អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លីបង់ ៖ ហេតុ​អ្វី​ការ​អង្កេត​អំពី​​គ្រោះថ្នាក់ផ្ទុះកំពង់ផែ​បេរូត មិន​ទៅមុខ ​មួយ​ឆ្នាំក្រោយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ទី ៤ សីហា ២០២១ ​ស្អែក​នេះ ជា​គម្រប់​ខួប​មួយ​ឆ្នាំគត់​នៃ​គ្រោះថ្នាក់​ផ្ទុះ​ឆេះ​កំពង់ផែបេរូត។ ថ្វី​បើជា​​សោកនាដកម្ម​ដ៏ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឱ្យ​ប្រទេស​លីបង់​ទាំងមូល​ធ្លាក់​ក្នុង​ភាព​បាក់ស្បាត​យ៉ាង​ខ្លាំង​ក្តី ក៏​រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ណា​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​តុលាការ​កាត់​ទោសទេ។ ការ​អង្កេត​អូស​ជើង​ខ្លាំង​និង​ត្រូវ​បាន​រារាំង​ដោយ​អន្តរាគមន៍​នយោបាយ​ផ្សេងៗ។

ទិដ្ឋភាព​កំពង់ផែ​បេរ៉ូត មួយ​ឆ្នាំក្រោយ​គ្រោះ​ផ្ទុះ​ឆេះ
ទិដ្ឋភាព​កំពង់ផែ​បេរ៉ូត មួយ​ឆ្នាំក្រោយ​គ្រោះ​ផ្ទុះ​ឆេះ REUTERS - MOHAMED AZAKIR
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី ៤ សីហា ២០២០ ក្នុង​ពេល​ដែល​ពិភពលោក​ហាក់​ទើប​ត្រដរ​ខ្យល់​បាន​បន្តិច​ពី​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩ ​លីបង់​ត្រូវ​ផុង​លង់​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​មួយ។ ​កំពង់​ផែ​ បេរូតបាន​ផ្ទុះ​ឆេះ​ រាលដាល​បំផ្លាញ​សង្កាត់​ជា​ច្រើន​ក្នុង​​រដ្ឋធានី​ បង្ក​ឱ្យ​​ពលរដ្ឋ​ ​ ២១៤​នាក់​​ស្លាប់បាត់បង់​ជីវិត និង​ជាង​៦៥០០​នាក់​រង​របួស។ នៅ​យប់​នោះ​ភ្លាម អាជ្ញាធរ​លីបង់ បាន​អះអាង​ថា​សារធាតុនីត្រាត​ចំនួន ២៧៥០​តោន​ ស្តុកទុកចោល​​នៅ​កំពង់ផែ​តាំង​ពី​៦ឆ្នាំ ដោយ​គ្មានវិធានការ​ការពារ ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​សោកនាដកម្ម​យ៉ាង​ដូច្នេះ។

ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក ពុំ​មាន​ទេ​លទ្ធផល​ឬ​សេចក្តី​សន្និដ្ឋាននៃ​ការអង្កេត។​ សម្រាប់​​មតិ​សាធារណៈ​លីបង់ នេះ​គឺ​ដោយ​ហេតុ​តែមាន​ការ​ជ្រៀតជ្រែក​ពី​អ្នក​នយោបាយ។

តើ​នរណា​ជា​អ្នក​បង្ក​ឱ្យ​មាន​អគ្គីភ័យ​ផ្ទុះ​ឆេះ​ឡើង ? ហេតុ​អ្វី​បាន​សារធាតុ​ដ៏​គ្រោះ​ថ្នាក់​ដូច​យ៉ាង​នីត្រាត​នេះ ត្រូវ​បាន​គេ​បំភ្លេច ចោល​នៅកំពង់ផែ​បេរូត ? អ្នក​ដឹកនាំនយោបាយ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ប្រទេស ដឹង​អ្វីខ្លះ ? មាន​តែ​សំណួរ​និង​ចម្ងល់​ តែ​​គ្មាន​ចម្លើយ។ បណ្តាជន​លីបង់​ភាគ​ច្រើនសង្ស័យ​ថា គ្មាន​ថ្ងៃ​ដែល​គេ​ដឹង​ចម្លើយ​ទេ ហើយ​ក៏​គ្មាន​ថ្ងៃ​ដែលរកយុត្តិធម៌​ឃើញ​ដែរ។

​ចៅក្រម​អង្កេត​ តារេក ប៊ីតា Tarek Bitar ចង់ធ្វើ​ការ​ចោទ​ប្រកាន់​អតីត​រដ្ឋមន្ត្រី និងមន្ត្រី​​ជាន់​ខ្ពស់​មួយ​ចំនួន​ តែតុលាការ​មិន​អាច​ធ្វើ​កើត​ដោយ​ពួកគេ​មាន​​អភ័យឯកសិទ្ធិនយោបាយ​ និង​តួនាទី​ជា​អ្នក​ដឹកនាំ​ប្រទេស​។

បើ​តាម​ប្រភព​ដែល​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ទទួល​បាន ​ទោះ​បី​ជា​មាន​ការរារាំង​យ៉ាងណា​ក៏ដោយ ក៏​ការ​អង្កេតមាន​ដំណើរការ​ទៅ​មុខ​ច្រើន ដោយ​បាន​បញ្ចប់​សំណុំ​រឿង​​ដល់​​ទៅ​បីភាគ​បួន​ទៅ​ហើយ។ ​ ហើយ​លោក​ចៅក្រម​ស៊ើបអង្កេត​ Bitar សង្ឃឹម​ថា​នឹង​អាចប្រកាស​សេចក្តីសន្និដ្ឋាន​អង្កេត​បាន យ៉ាង​យូរ​​នៅ​ដំណាច់​​ឆ្នាំ​២០២១​ខាងមុខ។

​កាលពី​ខែវិច្ឆិកា​២០១៣ នាវា​Rhosus ពាក់​ទង់ជាតិ​ម៉ុលដាវី បើក​ចេញ​ពី​ប្រទេស​ហ្សកហ្ស៊ី សំដៅ​ទៅ​កាន់​ប្រទេស​ម៉ូហ្សំប៊ិច ផ្ទុកពេញ​ទៅ​ដោយ​សារធាតុ​នីត្រាត អាម៉ូនីញ៉ូម​ បាន​មកចូលសំចត​នៅ​កំពង់ផែ​បេរូត។ ដោយហេតុ​តែ​ម្ចាស់​នាវាមានពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​នៅ​តុលាការ អាជ្ញាធរ​​ក៏​ឃាត់​នាវា​នោះ​ទុក និង​បាន​សាង​សារធាតុ​នីត្រាត​ចេញ​ពី​នាវា​ ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​លេខ​១២​របស់​កំពង់ផែ​បេរូត នៅ​ឆ្នាំ​២០១៤។ ទុក​ចោល​គ្មាន​ការថែទាំ នាវា​ក៏​ចាស់​ខូច​ខាតនិង​លិច​បាត់​ទៅ​នៅ​ឆ្នាំ​២០១៨។ ក្រុមហ៊ុន​ឯកជន​ម៉ូហ្សំប៊ិក Fabrica de Explosivos de Mocambique (FEM)​ បាន​អះអាង​នៅ​ឆ្នាំ​២០២០​ ថា​ពិត​ជា​បាន​បញ្ជា​ទិញសារធាតុនីត្រាត​អាម៉ូនីញ៉ូម នៅ​ឆ្នាំ​២០១៣ ពី​ហ្សកហ្ស៊ីមែន ប៉ុន្តែ​មិន​ដែល​បាន​ទទួល​ទំនិញ​សោះ។

ការ​អង្កេត​បាន​វែក​រកឃើញ អត្តសញ្ញាណ​នៃ​ភាគីពាក់ព័ន្ធជា​ច្រើន មាន​ទាំង​ឈ្មោះ​ម្ចាស់​សារធាតុ​គីមី នាវា និងឈ្មោះ​ធនាគារ​ជា​គ្រប់គ្រងហិរញ្ញវត្ថុ​សម្រាប់ប្រតិបត្តិការ​​ទិញ​ដូរ​នីត្រាត​នោះផង។ តុលាការ​លីបង់​កំណត់​បាន​ភាគី​ដែល​ត្រូវ​ទទួល​សារធាតុ​គីមី​ អំពី​មូលហេតុ​ដែលនីត្រាត​ត្រូវបាន​លើក​ចេញ​ពី​នាវា និង​ហេតុ​អ្វីបានជា​មិនបំផ្លាញ​សារធាតុនេះ​ហើយ នៅ​ឡើយ​តែ​ភាគី​អ្នកបញ្ជូន​ផលិតផល​ចេញ ដែល​ទំនង​ជា​អាច​មានពាក់ព័ន្ធ​នឹង​​ប្រទេស ឬ​ក្រុម​បរទេសផ្សេងៗ​ ​នៅ​ពី​ក្រោយ​ខ្នង។

ចំណុច​ខ្សោយ​មួយ​ទៀតដែល​ការ​អង្កេត​មិន​ទាន់​កំណត់​បាននៅឡើយ​​ គឺ​មូលហេតុ​នៃការផ្ទុះ។ បើ​បណ្តាលមក​ពីអគ្គីភ័យ តែ​វា​ឆេះ​ដោយសារ​អ្វី ? លោក​ចៅក្រមស៊ើបអង្កេត​ចង់​ធ្វើ​វិភាគ​នៅផ្ទាល់កន្លែងកើត​ហេតុ​ និង​បាន​ស្នើ​សុំ​កិច្ចសហប្រតិបត្តិការ​​ពី​អន្តរជាតិ​ មានអាទិ៍​បារាំងអ៊ីតាលី និង​សហរដ្ឋ​អាមេរិក ដើម្បី​បាន​រូបភាពផ្កាយ​រណប។ រូបភាព​ផ្កាយ​រណប​អាច​នឹងជួយ​ក្រុម​អ្នកអង្កេត​ឱ្យ​បានយល់​កាន់​តែ​ច្បាស់​ថាតើ​កម្លាំង​ផ្ទុះ​ស៊ី​នឹង​បរិមាណ​នីត្រាត​ដែរឬអត់។ ​បើ​តាម​អ្នក​ជំនាញ បំផ្ទុះ​​កាលពី​ថ្ងៃទី ៤​សីហា​២០២០​នោះ អាចបណ្តាលមកពី​កម្លាំងនីត្រាត​ត្រឹម​ចំនួន​រយ​តោន​ប៉ុណ្ណោះ មិនមែន​ដល់​ថ្នាក់​២៧៥០០តោន ដូច​សេចក្តី​ប្រកាស​របស់​អាជ្ញាធរលីបង់​ទេ។

ប៉ុន្តែ​ជាថ្មី​ម្តងទៀត រដ្ឋាភិបាល​លីបង់ មិនត្រូវ​ការការ​អង្កេត​អន្តរជាតិ​ទេ។ ហេតុ​ដូច្នេះហើយ​បាន​ជា​កាលពី​ខែ​មិថុនា អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​៤០​បាន​អំពាវនាវ​សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​បើក​អង្កេត​ ព្រោះ​មាន​ការជ្រៀត​ជ្រែកនយោបាយ​ខ្លាំងណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ