុំ​ថ្ម​ដែល​គេ​ហៅ​អ៊ីនទីហ្វាដា។ សង្រ្គាម​មួយ​នេះ​ធ្លាប់​បាន​កើត​ឡើង​ចំនួន​ពីរ​លើក​ដែល​លើក​ទី១​ពី​ឆ្នាំ ១៩៨៧ ដល់​ឆ្នាំ ១៩៩៣ និង​លើកទី២ ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០០៣។ វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​លើក​ឡើង​ពី​សង្រ្គាម​អ៊ីទីនហ្វាដា​លើកទី៣។ តែ​ជា​រឿង​ចៀស​មិន​រួច ប្រសិន​បើ​ស្ថានការណ៍​នៅ​តែ​បន្ត​ដូច​សព្វថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ