អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាល្លឺម៉ង់រៀបចំសន្និសីទអន្តរជាតិដើម្បីស្វែងរកសន្តិភាពឲ្យប្រទេសលីប៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី២៣ មិថុនា ប្រទេស​អាល្លឺម៉ង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិ​ដើម្បី​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​លីប៊ី។ នេះ​ជា​ការ​រៀបចំ​លើកទី២ របស់​អាល្លឺម៉ង់ បន្ទាប់​ពី​បាន​រៀបចំ​លើកទី១ កាល​ពី​ថ្ងៃទី១៩ មករា ឆ្នាំ ២០២០។ អ្វី​ជា​ការ​កត់សម្គាល់​សម្រាប់​សន្និសីទអន្តរជាតិ​លើកទី២ ស្តីពី​សន្តិភាព​នៅ​លីប៊ី​ពេល​នេះ គឺ​ការ​ចូលរួម​លើកដំបូង​របស់​រដ្ឋាភិបាល​អន្តរកាល​លីប៊ី​ដែល​ដឹកនាំ​ដោយ​លោក​អាប់ឌែល ហាមីត ដេបា។ គួរ​រម្លឹក​ថា តាំង​ពី​ក្រោយ​ការ​ធ្លាក់​ពី​អំណាច​របស់​មេដឹកនាំ​កាដាហ៊្វី​ក្នុង​ឆ្នាំ ២០១១ មក លីប៊ី​បាន​ផុង​ខ្លួន​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង។ គឺ​ទើប​ក្នុង​ខែ​តុលា ឆ្នាំ ២០២០ ដែល​ភាគី​ជម្លោះ​បាន​ព្រមព្រៀង​លើ​បទ​ឈប់បាញ់​មួយ និង​បាន​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​រួបរួម​មួយ។ តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​រក​ស្ថិរភាព និង​សន្តិភាព​នៅ​វែង​ឆ្ងាយ។

ប្រមុខការទូតអាល្លឺម៉ង់លោក Heiko Maas
ប្រមុខការទូតអាល្លឺម៉ង់លោក Heiko Maas AFP - BERND VON JUTRCZENKA
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​យល់​ពី​ស្ថានការណ៍​សព្វថ្ងៃ​នៅ​លីប៊ី​បាន គេ​ត្រូវ​បក​ក្រោយ​មួយ​ជំហាន​យ៉ាង​វែង​តាំង​ពី​ក្រោយ​ការ​ធ្លាក់​ពី​អំណាច​របស់​មេដឹកនាំ​ផ្តាច់ការ​កាដាហ៊្វី​ក្នុង​ឆ្នាំ ២០១១។ តាំង​ពី​ពេល​នោះ​មក ពិសេស​តាំង​ពី​ឆ្នាំ ២០១៥ មក លីប៊ី​បាន​ធ្លាក់​ក្នុង​វិបត្តិ​ដណ្តើម​អំណាច​ដោយ​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ នៅ​ម្ខាង​ស្ថិត​ប៉ែក​ខាង​លិច គឺ​រដ្ឋាភិបាល​ឯកភាពជាតិ​ក្នុង​ទីក្រុង​ទ្រីប៉ូលី​ដឹកនាំ​ដោយ​លោក​ហ្វាយេ អាល់ សារ៉ា​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ និង​នៅ​ម្ខាង​ទៀត​ស្ថិត​ប៉ែក​ខាង​កើត គឺ​រដ្ឋអំណាច​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សេនាប្រមុខ​ខាលីហ្វា ហាវតារ។ ពី​ខែ​មេសា ឆ្នាំ ២០១៩ ដល់​ខែ​មិថុនា ឆ្នាំ ២០២០ សេនាប្រមុខ​ខាលីហ្វា ហាវតារ​បាន​ដឹកនាំ​កម្លាំង​ទ័ព​ដើម្បី​វាយ​យក​ទីក្រុង​ទ្រីប៉ូលី។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​មាន​ការ​គាំទ្រ​ពី​កម្លាំងទ័ព​បរទេស​រៀងៗ​ខ្លួន។ លោក​ហ្វាយេ អាល់ សារ៉ា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​តួកគី ហើយ​សេនាប្រមុខ​ខាលីហ្វា ហាវតារ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​រុស្ស៊ី អេហ្ស៊ីប និង​អេមីរ៉ាតអារ៉ាប់រួម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​សេនាប្រមុខ​ខាលីហ្វា ហាវតា​មិន​អាច​ដណ្តើម​ទីក្រុង​ទ្រីប៉ូលី​ពី​កណ្តាប់ដៃ​លោក​ហ្វាយេ អាល់ សារ៉ា​បាន​ដែរ។ បន្ទាប់​មក​ក្នុង​ថ្ងៃទី២៣ តុលា ឆ្នាំ ២០២០ និង​ក្រោយ​ពី​បាន​ជួប​ចរចា​គ្នា​អស់​រយៈ ៥ថ្ងៃ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​មួយ។

ផ្តើម​ចេញ​ពី​បទ​ឈប់​បាញ់​មួយ​នេះនិង​ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហប្រជាជាតិ ប្រតិភូ​លីប៊ី​រួបរួម​បាន​រួម​ប្រជុំ​គ្នា​ជា​បន្ត​បន្ទាប់​រហូត​ព្រមព្រៀង​បង្កើត​ចេញ​នូវ​រដ្ឋាភិបាល​អន្តរកាល​មួយ និង​ឯកភាព​គ្នា​លើ​ជម្រើស​នាយករដ្ឋមន្រ្តី​អន្តរកាល​ម្នាក់​ដែល​មាន​ឈ្មោះ​អាប់ឌែល ហាមីត ដេបា។ រដ្ឋាភិបាល​អន្តរកាល​របស់​លោក​ដេបា​ត្រូវ​ធ្វើ​ការ​ជាមួយ​ក្រុមប្រឹក្សាប្រធានាធិបតី​ដែល​មាន​សមាជិក​ចំនួន ៣រូប​រហូត​ដល់​ពេល​រៀបចំ​បោះឆ្នោត​សភា និង​បោះឆ្នោត​ប្រធានាធិបតី​ដែល​គ្រោង​ធ្វើ​ក្នុង​ពេល​តែ​មួយ​នៅ​ថ្ងៃទី២៤ ធ្នូ​ខាង​មុខ។ នេះ​ហើយ​ជា​ប្រធានរឿង​សំខាន់​មួយ​នៃ​សន្និសីទអន្តរជាតិ​ដែល​គ្រោង​រៀបចំ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នា​ថ្ងៃ​ពុធ ទី២៣ មិថុនា។ ចំណែក​ប្រធានរឿង​សំខាន់​ទី២ គឺ​ផ្តោត​លើ​ការ​ដក​កម្លាំងទ័ព​បរទេស និង​ទ័ពស៊ីឈ្នួល​ទាំង​អស់​ចេញ​ពី​លីប៊ី។

គួរ​រម្លឹក​ថា អាល្លឺម៉ង់​ធ្លាប់​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិ​ដូច​គ្នា​នេះ​កាល​ពី​ថ្ងៃទី១៩ មករា ឆ្នាំ ២០២០។ តែ​អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើកទី២ ពេល​នេះ គឺ​ការ​ចូលរួម​លើក​ដំបូង​របស់​រដ្ឋាភិបាល​អន្តរកាល​លីប៊ី​រួបរួម​ដឹកនាំ​ដោយ​លោក​អាប់ឌែល ហាមីត ដេបា។ បន្ទាប់​ពី​បាន​ហែកហួរ​គ្នា​អស់​រយៈពេល ១០ឆ្នាំ លីប៊ី​ហាក់​កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ស្ថិរភាព និង​សន្តិភាព។ តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​ដើម្បី​ឈាន​ដល់​គោលដៅ​មួយ​នេះ​នៅ​វែង​ឆ្ងាយ​នៅ​ឡើយ។ នៅ​វែងឆ្ងាយ ព្រោះ​មិន​ទាន់​អី​ផង ភាព​មន្ទិល​សង្ស័យ​លើ​ឆន្ទៈពិតប្រាកដ​របស់​លោក​អាប់ឌែល ហាមីត ដេបា​ក្នុង​ការ​រៀបចំ​បោះឆ្នោត​កំពុង​លេច​ឡើង​យ៉ាង​ផុសផុល។

អ្នក​ដែល​ហាក់​កំពុង​មិន​ទុកចិត្ត​លើ​លោក​អាប់ឌែល ហាមីត ដេបា គឺ​លោក​ហ្វាទី បាឆាហ្កា អតីត​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​អាច​ជា​ប្ខេជន​ម្នាក់​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ខាង​មុខ។ មួយ​វិញ​ទៀត បទឈប់បាញ់​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ខែ​តុលា ឆ្នាំ ២០២០ ហាក់​នៅ​ផុយស្រួយ​ខ្លាំង។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ភាព​ប្រេះឆា​ហាក់​កំពុង​មាន​ឡើង​វិញ​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​នៅ​ប៉ែក​ខាង​កើត និង​ប៉ែក​ខាង​លិច។ នៅ​ត្រង់​ចំណុច​នេះ ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​វិបត្តិ​លីប៊ី​លោក Jan Kubis បាន​ទទួល​ស្គាល់​ពេញ​មាត់​នា​ខែ​ឧសភា​កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ លោក Kubis ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ពី​ការ​គ្មាន​ភាព​ចម្រើន​ទៅ​មុខ​ទាក់ទង​នឹង​ការ​ដកទ័ព​បរទេស និង​ទ័ពស៊ីឈ្នួល​ទាំង​អស់​ចេញ​ពី​លីប៊ី។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​កាសែត​ប្រចាំ​ថ្ងៃ​អាល្លឺម៉ង់​ឈ្មោះ Die Welt នា​ថ្ងៃ​ចន្ទ ទី២១ មិថុនា ប្រមុខ​ការទូត​អាល្លឺម៉ង់​លោក Heiko Maas បាន​បញ្ជាក់​ច្បាស់ៗ​ថា អ្នក​ដែល​បាន​សន្យា​នៅ​ក្នុង​សន្និសីទ​លើក​មុន​ពី​ការ​ដក​ទ័ព​របស់​ខ្លួន​ចេញ​ពី​លីប៊ី​មិន​បាន​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ទេ។ ទោះ​បី​ជា​លោក Mass មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​និយាយ​សំដៅ​ប្រទេស​រុស្ស៊ី តួកគី ឬ​អេមីរ៉ាតអារ៉ាប់រួម។ តាម​លោក Heiko Mass ប្រសិន​បើ​គេ​ចង់​ឃើញ​លីប៊ី​មាន​ស្ថិរភាព សន្តិភាព និង​ស្វ័យ​ដឹកនាំ​ដោយ​ខ្លួន​ឯង​បាន ទ័ពបរទេស និង​ទ័ពស៊ីឈ្នួល​ទាំង​អស់​ត្រូវ​ដក​ចេញ​ពី​លីប៊ី។ ការ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​មាន​ពី​សម្ព័ន្ធអារ៉ាប់ អង្គការ​សហប្រជាជាតិ សហភាពអឺរ៉ុប និង​សហភាពអាហ្រ្វិក​នា​ដំណាច់​ខែ​មេសា​កន្លង​ទៅ។

តាម​ការ​ប៉ាន់សា្មន​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២០ មាន​ទ័ពស៊ីឈ្នួល និង​យុទ្ធជន​បរទេស​ប្រមាណ​ជា ២០ ០០០នាក់​នៅ​លើ​ទឹកដី​លីប៊ី។ មែនទែន​ទៅ ការ​ជួយ​ជ្រោមជ្រែង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​មាន​ជម្លោះ​ផ្ទៃក្នុង​ពិបាក​និយាយ​គ្នា​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន​ទេ។ តែ​នេះ​គ្រាន់​ជា​រឿង​បន្ទាប់បន្សំ​ប៉ុណ្ណោះ ព្រោះ​អ្វីៗ​វា​អាស្រ័យ​ទាំង​ស្រុង​លើ​ឆន្ទៈ​របស់​ភាគី​ជម្លោះ​ផ្ទៃក្នុង​នីមួយៗ។ សម្រាប់​លីប៊ី ការ​រៀបចំ​បោះឆ្នោត​ជា​រឿង​សំខាន់ និង​បន្ទាន់។ អវត្តមាន​នៃ​ការ​បោះឆ្នោត​ក្រោម​រូបភាព​ណា​មួយ​អាច​ជា​លេស​មួយ​សម្រាប់​រុស្ស៊ី និង​តួកគី​ដើម្បី​បន្ត​រក្សា​ទ័ព​របស់​ខ្លួន​នៅ​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ