អានតួអត្ថបទ
ផ្ទុះនៅកំពង់ផែបេរូត

នៅក្រោយ​នាយករដ្ឋមន្រ្តី លាលែង​ពីតំណែង តើ​លីបង់​នឹង​អាច​រកច្រកចេញ​ពីវិបត្តិ​តាមផ្លូវណា?

៦ថ្ងៃ​ក្រោយ​ហេតុការណ៍ផ្ទុះ​នៅកំពង់ផែ ដែល​បាន​សម្លាប់មនុស្ស​ប្រមាណ​២០០នាក់ និង​បណ្តាល​ឲ្យមាន​បាតុកម្ម​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​៣ថ្ងៃ​មកហើយ ប្រមុខរដ្ឋាភិបាល​លីបង់ លោក ហាសាន់ ដ្យាប កាលពី​យប់​ថ្ងៃ​ចន្ទ​ទី ១០​សីហា ២០២០ បាន​ប្រកាស​លាលែង​ចេញ​ពី​មុខតំណែង។ នៅតាមផ្លូវ​ជាទី​ដែល ប្រជាជន​លីបង់ បន្ត​ធ្វើ​បាតុកម្ម បាន​សំដែង​ការត្រេកអរ​មួយភ្លែត ប៉ុន្តែ សន្យា នៅបន្ត​ធ្វើបាតុកម្ម ដើម្បី ទាមទារ​ឲ្យ​មេដឹកនាំ ពុករលួយ​ផ្សេងទៀត ដូចជា​ប្រធានាធិបតី និង​ប្រធាន​សភាជាដើម ឲ្យ ចុះចេញពី​អំណាច។ លីបង់​ដែល​ធ្លាក់ខ្លួនកាន់តែ​ជ្រៅ​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ លើកនេះ នឹង​អាច​រកច្រកចេញ​បាន​ដែរឬទេ?

បុរស​ឈរក្បែរ​អក្សរ​សរសេរ​ថា រដ្ឋាភិបាល​របស់ខ្ញុំ​ជាអ្នកធ្វើរឿងនេះ ដែលសរសេរ​នៅក្បែរ​កំពង់ផែ​បេរូត ដែលផ្ទុះឆេះ សម្លាប់មនុស្ស ២០០នាក់ កាលពីថ្ងៃទី​៤​សីហា ២០២០
បុរស​ឈរក្បែរ​អក្សរ​សរសេរ​ថា រដ្ឋាភិបាល​របស់ខ្ញុំ​ជាអ្នកធ្វើរឿងនេះ ដែលសរសេរ​នៅក្បែរ​កំពង់ផែ​បេរូត ដែលផ្ទុះឆេះ សម្លាប់មនុស្ស ២០០នាក់ កាលពីថ្ងៃទី​៤​សីហា ២០២០ REUTERS - HANNAH MCKAY
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សៅរ៍​ចុងសប្តាហ៍មុន លោក​នាយករដ្ឋមន្រ្តី លីបង់ ហាសាន់ ដ្យាប ធ្លាប់​បាន​ស្នើ​ឲ្យ​មានការបោះឆ្នោត មុនកាលកំណត់ និង​អះអាងថា លោក​អាចដឹកនាំ​រដ្ឋាភិបាល ពីរខែទៀត រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី។ ប៉ុន្តែ នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី ដែលបាត់មុខ​រដ្ឋមន្រ្តី ៥រូប ដែល​បាន​ប្រកាស​លាលែង​ពីមុខតំណែង នៅមុន និង​ក្រោយ ហេតុការណ៍ផ្ទុះនៅកំពង់ផែ លោក នាយករដ្ឋមន្រ្តី​លីបង់ គ្មាន​ជម្រើសអ្វី​ក្រៅតែពី​ប្រកាស​ចុះចេញពីតំណែង។ នៅក្នុង​សារថ្លែង​តាមកញ្ចក់​ទូរទស្សន៍ លោកហាសាន់ ដ្យាប ទទួល​ស្គាល់​ថា អំពើពុករលួយ នៅលីបង់ ក្រៅតែ​ពីចាក់ឬស សែនជ្រៅ ប៉ុន្តែ វាមានទំហំធំជាង​រដ្ឋ​ទៅទៀត។ ដោយ​ចុះចេញ​ពីតំណែង​នាយករដ្ឋមន្រ្តី លោក ហាសាន់ ដ្យាប ទាមទារ​ផងដែរ​ឲ្យ អ្នកនយោបាយ​នៅលីបង់ ចេញមុខ​ទទួលខុសត្រូវ​លើ​អំពើពុករលួយ ដែលជា​កត្តា​ឲ្យ​មានការស្តុក សារធាតុគីមី ឆេះខ្លាំង ដូចជា​អាម៉ូញ៉ូម នីត្រាត នៅ​កំពង់ផែបេរូត។ ការផ្ទុះពីរលើក​ផ្ទួនៗគ្នា ដែល​បណ្តាលមកពីការឆេះអាម៉ូញ៉ូម នីត្រាត បាន​បំផ្លាញ ទីក្រុង​បេរូត ស្ទើរពាក់កណ្តាល និង​បាន​សម្លាប់មនុស្ស​ប្រមាណ ២០០​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​ជាង ៣សែននាក់ បាត់បង់ជម្រក។

នៅ​យប់​ថ្ងៃ​ចន្ទម្សិលមិញ លោកប្រធានាធិបតី មីស៊្ហែល អាអ៊ូន បាន​ទទួល​ពាក្យ សុំចុះចេញ​អំណាច របស់​រដ្ឋាភិបាល ពី​លោក​ហាសាន់ ដ្យាប ប៉ុន្តែ បាន​ស្នើ​ឲ្យ លោក ហាសសាន់ ដ្យាប នៅបន្ត​ដឹកនាំ​រដ្ឋាភិបាល​សិន សិន ទម្រាំរក​បាន​បេក្ខជន​នាយករដ្ឋមន្រ្តី និង​សមាជិក​រដ្ឋាភិបាល​ថ្មី។

តាម​ទម្លាប់​ចាត់ចែង​អំណាច​នៅលីបង់ លោកប្រធានាធិបតី​មីស្ហែល អាអ៊ូន នឹង​ត្រូវ​ពិភាក្សា​ជាមួយ​សភា លីបង់ ដើម្បី​រក​បេក្ខជន​នាយករដ្ឋមន្រ្តី​មួយ សម្រាប់​ទទួលបន្ទុក​ដោះស្រាយ​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​លើកនេះ។ តាម​កាសែត​ក្នុង​ស្រុក​លីបង់ ដែល​ដកស្រង់​ប្រភព​ពីមន្រ្តី​ហេស្បូឡា លីបង់ អាមេរិក អារ៉ាប៊ី សាអូឌីត និងបារាំង ចង់​ឲ្យគេ​តែងតាំង ឯកអគ្គរដ្ឋទូត​លីបង់ នៅ​អង្គការ​សហប្រជាជាតិ លោក Nawaf Salam ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​អព្យាក្រិត្យ នៅលីបង់។ ប៉ុន្តែ ភាគី អេស្បូឡា លីបង់ ដែល​មានអំណាច​ធំ នៅ​រដ្ឋសភា​លីបង់ នៅមិនទាន់ និយាយ​អ្វី​នោះទេ។ រាល់លើក ដំណើរការ​ជ្រើសរើស​រដ្ឋាភិបាល​លីបង់ ត្រូវការ ស៊ីពេលវេលា​យូរ រាប់ខែ ពីព្រោះ​តែ​បេក្ខជន​នាយករដ្ឋមន្រ្តី ត្រូវតែ​ទទួល​បាន​ភ្លើងខៀវ​ពីគ្រប់ភាគី ពាក់ព័ន្ធ​នយោបាយ​របស់​លីបង់ ដោយរួម​ទាំង​ប្រទេស​ពីខាងក្រៅផង។

នាយករដ្ឋមន្រ្តី​ចុះចេញពីតំណែង ប៉ុន្តែ វា នៅតែ​មិន​អាច​បិទបញ្ចប់​វិបត្តិ នៅ​លីបង់

សម្រាប់​ប្រជាជន​លីបង់ ដែល​បាន​ធ្វើបាតុកម្ម ប្រឆាំង រដ្ឋាភិបាល ៣ថ្ងៃ​មកហើយ ហេតុការណ៍ផ្ទុះនៅកំពង់ផែ គឺ​លទ្ធផល​នៃ​ការដឹកនាំ គ្មាន​សមត្ថភាព និង​ពុករលួយ របស់​រដ្ឋាភិបាល។ ប៉ុន្តែ ការសុំលាលែង​ពីមុខតំណែង របស់​លោកនាយករដ្ឋមន្រ្តី​ហាសាន់ ដ្យាប មិនធ្វើ​ឲ្យ​ប្រជាជន​លីបង់ អស់ចិត្ត​នោះទេ។ ពួកគេ​ទាមទារ​ឲ្យ​គ្រប់មេដឹកនាំ​ទាំងអស់​នៅលីបង់ ទាំង ប្រធានាធិបតី លោកមីស្ហែល អាអ៊ូន និង​ថ្នាក់ដឹកនាំ​នៅ​សភា ផង ត្រូវតែ​ចុះចេញពី​អំណាច និង​ត្រូវ​រៀបចំ​ការបោះឆ្នោត សាជាថ្មី ដើម្បី​ជ្រើសតាំង​សមាជិក​រដ្ឋាភិបាល ថ្មី ដែល អព្យាក្រឹត្យ ដែល​គ្មានធ្លាប់​ជាប់ពាក់ព័ន្ធ នឹង​អ្នកនយោបាយ ក្រុមបក្សពួក​កាន់អំណាច នៅ​លីបង់​កន្លងមក។ បាតុករ មួយចំនួន​បាន​ស្រែក​ចង់​ឲ្យ​មហាជន​លីបង់ ជា​អ្នកមានសិទ្ធិ​សម្រេច​ជោគវាសនា​របស់​ប្រទេស។ ប៉ុន្តែ នៅការពិតជាក់ស្តែងវិញ បញ្ហា នៅ​លីបង់ ចាក់ស្រេះ ​ស្មុគស្មាញ និង​លំបាក មិនងាយ​នឹង​ដោះស្រាយ​ចេញរួចនោះទេ។

ទោះជា​លោក នាយករដ្ឋមន្រ្តី ហាសាន់ ដ្យាប ចុះចេញពីតំណែង ប៉ុន្តែ វា​អាច​ដោះស្រាយ វិបត្តិ​នយោបាយ សេដ្ឋកិច្ច ដែលរ៉ាំរ៉ៃ យូរច្រើនឆ្នាំ មកហើយនោះទេ។ លោកហាសាន់ ដ្យាប​ផ្ទាល់​ទទួល​ស្គាល់​ថា លោក​គ្មានអំណាច សមត្ថភាព​ដើម្បី​ចាត់ចែង​បញ្ហា​ប្រទេស​ជាតិនោះទេ។ អំណាច​មិននៅក្នុង​ដៃ​របស់លោកនោះទេ ប៉ុន្តែ នៅក្នុង​ដៃ​របស់​ក្រុមមនុស្ស​មួយក្តាប់តូច ដែល​កាន់ខ្សែដឹកនាំ​លីបង់។

ជាក់ស្តែង ​សម្រែកតវ៉ា របស់​ប្រជាជន​លីបង់ កាលពី​ចុងឆ្នាំ ២០១៩ បាន​ឈាន​ទៅ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក សាអាដ អារីរី។ ក្រោយមក លោក​ហាសាន់ ដ្យាប ក៏ត្រូវ​ប្រធានាធិបតី​និង​សភា លីបង់ ជ្រើសតាំង​ឲ្យ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី ប៉ុន្តែ ក៏ ត្រូវ មក​ដួល​រលំ​ម្តង​ទៀត នៅ​តែ​៦ខែ​ក្រោយ ចូល​កាន់​អំណាច។ ដូច​មុន ប្រជាជន​លីបង់ បានចោទ​រដ្ឋាភិបាល ថា ពុករលួយ គ្មានសមត្ថភាព ដឹកនាំ​ប្រទេស។ វិបត្តិសេដ្ឋកិច្ច និង​ជំងឺ​កូវីដ បាន​ធ្វើ​ឲ្យ​ប្រជាជន​លីបង់ ត្រដរខ្យល់​ម្តងៗ។ ប៉ុន្តែ ហេតុការណ៍​ ផ្ទុះនៅកំពង់ផែ ជាទី ដែល​រដ្ឋាភិបាល​បាន​បណ្តែតបណ្តោយ ឲ្យ​មាន​ស្តុកសារធាតុ​ឆេះខ្លាំង ដូចជា អាម៉ូញ៉ូម នីត្រាត ធ្វើ​ឲ្យ​ប្រជាជន​កាន់តែ​ខឹងសម្បារ លែង​មាន​ជំនឿ​ទៅលើ​ប្រព័ន្ធ​ដឹកនាំ​របស់​អ្នកនយោបាយ​លីបង់​តទៅទៀត។ អាច​ថា ទោះផ្លាស់ប្តូរ​រដ្ឋាភិបាលថ្មី លីបង់ ក៏នៅ​តែ​ដដែល គ្មានអ្វី​ផ្លាស់ប្តូរ​នោះទេ។

ហេតុអ្វី​បានជា​លីបង់ ​ងើប​មិនរួច​ពី​វិបត្តិ?

ទោះផ្លាស់ប្តូរ រដ្ឋាភិបាល ១០ ២០ទៀត ក៏នៅតែ​ដដែល។ ដោយសារអ្វី?​គេ​ពិនិត្យ ស្តីបន្ទោស ប្រព័ន្ធ​បែងចែក​អំណាច ដែល​ក្រុមសាសនា​នៅលីបង់ បាន​ចាប់អនុវត្ត តាំង​ពីឆ្នាំ ១៩៤២ ក្រោមឈ្មោះ​ កិច្ចព្រមព្រៀង​ជាតិ។

តាំង​ពី​ចប់​សង្រ្គាមស៊ីវិល នៅ​ឆ្នាំ ១៩៩០ ដោយ អនុវត្ត​កិច្ចព្រមព្រៀង​ជាតិ ដើម្បី បែងចែក​អំណាច​រវាង​ក្រុមសាសនា ដែលមាន​វត្តមាន​នៅលីបង់ លីបង់​ត្រូវ​គ្រប់គ្រង​ដោយ​អ្នក​នយោបាយ ដែល​សុទ្ធតែ​មាន​ប្រភព​ចេញ​ពី​ក្រុមសាសនា​នៅ​លីបង់។ ការបែងចែក​អំណាច​របៀបនេះ ធ្វើ ឲ្យ អំណាច​នៅក្នុងដៃ​របស់​មនុស្ស​តែ​ប៉ុន្មាន​នាក់ ពោល គឺ ៦ ឬ​៧នាក់ ប៉ុណ្ណោះ​ដែល សុទ្ធតែ តំណាង​ឲ្យ​ក្រុមសាសនា ផ្សេងៗគ្នា នៅ​លីបង់។

ជាផ្លូវការ លីបង់ មាន​សហគមន៍​សាសនា​ចំនួន ១៨។ ក្នុងនោះមាន​សហគមន៍​គ្រឹស្តសាសនា​ចំនួន ១២ ព្រោះ​លីបង់​មាន​ប្រជាជន​កាន់គ្រឹស្តសាសនា​រស់នៅ​ច្រើនជាងគេ។ បន្ទាប់មក គឺ​សហគមន៍​អ៊ីស្លាម​ចំនួន ៤ និង​ចុងក្រោយ គឺ និកាយ Druze និង​ជូដា។

ការបែងចែក​អំណាច​ដឹកនាំ​ប្រទេស​ធ្វើ​ឡើង​តែ​រវាង ក្រុមគ្រឹស្តសាសនា និង​អ៊ីស្លាមតែប៉ុណ្ណោះ។ ទៅតាម​កិច្ចព្រមព្រៀង រហូតមក គេ​បាន​សម្រេច​ថា ប្រធានាធិបតី​លីបង់​ត្រូវតែ​ជា​មនុស្ស​មកពីក្រុមគ្រឹស្តសាសនា ប្រធាន​សភា មកពី​សាសនា​អ៊ីស្លាម និកាយ​ស្ហ៊ីអ៊ីត ចំណែក​នាយករដ្ឋមន្រ្តី​ត្រូវតែ​ជា​មនុស្សមកពីក្រុមសាសនា​អ៊ីស្លាម ប៉ុន្តែ និកាយ ស៊ុននីត។

គេ​ជឿថា ដោយសារ​តែ លីបង់ មាន​មេដឹកនាំ​ មកពី​គ្រប់សាសនា​ផ្សេងៗគ្នា​ដូច្នេះ វា​ជាឱកាស​សម្រាប់​បរទេស លូកដៃ ចូល​ក្នុងកិច្ចការផ្ទៃក្នុង​របស់​លីបង់ ដែល​ធ្វើ​ឲ្យ​លីបង់ ត្រូវ ប្រទាញប្រទង់គ្នា មិនងាយ​នឹង​ងើបដើរ ដោយ​ខ្លួនឯង។

ឧទាហរណ៍ ក្រុមអេស្បូឡា លីបង់ ដែល​មាននិកាយ​ស្ហ៊ីអ៊ីត បាន​គ្រប់គ្រង​រដ្ឋសភា ដែល​មាន​អំណាច​ជ្រើសរើស​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី ប៉ុន្តែ ក្រុមអេស្បូឡា នេះ គាំទ្រ ដោយ​ប្រទេស​អ៊ីរ៉ង់ ដែល​មាន​និកាយ​ស្ហ៊ីអ៊ីតនេះដែរ។ តាមរយៈ​ក្រុមអេស្បូឡា គេ​មើលឃើញ​ថា អ៊ីរ៉ង់​បាន​លូកដៃ​ចូលខ្លាំង ​ក្នុងកិច្ចការផ្ទៃក្នុង​របស់លីបង់។ ងាក​មកមើល​តំណែង​ប្រធានាធិបតី​លីបង់ វិញ ទោះជាមក​ពីសាសនា​គ្រឹស្ត គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច ប៉ុន្តែ លោក​ប្រធានាធិបតី មីស៊្ហែល អាអ៊ូន ជាដើម ត្រូវ​គេ​មើលឃើញ​ថា បាន​ចងសម្ព័ន្ធភាព​ជាមួយ​ពួកអេស្បូឡា ដែល​អាច​គាំទ្រ ជួយ​ឲ្យ​កូនប្រសារ​របស់​លោក បន្ត​តំណែង​ប្រធានាធិបតីលីបង់។ សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី ដែល​ត្រូវ​តែ​មាន​ប្រភព​ចេញពី​ក្រុមអ៊ីស្លាម​និកាយ​ស៊ុននីត គឺ​តែង​បាន​ការទទួល​គាំទ្រ ពី​អាមេរិក និង​អារ៉ាប៊ីសាអូឌីត ដែល​កាន់សាសនា​ស៊ុននីត​ដូចគ្នា។ អាច ថា អាមេរិក និង​អារ៉ាប៊ី សាអូឌីត ដែល​ជា​សត្រូវ​របស់​អេស្បូឡា និង​អ៊ីរ៉ង់ បាន​ព្រងើយកន្តើយ មិនជួយ​លីបង់ ទោះជាលីបង់ លង់ជ្រៅក្នុង​វិបត្តិសេដ្ឋកិច្ច​លើកនេះ ក៏​ដោយសារតែ​អាមេរិក ឃើញ ក្រុម​អេស្បូឡា កាន់តែ​ឡើង​អំណាច​នៅ​លីបង់​នេះដែរ។

ផលប្រយោជន៍​ភូមិសាស្រ្តនយោបាយ​រវាង​បរទេស ទៅលើ​លីបង់​ជារឿងមួយ ។ ប៉ុន្តែ បើគេ​ចង់​បន្ទោស​មែនទែន គឺ​គេ​ត្រូវ​បន្ទោស ប្រព័ន្ធ បែងចែកអំណាច តែ រវាង​ក្រុម​ជន​មាន​អំណាច​តែ​មួយក្តាប់តូច ដែលបាន​ធ្វើ​ឲ្យ​លីបង់ លង់ខ្លួន ក្នុង អំពើពុករលួយ ស៊ីរូងជ្រៅ គ្រប់ជាន់ថ្នាក់ មិនថា រដ្ឋាភិបាល សមាជិក​សភា ឬ​ប៉ូលិស។ ដោយសារ​តែប្រព័ន្ធ​ បែងចែក អំណាច សព្វថ្ងៃ ផ្តល់ផល​សម្រាប់ ក្រុមបក្សពួក អ្នកមាន​អំនាច​មួយក្តាប់តូច នោះ ក្រុមទាំងនោះ នឹង​គ្មាន​ថ្ងៃ ចង់​បាត់បង់​ផលប្រយោជន៍​របស់ខ្លួន​នោះទេ។ ពួកគេ​ច្បាស់ជា​នៅតោង ស្អិត មិន​ឲ្យ​លីបង់ អាច​ចាកចេញពី​ប្រព័ន្ធ​ដឹកនាំដូច​សព្វថ្ងៃ។ អាច​ថា ដរាបណា លីបង់​នៅ​តែ​មានការបែងចែក​អំណាច​តែ​រវាង​មេដឹកនាំ​សាសនា មួយក្រុមតូច នោះ លីបង់​មិនងាយ​នឹង​ងើបចាកផុត​ពី​វិបត្តិ​ដ៏មហិមា​នោះទេ លើកលែង​តែ​បដិវត្ត​របស់​មហាជន ដែល​លែង​ចង់​បានមេកើយ​សាសនា​របស់​ខ្លួន ដឹកនាំ​លីបង់​តទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ