អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ ផ្ទុះ​បាតុកម្មជា​ថ្មី​នៅ​​ហ្សេរុយសាឡិម​ និង​ការ​បាញ់​រ៉ុកកែត​ចេញ​ពី​តំបន់​ហ្កាហ្សា

នៅ​ថ្ងៃ​សៅរ៍​ទី ២៤​មេសា​នេះ ភា​ព​តាន​តឹង​បាន​ប៉ោង​ឡើង​ជា​ថ្មី ​រវាង ប៉ាឡេស្ទីន និង​កងកម្លាំង​​អ៊ីស្រាអែល។ ​មាន​​ការ​ប៉ះទង្គិច​ជា​ថ្មី ជា​បន្ត​បន្ទាប់​នៅ​ហ្សេរុយសាឡិមផង បាតុកម្ម​របស់ពលរដ្ឋប៉ាឡេស្ទីន​នៅ​តំបន់​ស៊ីហ្សកដានី​ក្រោម​អាណានិគម​អ៊ីស្រាអែល​ផង និង​មាន​ការ​បាញ់​គ្រាប់​រ៉ុកកែត​ជា​ច្រើន​ចេញ​ពី​តំបន់​ហ្កាហ្សា​សំដៅ​ទឹកដី​អ៊ីស្រាអែល​ទៀត។

ប៉ូលិស​អ៊ីស្រាអែល​ចាប់​បាតុករ​ប៉ាឡេស្ទីន​នៅ​ក្រុង​ Jérusalemថ្ងៃទី ២៣​មេសា ២០២១
ប៉ូលិស​អ៊ីស្រាអែល​ចាប់​បាតុករ​ប៉ាឡេស្ទីន​នៅ​ក្រុង​ Jérusalemថ្ងៃទី ២៣​មេសា ២០២១ AFP - AHMAD GHARABLI
ផ្សាយពាណិជ្ជកម្ម

រងើកកំហឹង​​បាន​ចាប់​ហុយ​ឡើង​ជា​ថ្មី តាំង​ពី​ថ្ងៃព្រហស្បតិ៍ ក្រោយ​ពី​ប៉ូលិស​អ៊ីស្រាអែល ដាក់​បម្រាម​មិន​ឱ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​អង្គុយ​នៅ​មាត់​ច្រក​ចូល​ក្រុង​ចាស់ តាម​ទម្លាប់​នា​ខែ​តម​អាហារ តែ​អនុញ្ញាត ឱ្យ​ក្រុម​ស្តាំ​ជ្រុលនិយម​អ៊ីស្រាអែល​​ធ្វើ​បាតុកម្ម​នៅក្បែរ​ទី​នោះ ទើប​ត្រូវ​បាន​ប៉ាឡេស្ទីន យល់​ថា​ជា​ទង្វើ​បង្ក​ហេតុ។

ការ​ប៉ះទង្គិច​យ៉ាង​ហិង្សា​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ទីក្រុង​ចាស់ ក្រុង​សក្តិសិទ្ធ​​ក៏​បាន​ផ្ទុះ​ឡើង។ ក្រោយ​បាតុកម្ម​អស់​ពេញ​មួយ​យប់​​ថ្ងៃព្រហស្បតិ៍ រវាង​ម្ខាង​ជា​​បាតុករប៉ាឡេស្ទីន ម្ខាង​ជា​បាតុករ​អ៊ីស្រាអែល​ជាតិនិយមជ្រុល ​ការ​ប៉ះទង្គិច​ហិង្សា​រវាង​ជន​ប៉ាឡេស្ទីន​​និង​ប៉ូលិស​អ៊ីស្រាអែល​បាន​កើត​ឡើង​ បណ្តាលឱ្យ​មាន​របួស​ជាង​១២០នាក់ នៅ​ទីលាន​វិហារ​អ៊ីស្លាម​ ដែល​ជា​ក្រុង​សក្តិសិទ្ធ​ទីបី​របស់​សាសនាអ៊ីស្លាម និង​ដែល​មានប្រជាជនរាប់​សិប​ពាន់​នាក់​កំពុង​សូត្រ​ធម៌។  បាតុករប៉ាឡេស្ទីនជា​ច្រើន​​ក្រុមទៀត​ បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត នៅ​តំបន់ហ្សេរុយសាឡិម​ខាង​កើត ដែល​សុទ្ធ​តែ​ត្រូវ​បញ្ចប់​ដោយ​ការ​ប៉ះទង្គិច​យ៉ាងហិង្សា និង​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រទី ២៣​មេសាទៀត។

មិនបាន​ធូរ​ស្បើយ​ នៅ​យប់​ថ្ងៃសុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ រ៉ុកកែត​ចំនួន​៣៦​គ្រាប់​បាន​បាញ់​ចេញ​ពី​តំបន់​ហ្កាហ្សា ដែន​ដី​ប៉ាឡេស្ទីន​មួយ​ដុំ​​ទៀត​ដែលនៅ​ដាច់ពី​ស៊ីហ្សកដានីនិង​ហ្សេរុយសាឡិម។ ប្រព័ន្ធ​ខែល​មីស៊ីល​អ៊ីស្រាអែល ចាប់​បាន​៦​គ្រាប់ ហើយ​គ្រាប់​រ៉ូកកែត​ផ្សេង​បាន​ធាក់​លើ​ដី​វាល​អ៊ីស្រាអែល។ ជា​ចម្លើយ​តប រថក្រោះ យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ​នៃ​កង​យោធា​អ៊ីស្រាអែល​បានផ្លោង​គ្រាប់​ បាញ់​ សំដៅ​លើ​ទីតាំង​របស់​ពួក​ចលនា​ហាម៉ាស​ដែល​គ្រប់​គ្រង​តំបន់​ហ្កាហ្សា តាំង​ពី​ឆ្នាំ​២០០៧មក។ ប៉ុន្តែ​ទោះ​មាន​​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​អ៊ីស្រាអែល​ ណក៏​តំបន់​ហ្កាហ្សានេះ​​ធ្លាប់​ជា​សមរភូមិសង្គ្រាម​បី​លើក​មក​ហើយ (២០០៨-​២០១២-២០១៤) ​រវាង​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​។

អំពើ​ហិង្សា​ថ្មី​នេះ បាន​ជំរុញ​ឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន។ ​ សហរដ្ឋ​អាមេរិក​បានសម្តែង​ការ​ព្រួយ​បារម្ភ​។ ចំណែក​ហ្សកដានី ប្រទេស​ជិត​ខាង​ ដែល​ជា​គ្រប់គ្រងរដ្ឋបាល​​ទីតាំង​វិហារ​សាសនា​អ៊ីស្លាម​នៅហ្សេរុយសាឡិម បាន​ប្រកាស​ថ្កោលទោស​​ការ​វាយប្រហារ​បែប​រើស​អើង​របស់​អ៊ីស្រាអែល​ទៅ​លើ​ពលរដ្ឋ​ប៉ាឡេស្ទីន និង​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិបញ្ចេញ​សកម្មភាព​ការ​ពារ​ពលរដ្ឋ​ប៉ាឡេស្ទីន​នេះ​។ នេះក៏​​ជា​សារ​ព្រមានអ៊ីស្រាអែល​ថាមិន​អាច​ប៉ះពាល់​​ក្រុង​ហ្សេរុយសាឡិម​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ