អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើប្រទេសលីបង់កំពុងបោះជំហានចូលទៅក្នុងសង្រ្គាមស៊ីវិលជាថ្មីឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​លីបង់ ព្រឹត្តិការណ៍​បាតុកម្ម​បង្ហូរ​ឈាម​ក្នុង​ថ្ងៃទី១៤ តុលា​បាន និង​កំពុង​រុញ​ប្រទេស​នៅ​តំបន់​ដើមបូព៌ា​មួយ​នេះ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សង្រ្គាមស៊ីវិល​ជា​ថ្មី។ ចំហាយ​សង្រ្គាមស៊ីវិល​ជា​ថ្មី​នេះ​បាន​ជះ​មក ក្រោយ​ពី​មាន​ស្លាប់​សកម្មជន​នៃ​ចលនា​ហេស្បូឡា និង​ចលនា​ឈីអ៊ីត​អាម៉ាល់​ចំនួន ៧នាក់​នៅ​ក្នុង​បាតុកម្ម​ថ្ងៃទី១៤ តុលា។ គឺ​ជា​បាតុកម្ម​ដែល​ចលនា​ទាំង​ពីរ​បាន​រៀបចំ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ចៅក្រម​ស៊ើបអង្កេត​លោក​តារេក ប៊ីតា​នៅ​ក្នុង​ករណី​ផ្ទុះ​កំពង់ផែ​ក្រុង​បេរូត​កាល​ពី​ខែ​សីហា ឆ្នាំ ២០២០។ ហេតុអ្វី​បាន​ជា​មាន​បាតុកម្ម​ប្រឆាំង​ចៅក្រម​លោក​តារេក ប៊ីតា និង​ថា តើ​រឿងរ៉ាវ​មួយ​នេះ​មិនមែន​ជា​ចន្លុះ​នៃ​ការ​បញ្ឆេះ​សង្រ្គាមស៊ីវិល​ជា​ថ្មី​នៅ​លីបង់​ទេ ឬ​យ៉ាង​ណា?

កងរថក្រោះ​ទាហាន​លីបង់​នៅ​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​រៀបចំ​ដោយ​ចលនា​ហេស្បូឡា និង​ចលនា​អាម៉ាល់​ក្នុង​ទីក្រុង​បេរូត​កាល​ពី​ថ្ងៃទី១៤ តុលា ២០២១។
កងរថក្រោះ​ទាហាន​លីបង់​នៅ​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​រៀបចំ​ដោយ​ចលនា​ហេស្បូឡា និង​ចលនា​អាម៉ាល់​ក្នុង​ទីក្រុង​បេរូត​កាល​ពី​ថ្ងៃទី១៤ តុលា ២០២១។ Joseph Eid AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​លីបង់ មាន​បញ្ហា​សឹង​គ្រប់​មុខ​ដែល​ប្រទេស​នៅ​តំបន់​ដើមបូព៌ា​មួយ​នេះ​បាន​ជួប​ប្រទះ និង​កំពុង​បន្ត​ជួប​ប្រទះ​តាំង​ពី ២ឆ្នាំ​មក​ដល់​សព្វថ្ងៃ។ បញ្ហា​ទាំង​នេះ​រួម​មាន វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​ហិរញ្ញវត្ថុ រូបិយប័ណ្ណ​ជាតិ​បាត់បង់​តម្លៃ ពលរដ្ឋ ៧៥% ធ្លាក់​ខ្លួន​ក្រ ការ​ជាប់គាំង​នយោបាយ និង​សោនាដកម្ម​នៃ​ការ​ផ្ទុះ​ផ្ទួនគ្នា​នៅ​កំពង់ផែ​ក្រុង​បេរូត​ក្នុង​ខែ​សីហា ឆ្នាំ ២០២០ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២១៥នាក់ របួស ៦ ៥០០នាក់ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ភាគ​របស់​ទីក្រុង។ គឺ​រឿងរ៉ាវ​នៅ​កំពង់ផែ​កាល​ពី​ជាង ១ឆ្នាំ​មុន​នេះ​ឯង​ដែល​បាន និង​កំពុង​រុញ​លីបង់​ឲ្យ​ស្គាល់​ក្លិន​សង្រ្គាមស៊ីវិល​ជា​ថ្មី​នៅ​ពេល​នេះ។

អ្វីៗ​បាន​ផ្តើម​ចេញ​ពី​ការ​ស៊ើបអង្កេត​របស់​ចៅក្រម​លោក​តារេក ប៊ីតា​ដើម្បី​វែក​មុខ​រក​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​ផ្ទុះ​នៅ​កំពង់ផែ​ក្នុង​ខែ​សីហា ឆ្នាំ ២០២០។ នៅ​ក្នុង​ការ​ស៊ើបអង្កេត ចៅក្រម​ប៊ីតា​បាន​ចោទ​ប្រកាន់​លើ​មនុស្ស​ចំនួន ១២នាក់ ក្នុង​នោះ​មាន​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ និង​សន្តិសុខ អតីត​រដ្ឋមន្រ្តី សមាជិក​សភា រួម​ទាំង​នាយក​សន្តិសុខ​ទូទៅ។ តែ​បញ្ហា​នៅ​ត្រង់​ថា មនុស្ស​ដែល​ចៅក្រម​ប៊ីតា​បាន​ចោទ​ប្រកាន់​ច្រើន​ជា​សមាជិក​របស់​ចលនា​ហេស្បូឡា និង​ចលនា​អាម៉ាល់។ អ៊ីចឹង​ហើយ​បាន​ជា​ចលនា​ទាំង​ពីរ​បាន​រៀបចំ​បាតុកម្ម​ក្នុង​ថ្ងៃទី១៤ តុលា​ដើម្បី​ប្រឆាំង និង​ទាមទារ​ឲ្យ​ដក​ចៅក្រម​ប៊ីតា​ដោយ​ដាក់​ជំនួស​ចៅក្រម​ថ្មី​វិញ។

នៅ​ម្ខាង ជា​ក្រុម​សកម្មជន​របស់​ពួក​ហេស្បូឡា និង​អាម៉ាល់​ដែល​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ដូច​គ្នា ហើយ​នៅ​ម្ខាង​ទៀត ជា​ក្រុម​សកម្មជន​របស់​កម្លាំង​លីបង់​ដែល​កាន់​សាសនាគ្រឹស្ត បាតុកម្ម​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា និង​ការ​បាញ់​សម្លាប់​មនុស្ស​ពី​ក្រុម​ប្រដាប់​អាវុធ​បិទមុខ​រហូត​មាន​ស្លាប់​បាតុករ​ចំនួន ៧នាក់ និង​របួស​ជា​ច្រើន​នាក់។ ព្រឹត្តិការណ៍​មួយ​នេះ​ត្រូវ​បាន​កម្លាំងលីបង់​របស់​លោក​សាមៀរ យ៉ាយ៉ា និង​ចលនា​ហេស្បូឡា​ដែល​រួម​ដៃ​ជា​មួយ​ចលមា​អាម៉ាល់​ចង្អុល​មុខ​គ្នា និង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ ក្រោយ​បាតុកម្ម​បង្ហូរ​ឈាម សង្រ្គាម​ពាក្យ​សម្តី​នៅ​បន្ត​មាន​យ៉ាង​ផុសផុល​ដោយ​ពួក​ហេស្បូឡា និង​ពួក​អាម៉ាល់​បន្ត​ទាមទារ​ឲ្យ​ដក​ចៅក្រម​ប៊ីតា។

ចំណែក​កម្លាំងលីបង់​របស់​លោក​សាមៀរ យ៉ាយ៉ា​បន្ត​ការពារ​ចៅក្រម​ប៊ីតា និង​ចោទ​ពួក​ហេស្បូឡា រួម​ទាំង​ពួក​អាម៉ាល់​ពី​បទ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​តុលាការ។ តាម​ពិត​ទៅ ពួក​ហេស្បូឡា​បារម្ភ​ខ្លាច​គូប្រជែង​នយោបាយ​ផ្ទៃក្នុង និង​សត្រូវ​ក្នុង​តំបន់​របស់​ខ្លួន​យក​រឿង​ស៊ើបអង្កេត​លើ​ករណី​ផ្ទុះ​នៅ​កំពង់ផែ​ក្រុង​បេរូត​ធ្វើ​ជា​លេស​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ចុះ​ខ្សោយ និង​ឯកោ​ផ្លូវ​នយោបាយ។ ការ​បារម្ភ​ខ្លាច​នេះ​ក៏​ដោយសារ​តែ​ពួក​ហេស្បូឡា​ធ្លាប់​បាន​ជួប​ប្រទះ​ម្តង​នៅ​ក្នុង​ឃាតកម្ម​សម្លាប់​អតីត​នាយករដ្ឋមន្រ្តី​រ៉ាហ្វិក ហារីរី​កាល​ពី​ឆ្នាំ ២០០៥។ មែនទែន​ទៅ រឿង​ផ្ទុះ​នៅ​កំពង់ផែ​ក្រុង​បេរូត​កាល​ពី​ជាង ១ឆ្នាំ​មុន រួម​ទាំង​ការ​ស៊ើបអង្កេត​លើ​រឿង​នេះ​មិន​គួរ​មាន​ការ​លូកដៃ​ពី​អ្នកនយោបាយ​ទេ ទោះ​ជា​អ្នក​នយោបាយ​នោះ​មក​ពី​គណបក្ស ឬ​ចលនា​ណា និង​ប្រកាន់​យក​សាសនា​មួយ​ណា​ក៏​ដោយ។

ម្យ៉ាង​ទៀត រឿងរ៉ាវ​ដដែល​មួយ​នេះ​គួរ​ណាស់​តែ​ត្រូវ​បាន​ភាគី​ផ្ទៃក្នុង​ទាំង​អស់​ចូលរួម និង​រួម​សហការ​គ្នា​ដោះស្រាយ​ដើម្បី​ស្វែង​រក​ការ​ពិត ពិសេស​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំង ២១៥នាក់។ តែ​អ្វី​ដែល​គេ​កំពុង​សំឡឹង​ឃើញ​ពេល​នេះ គឺ​ភាគី​ផ្ទៃក្នុង​បែរ​ជា​បាន​នាំ​គ្នា​យក​រឿង​រ៉ាវ​មួយ​នេះ​ដើម្បី​បន្ត​ប្រជែង​កម្លាំង​គ្នា​ក្នុង​ផ្លូវនយោបាយ​ទៅ​វិញ​ដោយ​ពាក់​ស្លាក​សាសនា​រៀងៗ​ខ្លួន​រវាង​សាសនា​អ៊ីស្លាម និង​សាសនា​គ្រឹស្ត។ បើ​រូបភាព​នេះ​មិនមែន​ជា​រូបភាព​នៃ​ការ​ដាស់​សង្រ្គាម​ស៊ីវិល​ជា​ថ្មី​ដូច​ដែល​លីបង់​បាន​ឆ្លង​កាត់​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៩០ ទេ តើ​វា​ជា​រូប​ភាព​អ្វី​ទៅ ព្រោះ​ចូរ​កុំ​ភ្លេច​ថា រឿងរ៉ាវ​ដែល​លីបង់​កំពុង​ជួប​ប្រទះ​ពេល​នេះ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ការ​មាន​គ្រឿងគ្រៅ​គ្រប់គ្រាន់​ដើម្បី​អាច​ស្ល​សម្ល​កកូរ​មួយ​ឆ្នាំង​ធំ។

សម្ល​កកូរ​ដែល​គេ​ចង់​និយាយ​នេះ គឺ​ការ​ឈាន​ទៅ​ផ្ទុះ​សង្រ្គាមស៊ីវិល​ជា​ថ្មី​នេះ​ឯង។ ពិត​ណាស់​រហូត​មក​ដល់​ពេល​នេះ ភាគី​ជម្លោះ​ផ្ទៃក្នុង​នីមួយៗ​បាន​ព្យាយាម​អះអាង​ពី​ការ​បញ្ជៀស​មិន​ឲ្យ​លីបង់​ផុង​ខ្លួន​ជា​ថ្មី​ទៅ​ក្នុង​សង្រ្គាមស៊ីវិល​ទេ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ភាគី​ជម្លោះ​ទាំង​ពីរ​ដែល​ពឹង​លើ​បរទេស​ដូច​គ្នា និង​មាន​និន្នាការ​សាសនា​ខុស​គ្នា​ពិបាក ឬ​គ្មាន​ថ្ងៃ​ផ្សះផ្សា​គ្នា​បាន​ឡើយ ទោះ​បី​ជា​ពួក​គេ​បាន​ព្យាយាម​ធ្វើ​ការ​ជាមួយ​គ្នា​ក៏​ដោយ។ ត្រង់​ចំណុច​នេះ ប្រជាជន​លីបង់​ពិត​ជា​បាន​យល់​ច្បាស់ណាស់ និង​បាន​ចោទ​ជា​សំណួរ​ថា តើ​វា​មិន​យឺត​ពេល​ពេក​ទេ​ដឹង​ដើម្បី​បញ្ជៀស​សង្រ្គាមស៊ីវិល​ជា​ថ្មី?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ